ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ចេញសារគាំទ្រប្រសាសន៍សម្ដេចតេជោ ហ៊ុន សែន និងគាំទ្រឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីថ្មី នីតិកាលទី៧ នៃរដ្ឋសភា

 

ភ្នំពេញ៖ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន និងជាប្រធានគណៈអចិន្ត្រៃយ៍ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកោះធំ និងក្រុងសំពៅពូនរួមទាំងគណៈអចិន្ត្រៃយ៍ សមាជិក សមាជិកា នៃគណៈកម្មាធិការគណបក្សក្រសួងសាធារណការនិងដឹកជញ្ជូនទាំងអស់ សូមសម្តែងនូវអំណរសាទរប្រកបដោយសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង និងសូមប្រកាសជាឱឡារិកគាំទ្រប្រសាសន៍របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាដែលបានថ្លែងនៅរសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ ក្នុងការរៀបចំ ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីថ្មី សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា នៅល្ងាច ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ខាងមុខនេះ។

ក្នុងសារលិខិត ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបន្តថា យើងខ្ញុំទាំងអស់គ្នា សូមប្រកាសគាំទ្រទាំងស្រុងចំពោះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សម្រាប់កាន់តួនាទីជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភានេះ ដើម្បីបន្តដឹកនាំប្រទេសកម្ពុជា ពង្រឹងសុខសន្តិភាពឲ្យកាន់តែរឹងមាំ ប្រទេសជាតិកាន់តែមានការអភិវឌ្ឍរីកចំរើន និងមានមោទនភាព ហើយប្រជាជនកាន់តែមានជីវភាពធូរធារ និងរស់នៅប្រកបដោយសេចក្តីសុខសាន្ដបន្តទៀត។

ក្នុងឱកាសដ៏ប្រសើរថ្លៃថ្លានេះ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រួមទាំងគណៈអចិន្ត្រៃយ៍ សមាជិក សមាជិកា នៃគណៈកម្មាធិការគណបក្សក្រសួងសាធារណការនិងដឹកជញ្ជូនទាំងអស់សូមលើកហត្ថប្រណមបួងសួងដល់គុណ បុណ្យព្រះរតនត្រ័យ គុណកែវទាំងបី ព្រមទាំងវត្ថុស័ក្តិសិទ្ធិក្នុងលោក សូមតាមជួយថែរក្សា ការពារ និងប្រោះព្រំប្រទានពរជ័យបវរសួស្តី ជ័យមង្គល និងវិបុលសុខគ្រប់ប្រការ ជូនចំពោះ សម្តេចតេជោ ហ៊ុន សែន សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និង លោកជំទាវ ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី សូមបានសមប្រកបដោយពុទ្ធពរទាំងឡាយបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍កុំបីឃ្លៀងឃ្លាតឡើយ៕

អត្ថបទដែលជាប់ទាក់ទង