ឯកឧត្ដម ហ៊ុន ម៉ានី ៖ «សុខភាព គឺជាកត្តាមួយដ៏សំខាន់សម្រាប់មនុស្សគ្រប់រូបនៅលើពិភពលោកទាំងមូល»

ព្រៃវែង៖ «សុខភាព គឺជាកត្តាមួយដ៏សំខាន់សម្រាប់មនុស្សគ្រប់រូបនៅលើពិភពលោកទាំងមូល»។ នេះជាការថ្លែងរបស់ឯកឧត្តម ហ៊ុន ម៉ានី តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ស្ពឺ និងជាប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គចិត្តក្នុងពិធីចុះអប់រំសុខភាព វគ្គសង្គ្រោះបឋម យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ព្រមទាំងពិនិត្យជំងឺជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ ស្ថិតក្នុងឃុំព្រែកសំបួរ ស្រុក ពាមជរ ខេត្តព្រៃវែង នាថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣។

នាឱកាសនោះ ឯកឧត្តម ហ៊ុន ម៉ានី បានបន្តថា ការចុះអប់រំសុខភាព វគ្គសង្គ្រោះបឋម យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ព្រមទាំងពិនិត្យជំងឺជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃនេះ គឺជាស្មារតីមនុស្សធម៌ សុទ្ធសាធដែលស្តែងចេញពីសេចក្ដីស្រឡាញ់បងប្អូនប្រជាពលរដ្ឋក្នុងនាមជាឈាមជ័រខ្មែរដូចគ្នា ខ្មែរស្រឡាញ់ខ្មែរ ខ្មែររួបរួមគ្នាតែមួយ អនាគតតែមួយ ពោលគឺការព្យាបាលមិនប្រកាន់បក្សពួក សាសនា ឬនិន្នាការនយោបាយ ណាមួយឡើយ សំដៅចូលរួមកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋមួយចំណែកផងដែរ។

ឯកឧត្តមបានបន្តទៀតថា សកម្មភាពទាំងនេះអាចប្រព្រឹត្តទៅបានក៏ដោយសារប្រទេសជាតិមានស្ថេរភាព និងសុខសន្តិភាព ពេញលេញ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំប្រទេសជាតិឲ្យមានការរីកចំរើន ឥតឈប់ឈរមានការផ្សះផ្សាជាតិបង្រួបបង្រួមជាតិមានស្ថិរភាពនិងសន្តិភាពពិតប្រាកដ។

ជាមួយគ្នានោះ ឯកឧត្តម ហ៊ុន ម៉ានី ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលអញ្ជើញមកពិនិត្យសុខភាពនាឱកាសនេះ សូមអញ្ជើញទៅបោះឆ្នោតនៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២៣ នាពេលខាងមុខនេះឲ្យបានគ្រប់ៗគ្នា  ដើម្បីបំពេញតួនាទីជាពលរដ្ឋល្អសម្រាប់ប្រទេសជាតិយើង។

សូមបញ្ជាក់ថា៖ បើយោងតាមរបាយការណ៍របស់ លោក ប្រធានមន្ទីរសុខាភិបាលខេត្តបានឲ្យដឹងថាការពិគ្រោះជំងឺនេះរួមមាន៖ ជំងឺទូទៅ អប់រំសុខភាព ជំងឺផ្លូវចិត្ត ជំងឺទូទៅផ្នែកកុមារ ជំងឺរោគស្ត្រី ជំងឺឬដូងបាត ជំងឺសួត ក្រពះ ពោះវៀន ជំងឺផ្លូវដង្ហើម ជំងឺប្រដាប់រំលាយអាហារ ជំងឺសើស្បែក ជំងឺព្រូន ជំងឺស្លេកស្លាំង ជំងឺសន្លាក់ឆ្អឹង ជំងឺរលាកថ្លើម ជំងឺកាមរោគ ជំងឺគ្រុនចាញ់ ជំងឺគ្រុនឈាម ជំងឺភ្នែក សុខភាពមាត់ធ្មេញ ជំងឺទឹកនោមផ្អែម ជំងឺបេះដូង លើសឈាម ជំងឺត្រចៀក ច្រមុះ បំពង់ក ជំងឺកម្រងនោម អេកូសាស្ត្រ ជាដើម។ល។

ក្នុងនោះដែរបងប្អូនប្រជាពលរដ្ឋដែលគាត់អញ្ជើញមកទទួលការពិនិត្យ ព្យាបាល និងពិគ្រោះជំងឺ របស់ក្រុមគ្រូពេទ្យឯកឧត្តម ហ៊ុន ម៉ានី នេះក៏បានសម្ដែងនូវអារម្មណ៍សប្បាយរីករាយ និងត្រេកអរយ៉ាងខ្លាំងដោយគាត់បានមកពិនិត្យ និងព្យាបាលសុខភាព របស់គាត់នាឱកាសនេះ។ ហើយគាត់ក៏បានអរគុណ ដល់ឯឧត្តម ហ៊ុន  ម៉ានី ដែលបាននាំក្រុមគ្រូពេទ្យមកពិនិត្យសុខភាពរបស់គាត់ដល់ផ្ទះតែម្តង៕

អត្ថបទដែលជាប់ទាក់ទង