«កម្ពុជា» ជាប្រទេសដែលមានអារ្យធម៌ឧត្តុង្គឧត្តម និងធ្លាប់ស្គាល់នូវភាពរុងរឿងថ្កុំថ្កើងឡើងដល់កំពូលក្នុងសម័យអង្គរ
កំពង់ចាម៖ «ប្រទេសកម្ពុជា ជាប្រទេសដែលមានអារ្យធម៌ឧត្តុង្គឧត្តម និងធ្លាប់ស្គាល់នូវភាពរុងរឿងថ្កុំថ្កើងឡើងដល់កំពូលក្នុងសម័យអង្គរ ហើយក៏ធ្លាប់បានធ្លាក់ខ្លួនឆ្លងកាត់សង្គ្រាមទុក្ខសោកក្នុងសម័យកាលបន្តបន្ទាប់ បន្តរហូតមកដល់សម័យសង្គ្រាមលន់នល់ និងសម័យប៉ុលពត ដែលបានទម្លាក់សម័យកាលដ៏រុងរឿងក្នុងសម័យសង្គមរាស្ត្រនិយម។ ប៉ុន្តែបច្ចុប្បន្ននេះ ប្រទេសជាតិយើងបានឆ្លងរួចផុតពីវិនាសកម្មសង្គ្រាមរ៉ាំរ៉ៃ និងទុក្ខលំបាកវេទនាទាំងឡាយទាំងពួង ហើយក៏កំពុងស្ថិតនៅលើមាគ៌ាអភិវឌ្ឍន៍រីកចម្រើនទៅមុខ ដោយបានគុណបំណាច់របស់គណបក្សប្រជាជនកម្ពុជា ដែលបានរំដោះប្រទេសឱ្យរួចផុតពីរបបប៉ុលពត និងនាំមកនូវសន្តិភាពពេញលេញ និងឯកភាពទឹកដីតាមរយៈនយោបាយឈ្នះ-ឈ្នះ ដែលអាចប្រសិទ្ធនាមថាបានថាជា “សម័យតេជោសន្តិភាព”»។
ការថ្លែងរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសិក្សា អគារទីចាត់ការ និងបណ្ណាល័យ នៅសាលាបឋមសិក្សាព្រៃទទឹង ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម នៅថ្ងៃចន្ទ ទី១២ ខែមិថុនា ឆ្នាំ២០២៣។
នាឱកាសនោះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងបន្តថា នៅក្រោមបរិយាកាសនៃសុខសន្តិភាព និងស្ថិរភាព ជាពិសេសនៅក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលបច្ចុប្បន្ន ដែលមានចក្ខុវិស័យវែងឆ្ងាយ និងគោលនយោបាយច្បាស់លាស់ រួមជាមួយនឹងការតម្កល់ផលប្រយោជន៍ជាតិជាធំ, សមិទ្ធផល និងគម្រោងអភិវឌ្ឍជាច្រើនបានកកើតឡើងនៅទូទាំងប្រទេស ហើយក៏នឹងបន្តរីកដុះដាលបន្ថែមទៀតឥតឈប់ឈរបន្តទៅអនាគត។
ឯកឧត្តមបណ្ឌិតបន្តថា ជាក់ស្តែងគម្រោងអភិវឌ្ឍសំខាន់ៗចំនួន ៣ ដែលអាចនឹងផ្តល់ផលប្រយោជន៍ដោយផ្ទាល់សម្រាប់អ្នកខេត្តកំពង់ចាម និងប្រជាជននៅទូទាំងប្រទេស ក្នុងនោះរួមមាន៖ ១. គម្រោងពង្រីកផ្លូវជាតិលេខ ៧, ២. គម្រោងស្ពានតភ្ជាប់កំពង់ធំ-កំពង់ឆ្នាំង និង ៣. គម្រោងជាប្រវត្តិសាស្ត្រតភ្ជាប់ទន្លេទៅសមុទ្រ “ព្រែកជីកហ្វូណនតេជោ” ដែលជាគម្រោងប្រវត្តិសាស្ត្រលើកទី១ ក្នុងវិស័យដឹកជញ្ជូនតាមផ្លូវទឹករបស់កម្ពុជា ដើម្បីកាត់បន្ថយថ្លៃដើមដឹកជញ្ជូនទំនិញ និងទេសចរណ៍ ដោយនឹងផ្តល់ផលប្រយោជន៍យ៉ាងច្រើនសម្រាប់សេដ្ឋកិច្ចជាតិ។
ជាមួយគ្នានោះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងទៀតថា សូមចូលរួមរីករាយអបអរសាទរចំពោះសមិទ្ធផលជាច្រើន ដែលបានកកើតឡើងនៅក្នុងសាលាបឋមសិក្សាព្រៃទទឹង ដោយបានបង្ហាញឱ្យឃើញនូវលទ្ធផលនៃការដាំក្នុងសាលាផ្លែផ្កានៅក្នុងសង្គមក្រោមម្លប់នៃសន្តិភាព ពីព្រោះធនធានមនុស្សដែលធ្លាប់រៀនសូត្រនៅក្នុងសាលានេះ បានរីកដុះដាលទទួលជោគជ័យទាំងក្នុងការសិក្សាកម្រិតឧត្តមសិក្សា និងអាជីពការងារ ហើយបានត្រឡប់មកអភិវឌ្ឍសាលាបឋមសិក្សាដើមកំណើតវិញ សម្រាប់ជាមូលដ្ឋានក្នុងការបន្តបណ្តុះបណ្តាលធនធានមនុស្សថ្មីបន្ថែមទៀត។
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងបន្ថែមថា សមិទ្ធផលដែលសម្ពោធក្នុងថ្ងៃនេះ គឺសម្រាប់អ្នកព្រៃទទឹងផ្ទាល់ ក៏ដូចជាសម្រាប់បណ្តុះបណ្តាលធនធានមនុស្ស ដែលនឹងត្រូវចូលរួមអភិវឌ្ឍប្រទេសជាតិនៅក្នុងពេលខាងមុខបន្តទៀត៕