ការកែទម្រង់ច្បាប់ និង ប្រព័ន្ធយុត្តិធម៌ គឺជាកិច្ចការអាទិភាព នៅក្នុងរបៀបវារៈ និង កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល សំដៅលើកកម្ពស់ «អភិបាលកិច្ចល្អ» និង «នីតិរដ្ឋ»
ភ្នំពេញ៖ «ការកែទម្រង់ច្បាប់ និង ប្រព័ន្ធយុត្តិធម៌ គឺជាកិច្ចការអាទិភាព នៅក្នុងរបៀបវារៈ និង កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល សំដៅលើកកម្ពស់ «អភិបាលកិច្ចល្អ» និង «នីតិរដ្ឋ» សម្រាប់គ្រប់គ្រង និង ដឹកនាំរដ្ឋ ស្រប-តាមគោលការណ៍នៃរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់ជាតិ»។ នេះជាការថ្លែងបញ្ជាក់យ៉ាងច្បាស់ៗរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «អគារសាលាយុត្តិធម្ម» នៅព្រឹកថ្ងៃចន្ទទី២៦ ខែមិថុនា ឆ្នាំ២០២៣។
នាឱកាសនោះ សម្ដេចតេជោនាយករដ្ឋមន្ត្រីកម្ពុជាបានថ្លែងបន្តថា នៅក្នុងសង្គមនីតិរដ្ឋ អំណាចតុលាការ បានដើរតួនាទីសំខាន់ ក្នុងការពង្រឹងប្រសិទ្ធភាពនៃការអនុវត្តច្បាប់, ការការពារប្រឆាំងការបំពានដោយអយុត្តិធម៌ក្នុងសង្គម, ធានាថែរក្សានូវសន្តិសុខ, សណ្តាប់ធ្នាប់សាធារណៈ និង ស្ថិរភាពសង្គម សម្រាប់ការអភិវឌ្ឍប្រទេសជាតិប្រកបដោយចីរភាព។
សម្តេចតេជោបានណែនាំឱ្យដោះស្រាយវិវាទឱ្យបានឆាប់, កាត់បន្ថយការកកស្ទះសំណុំរឿងនៅតុលាការ, ជួយផ្សះផ្សាការខ្វែងគំនិតគ្នារវាងគូភាគី ដើម្បីបង្កើនសាមគ្គីជាតិ, ភាពសុខដុមរមនា ជាមួយនឹងសណ្តាប់ធ្នាប់សង្គមល្អប្រសើរ។សម្តេចណែនាំលើកទឹកចិត្តតួនាទីចៅក្រមឱ្យកាន់តែសកម្ម ក្នុងការដោះស្រាយវិវាទ, សម្របសម្រួល ផ្សះផ្សាបញ្ចប់វិវាទរវាងគូភាគី ឱ្យបានកាន់តែឆាប់ ដោយមិនត្រូវទុកសំណុំឯកសារកាត់ក្តីរយៈពេលយូរឡើយ។
ជាមួយគ្នានោះ សម្តេច ហ៊ុន សែន បានណែនាំក្រសួងយុត្តិធម៌ត្រូវរៀបចំក្របខ័ណ្ឌច្បាប់ឱ្យបានឆាប់រហ័ស សម្រាប់ការគ្រប់គ្រងការសម្រុះសម្រួល
ដោះស្រាយវិវាទឱ្យបានច្បាស់លាស់ ដែលកិច្ចការដ៏មានសារៈសំខាន់នេះ ជាអាទិភាពថ្មីមួយ ក្នុងក្របខណ្ឌនៃការកែទម្រង់ការដោះស្រាយវិវាទនៅកម្ពុជា ។
សម្តេចតេជោបានណែនាំសាលាជម្រះក្តី និង អយ្យការអមសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ ត្រូវបន្តខិតខំប្រឹងប្រែងអនុវត្តការងារក្នុងដែនសមត្ថកិច្ចខ្លួន ប្រកបដោយគុណភាព និង ក្រមសីលធម៌វិជ្ជាជីវៈខ្ពស់, ពិសេស ការពង្រឹងប្រសិទ្ធភាពនៃការអនុវត្តច្បាប់, ប្រសិទ្ធភាពនៃចំណាត់ការលើសំណុំរឿង និង ការពង្រឹងគុណភាពនៃសេចក្តីសម្រេចរបស់ខ្លួន ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃសេវាយុត្តិធម៌ និង គុណភាពនៃយុត្តិធម៌ជូនប្រជាពលរដ្ឋ ស្របតាមទិសដៅកែទម្រង់ច្បាប់ និង ប្រព័ន្ធយុត្តិធម៌របស់រាជរដ្ឋាភិបាល។
ទន្ទឹមគ្នានោះ សម្តេចតេជោ ហ៊ុន សែន បានលើកទឹកចិត្តឱ្យចៅក្រមប្រើយន្តការសម្របសម្រួលឱ្យអស់លទ្ធភាពលើរឿងក្តីនានា។ ជាពិសេសសម្តេចបានណែនាំចៅក្រមព្យាយាមសម្របសម្រួលលើជម្លោះប្តីប្រពន្ធ កុំលើកទឹកចិត្តឱ្យលែងគ្នា។
ក្នុងពិធីនោះ សម្តេចនាយករដ្ឋមន្ត្រីបានរំលឹកផងដែរថា រាជរដ្ឋាភិបាល ធ្លាប់បានជួយតុលាការ ពន្លឿនការកកស្ទះសំំណុំរឿងនៅតុលាការ ដោយការជួយបន្ធប់សណ្ឋាគារ ដើម្បីបើកសវនាការ៕