ព្រះអនុគណស្រុកបាភ្នំស្នើសុំឲ្យប៉ូលិសខេត្តព្រៃវែងចុះពិនិត្យរកសារធាតុញៀនដល់កុលបុត្រចំនួន២៣អង្គបានចូលមកបួសជាព្រះសង្ឃនៅវត្តជ្រៃឧត្តម

ព្រៃវែង៖ ព្រះអនុគណស្រុកបាភ្នំ ខេត្តព្រៃវែង ព្រះធម្មមុនីរង្សី នុត វណ្ណៈ ធ្វើលិខិតចម្រើនពរលោក មុំ សារុំ អធិការនគរបាលស្រុកបាភ្នំសុំកម្លាំងជំនាញផ្នែកពិនិត្យសារធាតុញៀនចុះពិនិត្យកុលបុត្រចំនួន២៣អង្គដែលបានចូលមកបួសជាព្រះសង្ឃនៅវត្តជ្រៃឧត្តម ឃុំជើងភ្នំ ស្រុក បាភ្នំ ខេត្តព្រៃវែង នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង៣:០០នាទីរសៀល។នេះបើតាមលិខិតស្នើសុំរបស់ព្រះធម្មមុនីរង្សី នុត វណ្ណៈ ដែលបណ្ដាញសារព័ត៌មាន The Mirror News ទទួលបាននៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣។

ប្រភពផ្សេងទៀតបានលើកឡើងថា ពិតជាគំរូល្អប្រសើរណាស់ បើទីអារាមផ្សេងៗទៀតនៅទូទាំងប្រទេសបានគិតគូរ និងបានធ្វើដូចព្រះធម្មមុនីរង្សី នុត វណ្ណៈ ព្រះអនុគណស្រុកបាភ្នំ ខេត្តព្រៃវែង មិនដឹងជាល្អប្រសើរយ៉ាងណានោះទេ ខណៈធ្លាប់មានសង្ឃមួយចំនួនរួចមកហើយដែលត្រូវបានកម្លាំងសមត្ថកិច្ចចាប់ឃាត់ខ្លួនពាក់ព័ន្ធករណីប្រើប្រាស់គ្រឿងញៀននេះ។

បើតាមទំព័រហ្វេសប៊ុកលោកឧត្ដមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែងបានលើកឡើងនៅថ្ងៃនេះផងដែរថា ដំបូងសូមការអភ័យទោសការដែលយកលិខិតមកបង្ហោះដោយមិនសុំការអនុញ្ញាត។

លោកឧត្ដមសេនីយ៍ទោ ឈឿន ប៊ុនឆន បានបន្តថា បង្ហោះលិខិតនេះ ដោយសារទើបឃើញលើកទី១ និងគិតថាជាទង្វើល្អប្រសើរក្រៃលែង។ មុនក្លាយជាបុព្វជិត កុលបុត្រគួរលាងសម្អាតខ្លួនកុំពាក់ព័ន្ធគ្រឿងញៀន បើបានក្លាយជាសាវកហើយ សុំកុំធ្វើអំពើសង្គមស្អប់ខ្ពើម។ ព្រះសង្ឃគឺជាជនដែលប្រជាជនទូទៅគោរពសំពះដល់បាតដីមិនថាគេឬខ្ញុំដែលកាន់សាសនាព្រះពុទ្ធ គោរពចង់ជាងឳពុកម្តាយ សំពះមិនហ៊ានងើបមុខពេលខ្លះ ចុះបើសង្ឃប្រើគ្រឿងញៀន លួចមានស្រី សេពស្រា លេងល្បែងពាលា តើបាបកម្មនោះធ្លាក់ដល់កំរិតណា?

លោកស្នងការខេត្តព្រៃវែងរូបនេះបន្តថា ចាប់តាំងពីខ្ញុំបានកាន់ជានគរបាលស្រុករហូតខេត្ត ខ្ញុំធ្លាប់ឃាត់បានលោកសង្ឃប្រើគ្រឿងញៀនច្រើនករណីដែរ បង្ខំផ្សិកក៏ច្រើន ដូចនេះពេលឃើញលិខិតនេះសូមកោតសរសើរដល់ម្ចាស់លិខិត និងសុំឱ្យគ្រូសង្ឃទាំងឡាយផ្សេងៗទៀត ជួយមើលសង្ឃក្រោមឱវាទផង អាណិតប្រជាជនខិតខំសំពះដល់ល្អងធូលី សាធុ សាធុ សាធុ សូមឱ្យសាសនាយើងបានរុងរឿងដល់កាល៥០០០ឆ្នាំផង៕

អត្ថបទដែលជាប់ទាក់ទង