បណ្ឌិត ហ៊ុន ម៉ាណែត៖ ចំពោះការលើកកម្ពស់វិស័យការងារគឺត្រូវឈរលើកត្តាចំនួន៣សំខាន់គឺ «បរិមាណ គុណភាព និងសមធម៌»
ភ្នំពេញ៖ «ចំពោះការលើកកម្ពស់វិស័យការងារ គឺត្រូវឈរលើកត្តាចំនួន ៣ សំខាន់ គឺ បរិមាណ គុណភាព និងសមធម៌៖ ទី១.បរិមាណ សំដៅដល់ការរុញការវិនិយោគឱ្យទៅដល់មូលដ្ឋាន ដើម្បីបង្កភាពងាយស្រួល និងកាត់បន្ថយការចំណាយលើការធ្វើដំណើរ និងការរស់នៅរបស់កម្មករ-និយោជិត; ទី២.គុណភាព សំដៅទៅលើប្រភេទនៃការវិនិយោគ ឬការធ្វើអាជីវកម្មដែលមានយុទ្ធសាស្ត្រច្បាស់លាស់ និងភាពយូរអង្វែង, ការផ្តល់ឱកាសដល់កម្មករ-និយោជិតទទួលបានបៀរវត្ស និងអត្ថប្រយោជន៍ល្អប្រសើរ ព្រមទាំងមានលទ្ធភាពបង្កើនសមត្ថភាព និងចំណេះដឹងកាន់តែខ្ពស់, ការការពារសិទ្ធិ និងការយកចិត្តទុកដាក់លើសុខមាលភាពរបស់កម្មករ-និយោជិត, ការយកចិត្តទុកដាក់ទៅលើបរិស្ថាន និងសហគមន៍ និងការចូលរួមពង្រឹង និងលើកកម្ពស់ប្រសិទ្ធភាព និងផលិតភាពការងារ តាមរយៈការនាំមកនូវបច្ចេកវិទ្យាទំនើបថ្មីៗនិងទី៣.សមធម៌ សំដៅទៅលើការថែរក្សានូវសុខដុមនីយកម្ម នៃទំនាក់ទំនងរវាងនិយោជក និងនិយោជិត ដែលប្រៀបបាននឹងប្តីប្រពន្ធ ហើយរាជរដ្ឋាភិបាលប្រៀបដូចជាឪពុកម្តាយ-អាណាព្យាបាល ដោយក្នុងនេះចាំបាច់ត្រូវយកចិត្តទុកដាក់លើកការគាំពារសិទ្ធ, អត្ថប្រយោជន៍ និងការពង្រឹងការទទួលខុសត្រូវរបស់ភាគីនិយោជក និងនិយោជិត ក្នុងក្របខ័ណ្ឌច្បាប់»។
ការថ្លែងបញ្ជាក់របស់ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣នេះ ក្នុងពិធីសំណេះសំណាលជាមួយប្រធានរដ្ឋបាល និងប្រធានផ្នែករបស់រោងចក្រ-សហគ្រាស មកពីខេត្តកំពង់ចាម, កំពង់ឆ្នាំង, កំពង់ស្ពឺ, កណ្តាល និងតាកែវ។
នាឱកាសនោះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់បន្ថែមថា ពិតណាស់ ក្នុងនាមជាអាណាព្យាបាល, រាជរដ្ឋាភិបាលបានខិតខំបំពេញនូវកិច្ចការជាច្រើន ជាអាទិ៍៖ទី១.បានខិតខំបង្កើតការងារតាមរយៈការទាក់ទាញ និងបង្កលក្ខណៈដល់អ្នកវិនិយោគ ដើម្បីឱ្យពួកគេមកបណ្តាក់ទុននៅកម្ពុជា ជាប្រយោជន៍ដើម្បីជីវភាពផ្ទាល់របស់ប្រជាពលរដ្ឋ និងសេដ្ឋកិច្ចជាតិ;ទី២. បានផ្តល់ការឧបត្ថម្ភគាំទ្រដល់អ្នកវិនិយោគ និងកម្មករ-និយោជិត តាមរយៈការដាក់ចេញនូវគោលនយោបាយអនុគ្រោះ និងលើកទឹកចិត្តដល់ការប្រកបធុរកិច្ចរបស់អ្នកវិនិយោគ ក៏ដូចជាគោលនយោបាយគាំពារសង្គមបម្រើឱ្យសុខុមាលភាពរបស់កម្មករ-និយោជិត។
មួយវិញទៀត ការខិតខំប្រឹងប្រែងបំពេញការងាររបស់ប្រធានរដ្ឋបាល និងប្រធានផ្នែកនៅតាមរោងចក្រ-សហគ្រាស គឺអាចជាគុណតម្លៃមួយដ៏សំខាន់ក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការជំរុញការអភិវឌ្ឍវិស័យឧស្សាហកម្មនៅកម្ពុជា តាមរយៈការជួយដល់វិនិយោគិនក្នុងការពង្រីកគម្រោងវិនិយោគដែលមានស្រាប់ឱ្យកាន់តែរីកចម្រើន និងការទាក់ទាញវិនិយោគិនថ្មីៗមកបន្ថែមទៀត។ នេះជាការបញ្ជាក់បន្ថែម របស់លោកបណ្ឌិត ហ៊ុន ម៉ាណែត។
ជាមួយគ្នានោះ ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថា សម្តេចតេជោនាយករដ្ឋមន្ត្រី បានចុះជួបផ្ទាល់ជាមួយកម្មករ-និយោជិត គឺដើម្បីដឹងសុខទុក្ខជាក់ស្តែង និងដើម្បីដោះស្រាយបញ្ហា ព្រមទាំងសំណូមពរផ្សេងៗ ពីព្រោះនេះ គឺជាទម្លាប់ការងាររបស់ សម្តេចតេជោ តាំងពីដើមរៀងមក។
ឯកឧត្តមបណ្ឌិតបន្ដថា ទម្លាប់ចុះមូលដ្ឋាន គឺជាការត្រួតពិនិត្យប្រសិទ្ធភាពគោលនយោបាយ សំដៅកែលម្អបំពេញបន្ថែមចំណុចខ្វះខាត និងសម្រេចចិត្ត ឲ្យចំគោលដៅ តាមរយៈការជួបសាកសួរផ្ទាល់ ជាមួយនឹងអ្នកទទួលផលជាក់ស្តែងពីគោលនយោបាយដែលបានដាក់ចេញនីមួយៗ។ បើទោះបីជា សម្តេចតេជោ មានភារកិច្ចរវល់មមាញឹកយ៉ាងណាក៏ដោយគឺទម្លាប់ចុះផ្ទាល់នៅមូលដ្ឋានបែបនេះ គឺជារបៀបរបបការងាររបស់លោក ដោយឈរលើឆន្ទៈ និងមនសិការនៃផលប្រយោជន៍ជាតិ និងប្រជាជនគ្រប់ពេលវេលា។
ទន្ទឹមគ្នានោះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងថា ទិសស្លោក «អតីតកាលឈឺចាប់ បច្ចុប្បន្នស៊ូយ៉ាប់ ដើម្បីអនាគតរុងរឿង» គឺជាមាគ៌ាសំខាន់ក្នុងការអភិវឌ្ឍប្រទេស ដែលមានគោលដៅធ្វើឲ្យប្រជាជន មានជីវិតរស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរ តាមរយៈការផ្តល់នូវសិទ្ធិសេរីភាព, ជីវភាព, សុខសន្តិភាព និងសេចក្តីសុខសុភមង្គល ព្រមជាមួយនឹងឱកាសគ្រប់បែបយ៉ាង ក្នុងការរៀបចំផែនការជីវិតសម្រាប់អនាគតរបស់ខ្លួន។ រាជរដ្ឋាភិបាល បានខិតខំបង្កលក្ខណៈតាមគ្រប់លទ្ធភាព ដើម្បីធ្វើយ៉ាងឲ្យប្រជាពលរដ្ឋអាចបំពេញនូវសក្តានុពល និងសម្រេចនូវក្តីស្រមៃរបស់ខ្លួន តាមរយៈការដាក់ចេញនូវគោលនយោបាយរបបសេដ្ឋកិច្ចទីផ្សារសេរី, កម្មសិទ្ធិឯកជន, ការលើកកម្ពស់វិស័យអប់រំ និងការទាក់ទាញការវិនិយោគ ដើម្បីបង្កើនឱកាសការងារជូនដល់ប្រជាជន៕