នៅទីបំផុត, តុលាការរាជធានីភ្នំពេញសម្រេចចោទប្រកាន់ប្ដីប្រពន្ធជនជាតិចិន ម្ចាស់គ្លីនិក«ប៉ខាង» ពីបទ «ឃាតកម្មដោយមានទារុណកម្ម»

ភ្នំពេញ៖ អ្នកនាំពាក្យរបស់ស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក ប្លង់ សុផល នៅរសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣នេះ បានបញ្ជាក់ថា «ក្រោយបើការស៊ើបសួរ តំណាងអយ្យការបានសម្រេចចោទប្រកាន់លើជនជាតិចិន២នាក់ប្តីប្រពន្ធ រួមមានឈ្មោះ LAI WENSHAO អាយុ៣០ឆ្នាំ​ ជាប្តី និងឈ្មោះ CAI HUIJUAN អាយុ៣៩ឆ្នាំ​ ជាប្រពន្ធ ពីបទ ឃាតកម្មដោយមានទារុណកម្ម។

បន្ទាប់ពីចោទប្រកាន់ ជនជាតិចិនត្រូវជាប្តី និងប្រពន្ធនេះ នឹងត្រូវបន្តបញ្ជូនសំណុំរឿង រួមទាំងវត្ថុតាង ទៅកាន់ចៅក្រមស៊ើបសួរបន្តទៀត ដើម្បីបន្តនីតិវិធី។

គួររំលឹកថា កម្លាំងនៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានសហការជាមួយនគរបាលខេត្តកណ្តាល និងរាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវឈានដល់ការបង្ក្រាបដោយចាប់ខ្លួន២នាក់ប្ដីប្រពន្ធជនជាតិចិន ជាម្ចាស់គ្លីនិកព្យាបាលជំងឺយីហោ «ប៉ខាង» ដែលយកសពអ្នកជំងឺជនជាតិកូរ៉េ ដែលស្លាប់ក្នុងគ្លីនិកខ្លួនរុំកន្ទេល បោះចោលនៅចំណុចភូមិឆ្មាពួន ឃុំជើងកើប ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល កាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣។

តាមរបាយការណ៍ឲ្យដឹងថា ដោយមានការចង្អុលបង្ហាញពី នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿង អគ្គស្នងការនគរបាលជាតិ, លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, កម្លាំងនគរបាលជំនាញ បានបើកការស្រាវជ្រាវ និងបង្ក្រាប ក្រោមការដឹកនាំដោយ ឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន និងលោកវរសេនីយ៍ឯក ហែម បូណា អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដោយសហការជាមួយស្នងការដ្ឋាននគរបាលខេត្តកណ្ដាល និងស្នងការដ្ឋាននគររាជធានីភ្នំពេញ​ ស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យ២នាក់​ ដែលជាម្ចាស់​គ្លីនិកពិគ្រោះជំងឺ «ប៉​ខាង​»។

ជនសង្ស័យប្ដីប្រពន្ធបានសារភាពថា​ កាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ១៧៖៥៤នាទី ជនរងគ្រោះឈ្មោះ BYIN A YEONG អាយុ៣៣ឆ្នាំ ជនជាតិកូរ៉េ បានចូលមកសម្រាកព្យាបាល នៅគ្លីនិករបស់ខ្លួនដោយចាក់សេរ៉ូម ប្រភេទ SHENG LI YAN SHUI អស់ចំនួន០២ប្លោក ស្រាប់តែធ្វើជនរងគ្រោះប្រកាច់ស្លាប់នៅក្នុងគ្លីនិករបស់ពួកខ្លួន។ ឃើញដូច្នេះជនសង្ស័យដែលជាម្ចាស់គ្លីនិក ក៏បានរៀបចំយកសាកសពជនរងគ្រោះរុំកន្ទេល ពណ៌ក្រហម នឹងចងខ្សែ ដឹកសាកសពជនរងគ្រោះ តាមមធ្យោបាយរថយន្តម៉ាក Prius ពណ៌ខៀវ ផលិតឆ្នាំ2007 ពាក់ស្លាកលេ ភ្នំពេញ 2BR-9717 ចេញពីគ្លីនិករបស់ខ្លួនដែលមានអាស័យដ្ឋាននៅ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ឆ្ពោះទៅព្រែកហូរ ផ្លូវជាតិលេខ២ ចុះតាមខ្លោងទ្វារ បុរីកាំងម៉េង ទៅទម្លាក់ចោលក្បែរមាត់លូ ស្ថិតនៅភូមិឆ្មាពួន ឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្ដកណ្ដាលតែម្តង៕

អត្ថបទដែលជាប់ទាក់ទង