នៅខណ្ឌពោធិ៍សែនជ័យមានករណីបុរស២នាក់ត្រូវជនបង្កដែលជាម្ចាស់ឃ្លាំងនិងកូនចៅព្រួតវាយឲ្យរងរបួសធ្ងន់

ភ្នំពេញ៖ ម្នាក់បាក់ម្រាមដៃ និងម្នាក់ទៀតផុងលលាក្បាល ក្នុងករណីអំពើហិង្សាដែលត្រូវបានគេព្រួតវាយ កាលពីយប់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ នៅក្នុងភូមិ​ត្រពាំង​ល្វា​ សង្កាត់​កាកាប​ទី១​​ ខណ្ឌ​ពោធិ៍​សែនជ័យ​​​​​ រាជធានីភ្នំពេញ​។ នេះបើតាមប្រភពដែលបណ្ដាញសារព័ត៌មាន The Mirror News ទទួលបាននៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣។

ប្រភពព័ត៌មានបានឲ្យដឹងថា ករណីផ្ទុះហិង្សានេះកើតឡើងនៅម៉ោងប្រមាណ៩យប់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ បង្កឡើងដោយម្ចាស់ឃ្លាំងគ្រឿងជ័រស្នោ និងកូនចៅរបស់គេ មានគ្នាប្រមាណជាង ១០នាក់ បានព្រួតគ្នាវាយលើបុរសពីរ ដែលជាអ្នកជិតខាងនឹងគ្នា ព្រោះទំនាស់រឿងថយឡានដឹកឥវ៉ាន់ពេញផ្លូវ ពិបាកដល់ប្រជាពលរដ្ឋធ្វើដំណើរចេញចូលផ្ទះ។

បើតាមប្រភពព័ត៌មានបានបន្តថា ដំបូងឡើយជនរងគ្រោះទាំង២នាក់នៅក្នុងផ្ទះធម្មតា ក្រោយមកពេលឃើញម្ចាស់ឃ្លាំងនោះ ចតរថយន្តដល់ ៣គ្រឿងធំៗទន្ទឹមគ្នា ដែលពិបាកក្នុងការចេញចូលផ្ទះ ក៏សុំឲ្យយករថយន្ត១គ្រឿងចេញ ដើម្បីឲ្យងាយស្រួលចេញចូលផ្ទះ ប៉ុន្តែម្ចាស់ឃ្លាំងនោះមិនព្រមយកចេញ ក៏កើតជាទំនាស់ឈានដល់ការព្រួតវារហូតដល់រងរបួសធ្ងន់។

ប្រភពព័ត៌មានបានឲ្យដឹងទៀតថា ជនរងគ្រោះ៖ ទី១-ឈ្មោះ ឈុន វុទ្ធី ជាគ្រូបង្រៀននៅសាលាពោធិ៍ចិនតុង បានរងរបួសបាក់ម្រាមដៃ និងទី២-ឈ្មោះ យ៉ាវ វាសនា ជាអ្នកសារព័ត៌មាន រងរបួសស្រាំលលាក្បាល។

ទន្ទឹមគ្នានោះ ជនរងគ្រោះបានសំណូមពរឲ្យអាជ្ញាធរមានសមត្ថកិច្ច ជួយផ្តល់យុត្តិធម៌ឲ្យពួកគាត់ផង និងអំពាវនាវដល់អាជ្ញាធរ ពិនិត្យមើលករណីឃ្លាំងទំនិញនេះផងដែរ ព្រោះបង្កការរំខានសម្រាប់ការរស់នៅរបស់ពួកគាត់យ៉ាងខ្លាំងជាប្រចាំ ទាំងការលើកដាក់ទំនិញ និងការចតរថយន្ត។ កាលពីកន្លងទៅឃ្លាំងទំនិញនេះ ក៏ធ្លាក់កើតមានគ្រោះអគ្គិភ័យផងដែរ ដូច្នេះជាក្តីបារម្ភរបស់ប្រជាពលរដ្ឋ បើសិនមានគ្រោះអគ្គិភ័យកើតឡើងទៀត៕

អត្ថបទដែលជាប់ទាក់ទង