បាត់លុយជាង២០០លាន ចៅសង្កាត់ចោមចៅទី១ ឆ្លើយប្រាប់អ្នកកាសែតថា អត់ដឹងរឿងលុយទេ!

ភ្នំពេញ៖ ប្រាក់រង្វាន់សាលាសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញដែលបានមកពីវិស័យពន្ធដារ និងសូរិយោដី នៅក្នុងឆ្នាំ២០១៩ និងឆ្នាំ២០២០ បានបាត់អស់ជាង២០០លានរៀលដោយពុំដឹងមូលហេតុ ខណៈលោក កង វង ចៅសង្កាត់ចោមចៅទី១ បានអះអាងថា លោកអត់បានដឹងព័ត៌មានទាំងអស់នេះទេ ព្រោះស្មៀនជាអ្នកទៅបើកយកមកបែងចែកជូនដល់មន្រ្តី ហើយបាត់ ឬយ៉ាងណាលោកអត់បានដឹង។ នេះបើតាមប្រភពដែលបណ្ដាញសារព័ត៌មាន The Mirror News ទើបទទួលបាននៅយប់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣។

បើតាមប្រភពពីមន្រ្តីសាលាសង្កាត់បានឲ្យដឹងថា ប្រាក់រង្វាន់ដែលបានមកពីផ្នែកពន្ធដារនៅក្នុងឆ្នាំ២០១៩នោះ ប្រាក់ដែលបានដកចេញពីធនាគារមកចែកជូនដល់បុគ្គលិក មន្រ្តីរាជការសាលាសង្កាត់ចោមចៅទី១ មានចំនួន១៦២,៧៥៨,០០០រៀល។ ប៉ុន្តែលោកចៅសង្កាត់ បានយកមកចែកដល់បុគ្គលិក មន្ត្រីរាជការតែ ចំនួន ៧៨,៦៣៩,០០០ រៀលតែប៉ុណ្ណោះ រីឯប្រាក់នៅសល់ចំនួន ៨៤,១១៩,០០០ រៀលទៀត បាត់គ្មានមូលហេតុ។ដោយឡែកនៅក្នុងឆ្នាំ២០២០ ប្រាក់ដែលដកចេញពីធនាគារចំនួន១៥១,១៣៧,៨០០រៀល ប៉ុន្តែចែកដល់បុគ្គលិក មន្រ្តីរាជការតែចំនួន១១០,០៨៧,៨០០រៀលប៉ុណ្ណោះ។ ចំណែកប្រាក់នៅសល់ចំនួន៤៩,៤៥៨,០៥៤រៀលទៀត ពុំដឹងយកទៅណាឡើយ ហើយសរុបឆ្នាំ២០១៩–២០២០ ប្រាក់ដែលបាត់អត់ឃើញចែកដល់បុគ្គលិកមន្រ្តីរាជការចំនួន១៣៣,៥៧៧,០៥៤រៀល។

ប្រភពបន្ដថា ប្រាក់រង្វាន់ដែលបានមកពីផ្នែកសូរិយោដី នៅក្នុងឆ្នាំ២០១៩ ចំនួន១៤៧,៥០៦,០០០រៀល ចែកជូនបុគ្គលិកមន្រ្តីរាជការអស់តែចំនួន៨៦,៧៥៦៥០០រៀលប៉ុណ្ណោះ នៅសល់ចំនួន៦០,៧៤៩,៥០០រៀលទៀតអត់ចែក។ នៅក្នុងឆ្នាំ២០២០ប្រាក់រង្វាន់សរុប ចំនួន៥២,៣៨៤,៩០០រៀល ប៉ុន្តែចែកជូនបុគ្គលិកមន្រ្តីរាជការអស់តែចំនួន ៤០,៨១៤,៧០០ រៀលតែប៉ុណ្ណោះចំណែកប្រាក់នៅសល់ចំនួន ១១,៥៧០,២០០ រៀល ទៀតអត់ចែក ហើយបាត់សូន្យឈឹងសរុបទាំងឆ្នាំ២០១៩ និង២០២០ ប្រាក់ដែលបាត់ចំនួន៩៦,២៥៨,៦៦០រៀល។ ដូច្នេះប្រាក់រង្វាន់ដែលបាត់ទាំងផ្នែកពន្ធដារ និងសូរិយោដី ក្នុងឆ្នាំ២០១៩ និង២០២០ សរុបចំនួន២២៩,៨៣៥,៧១៤រៀល។

ប្រភពបានបញ្ជាក់ឲ្យដឹងដែរថា ប្រាក់ទាំងនោះ ទាល់តែមានការចុះហត្ថលេខាពីចៅសង្កាត់ ទើបបើកពីធនាគារបាន ហើយស្មៀនជាអ្នកទៅបើក ប៉ុន្តែពុំដឹងថាមូលហេតុអី ទើបបាត់ដល់ទៅជាង២០០លានរៀនបែបនេះ។

ដោយសារតែមានបញ្ហាបាត់លុយអត់ដឹងមូលហេតុនោះ ទើបស្មៀនសង្កាត់ម្នាក់ ត្រូវបានដកចេញពីតំណែងដោយសង្ស័យថាឃុបឃិតជាមួយលោកចៅសង្កាត់សុីដាច់លុយជាង២០០លានរៀលនោះ។ មិនតែប៉ុណ្ណោះនៅក្នុងខែវិច្ឆិកា ឆ្នាំ២០២០ បុគ្គលិកមន្រ្តីរាជការទាំងអស់បាននាំគ្នាផ្ដិតមេដៃ ប្ដឹងចូលទៅកាន់គណៈកម្មាធិការគណបក្សប្រជាជនខណ្ឌពោធិ៍សែនជ័យ ដើម្បីសុំផ្លាស់ប្ដូរលោកចៅសង្កាត់រូបនោះចេញផងដែរ។

បើតាមពាក្យបណ្ដឹងបានលើកពីកំហុសចំនួន៨យ៉ាងរបស់លោក កង វង ក្នុងនោះក៏មានការពាក់ព័ន្ធអំពើពុករលួយផងដែរ ហើយបន្ទាប់មកបានឃើញខាងមន្រ្តីអគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ ចុះធ្វើអធិការកិច្ចម្ដងដែរ៕ ដោយ៖ ការីនិពន្ធ

អត្ថបទដែលជាប់ទាក់ទង