សម្ដេច ហ៊ុន សែន ចេញបញ្ជាដាច់ណាត់ឲ្យបញ្ចេញអាវុធបាញ់យន្តហោះ២០០ដើម ទៅកាន់ព្រំដែនវៀតណាម
ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចតេជោ ហ៊ុន សែន បានបញ្ជាឲ្យបញ្ជាការដ្ឋានកងអង្គរក្សបញ្ចេញនូវកាំភ្លើងបាញ់យន្តហោះចំនួន ២០០ដើមជាមួយនឹងកងកម្លាំងប្រាំរយនាក់ទៅកាន់ព្រំដែនវៀតណាមក្នុងខេត្តរតនគិរី មណ្ឌលគីរី ស្ទឹងត្រែង ត្រៀមឆ្លើយតបទៅហ្នឹងយន្តហោះគ្មានមនុស្សបើកដែលបានហោះចូលទឹកដីកម្ពុជានៅប៉ុន្មានថ្ងៃមកនេះ។
ភាគីវៀតណាមបានអះអាងជូនសម្ដេចតេជោថាមិនមែនជាយន្តហោះស៊ើបការណ៍របស់ខ្លួននោះទេ និងដាក់ការសង្ស័យថាជារបស់ក្រុមភារវកម្មដែលបានវាយប្រហារក្នុងទឹកដីវៀតណាម។
សម្ដេចតេជោនាយករដ្ឋមន្ត្រីថា៖ «យើងត្រូវប្រើអាវុធដ៏ទំនើបរបស់យើងដើម្បីបាញ់ទម្លាក់នៅដ្រូនណាក៏ដោយដែលហោះចូលទឹកដីកម្ពុជា។ សូមចាត់ចែងជាបន្ទាន់!»។
នេះជាលើកទីមួយហើយដែលកម្ពុជាបានបញ្ចេញសំណាញ់មេឃាបន្ទាប់ពីមានការបង្ហើបពីនាយករដ្ឋមន្ត្រីកាលពីឆ្នាំមុនឲ្យរដ្ឋាភិបាលត្រៀមនូវអាវុធនិងកងកម្លាំងពិសេសសម្រាប់ឆ្លើយតបនឹងយន្តហោះសង្គ្រាម៕