សម្តេចតេជោ ហ៊ុន សែន៖ បើបន្តរួមគ្នាអភិវឌ្ឍន៍ គឺកម្ពុជានឹងមានសមិទ្ធផលជាបន្តបន្ទាប់

ភ្នំពេញ៖ «បើបន្តរួមគ្នាអភិវឌ្ឍន៍ គឺកម្ពុជានឹងមានសមិទ្ធផលជាបន្តបន្ទាប់»។ នេះជាការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋ​មន្ត្រី​កម្ពុជា នៅព្រឹកថ្ងៃចន្ទ ទី១៩ ខែមិថុនា ឆ្នាំ២០២៣នេះក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់រោងចក្រផលិតទឹកស្អាតបាក់ខែងជំហាន ដែល​ជា​រោងចក្រផលិតទឹកស្អាតធំជាងគេនៅកម្ពុជា។

នាឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានសម្តែងនូវក្តីសោមនស្សរីករាយ ដែលបានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលថ្មីទៀត ជាប្រយោជន៍សម្រាប់អ្នករាជធានីភ្នំពេញ។សម្តេចតេជោបានបន្តថា ដោយការសម្ពោធរោងចក្រទឹកស្អាតនៅបាក់ខែង ចំពោះខួបចម្រើនព្រះជន្មរបស់ព្រះវររាជមាតាជាតិខ្មែរនោះ សម្តេចបានចាត់ទុកសមិទ្ធផលនេះ ក៏ជាសមិទ្ធផលដែលផ្សារភ្ជាប់នឹងព្រះរាជសកម្មភាពរបស់ហ្លួងម៉ែផងដែរ។

ជាមួយគ្នានោះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងឲ្យដឹងថា ថ្ងៃចាប់ផ្តើមបើកការដ្ឋានសាងសង់រោងចក្រទឹកស្អាតបាក់ខែង កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ គឺចំពេលនៃការធ្វើរដ្ឋប្រហារនៅប្រទេសមីយ៉ាន់ម៉ា។ តែមកដល់ពេលនេះ បញ្ហារបស់មីយ៉ាន់ម៉ា មិនទាន់បញ្ចប់នៅឡើយទេ។ផ្តើមចេញពីបញ្ហាខាងលើនេះ សម្តេចតេជោបានបង្ហាញភាពខុសគ្នា រវាងប្រទេសមានសង្គ្រាម និងប្រទេសមានសុខសន្តិភាព។ សម្តេចតេជោ បានលើកឡើងថា ប្រទេសមានសន្តិភាពមានតែការអភិវឌ្ឍន៍ ហើយប្រទេសមានសង្គ្រាមមានតែការបំផ្លិចបំផ្លាញ។

ទន្ទឹមគ្នានោះ សម្តេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងទៀតថា តម្រូវការប្រើប្រាស់ទឹក និងអគ្គិសនី មិនចេះគ្រប់គ្រាន់នោះឡើយ ព្រោះមនុស្សកើត និងធំធាត់ជារៀងរាល់ថ្ងៃ។សម្តេចបន្ថែមថា ផ្ទះសម្តេចក៏ត្រូវបង់ថ្លៃទឹក និងភ្លើងដូចគ្នា បើមិនបង់គេនឹងទាមទារ។

ក្នុងពិធីខាងលើ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា តម្លៃទឹកត្រូវបានគិតទៅតាមចំនួនទឹកដែលប្រើប្រាស់។ នេះជាគោលនយោបាយជួយអ្នកមានជីវភាពខ្វះខាត បើគាត់ប្រើតិច គឺតម្លៃទឹកគិតធូថ្លៃផងដែរ៕

អត្ថបទដែលជាប់ទាក់ទង