សម្ដេច ហ៊ុន សែន ណែនាំឲ្យ «ឧកញ៉ា» ទាំងអស់រក្សាភាពថ្លៃថ្នូរ ត្រូវគោរពច្បាប់ ជៀសវាងការធ្វើឲ្យមានការថ្នាំថ្នាក់ពីមហាជន

ភ្នំពេញ៖ «ឧកញ៉ាទាំងអស់ត្រូវរក្សានូវសេចក្ដីថ្លៃថ្នូររបស់ខ្លួនឲ្យសមនឹងងារដែលត្រូវទទួលបានពីព្រះមហាក្សត្រ»។ សម្ដេចបន្តថា គោរមងារឧកញ៉ា ជាគោរពងារដ៏ខ្ពស់មានសេចក្ដីថ្លៃថ្នូរមួយដែលទទួលបាននូវការតែងតាំងពីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ នេះជាការណែនាំសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក្នុងពិធីប្រកាសជាផ្លូវការសមាគមឧកញ៉ាកម្ពុជាកាលពីល្ងាចថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣។

នាឱកាសនោះ សម្ដេចនាយករដ្ឋមន្ត្រីបានស្នើឲ្យឧកញ៉ាទាំងអស់ត្រូវរក្សានៅគោរមងារនេះដោយសេចក្ដីថ្លៃថ្នូរ ត្រូវគោរពច្បាប់ជៀសវាងការធ្វើឲ្យមានការថ្នាំថ្នាក់ពីមហាជន។

ជាមួយគ្នានេះសម្ដេច ហ៊ុន សែន ក៏បានជំរុញទៅដល់ឧកញ៉ាទាំងអស់ចូលរួមជាមួយនឹងរាជរដ្ឋាភិបាលក្នុងការរួមចំណែកអភិវឌ្ឍន៍សង្គមជាតិ ពិសេសក្នុងបេសកកម្មកាត់បន្ថយភាពក្រីក្រ ទ្រទ្រង់ខឿនសេដ្ឋកិច្ចជាតិ ការពារប្រយោជន៍ជាតិមាតុភូមិតាមរយៈការបង្កើតធុរកិច្ចបន្ថែមឬទាក់ទាញធុរកិច្ចឬសមាគមវិនិយោគបរទេសធំៗឲ្យមកបណ្ដាក់ទុនវិនិយោគនៅកម្ពុជាឲ្យបានកាន់តែច្រើនបន្ថែមទៀត។

សម្ដេចតេជោក៏ជំរុញឲ្យចូលរួមឲ្យបានសកម្មជាមួយនឹងការធ្វើទំនើបកម្មនិងជំរុញភាពធុននៃសេដ្ឋកិច្ចតាមរយៈការជំរុញនៅបច្ចេកវិទ្យាវិទ្យាសាស្រ្តនិងនាវានុវត្តន៍ទាំងក្នុងវិស័យផលិតកម្មនិងសេវាកម្ម ស្របតាមបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤ ព្រមទាំងចូលរួមលើកកម្ពស់ទំនួលខុសត្រូវសង្គមរបស់សាជីវកម្មឲ្យកាន់តែច្រើនថែមទៀត។

សម្ដេចតេជោ ហ៊ុន សែន ក៏បានណែនាំឲ្យក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាសហការជិតស្និតជាមួយនឹងក្រសួងស្ថាប័នពាក់ព័ន្ធធ្វើជាដៃគូដ៏ល្អជាមួយនឹងសមាគមឧកញ៉ាកម្ពុជាដើម្បីសម្រេចបាននូវផែនការសកម្មភាពបីឆ្នាំរំកិលដែលបានកំណត់ក្នុងអនុសារណៈនៃការយោគយល់គ្នារវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានិងសមាគមឧកញ៉ាកម្ពុជា។

សម្ដេចតេជោសង្ឃឹមថា សមាគមឧកញ៉ាកម្ពុជានិងក្លាយជាថ្នាលសាបព្រួស និងជាមូលដ្ឋានគ្រឹះនៃបណ្ដាទំនាក់ទំនងសហការដៃគូធុរកិច្ចនិងវិនិយោគធំៗនៅកម្ពុជាព្រមទាំងជាដៃគូមិនអាចខ្វះបានរបស់រាជរដ្ឋាភិបាលក្នុងការបង្កើតតួនាទីរបស់កម្ពុជាឲ្យកាន់តែខ្ពស់លើឆាកអន្តរជាតិ។

គួរជម្រាបជូនផងដែរថា កាលពីពេលថ្មីៗកន្លងទៅនេះ មានរឿងអសោចជាច្រើនពាក់ព័ន្ធជាមួយក្រុមឧកញ៉ាមួយចំនួនដូចជា៖

*ក្រុមឧកញ៉ា ជា សារ៉ន និងបក្ខពួកជិត១០នាក់ ត្រូវបានឃុំខ្លួន ពាក់ព័ន្ធករណីឆបោក ប្រជាពលរដ្ឋជាង២ពាន់គ្រួសារ សរុបជាទឹកប្រាក់ជិត៤០លានដុល្លារ ក្រោមរូបភាព វិនិយោគដីឡូតិ៍ នៅលើទឹកដីនៃខេត្តកំពត។

*ប្រជាពលរដ្ឋប្រមាណ៩៦នាក់ បានអះអាងថា ពួកខ្លួនបានចាញ់បោក ឧកញ៉ា នួន អក សរុបទឹកប្រាក់ប្រមាណ ១,២៥៤,៥៩៩ ដុល្លារ ដែលមានទីតាំងដីឡូត៍ នៅគម្រោងកំពតឋានសួគ៌ ស្ថិតក្នុងភូមិអង្គ ឃុំត្រពាំងព្រីង ស្រុកទឹកឈូ និងនៅគម្រោងកំពតហ្វរែស ក្នុងភូមិមានរិទ្ធ ឃុំកណ្តោល ស្រុកទឹកឈូ ខេត្តកំពត លើការទិញលក់ដីឡូត៍ ដែលមានលោកឧកញ៉ា នួន អក ជាម្ចាស់គម្រោង មិនព្រមចេញមុខមកទទួលខុសត្រូវ និងគោរពតាមកិច្ចសន្យា។

ហើយហើយថ្មីៗទៀតសោត ប្រជាពលរដ្ឋបានដាក់ពាក្យប្ដឹង​ក្រុមហ៊ុនពិភព​ដីមាសដែល​មានអ្នកឧកញ៉ា​សាស្ត្រាចារបណ្ឌិត​ ហ៊ី គឹម​ហុង​ អគ្គ​នាយក​ក្រុម​ហ៊ុន​​ ផ្ញើជូន​លោក​ មៅ ច័ន្ទមធុរិទ្ធ ស្នងការ​នគរបាល​ខេត្ត​កំពត​ឲ្យជួយអន្តរាគមន៍រកយុត្តិធម៌៕

អត្ថបទដែលជាប់ទាក់ទង