បេក្ខជនប្រធានាធិបតីអេក្វាឌ័រ លោក Fernando Villavicencio ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់ចំកណ្តាលក្បាល


អន្តរជាតិ៖ មន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលបាននិយាយថា បេក្ខជនប្រធានាធិបតីអេក្វាឌ័រ លោក Fernando Villavicencio ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់ បន្ទាប់ពីព្រឹត្តិការណ៍ជួបជុំមួយក្នុងទីក្រុងគីតូ កាលពីល្ងាចថ្ងៃពុធសប្តាហ៍នេះ។

ប្រធានាធិបតីអេក្វាទ័រ លោក Guillermo Lasso បានថ្កោលទោស និងចាត់ទុកការធ្វើឃាតលោក Villavicencio ជាបទ “ឧក្រិដ្ឋកម្ម” នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើបណ្តាញសង្គម X ដែលពីមុនត្រូវបានគេស្គាល់ថា ជា Twitter ហើយបានប្តេជ្ញាថា នឹងនាំជនល្មើសមកកាត់ទោសតាមផ្លូវច្បាប់។

លោក Guillermo Lasso បានគូសបញ្ជាក់យ៉ាងដូច្នេះថា មានការខឹងសម្បារ និងតក់ស្លុតជាខ្លាំង ចំពោះការធ្វើឃាតបេក្ខជនប្រធានាធិបតីអេក្វាទ័រ លោក Fernando Villavicencio ហើយខ្ញុំសូមធានាចំពោះអ្នកថា ឧក្រិដ្ឋកម្មនេះនឹងមិនអាចរួចផុតពីសំណាញ់ច្បាប់បានឡើយ។

សូមបញ្ជាក់ថា លោក Fernando Villavicencio មានវ័យ ៥៩ឆ្នាំរូបនេះ គឺជាបេក្ខជនម្នាក់ក្នុងចំណោមបេក្ខជន៨នាក់ ដែលឈរឈ្មោះនៅក្នុងជុំទីមួយ នៃការបោះឆ្នោតជ្រើសរើសប្រធានាធិបតីរបស់ប្រទេសអេក្វាទ័រ ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី២០ ខែសីហាខាងមុខនេះ។

បើតាមមន្រ្តីអេក្វាទ័រ លោក Villavicencio ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់ ខណៈពេលដែលគាត់កំពុងចាកចេញពីកីឡដ្ឋានមួយនៅភាគខាងជើងនៃទីក្រុងគីតូ បន្ទាប់ពីបានធ្វើយុទ្ធនាការឃោសនាបោះឆ្នោត។ គាត់ត្រូវបានគេធ្វើឃាត ដោយបាញ់ចំកណ្តាលក្បាល។ កាលពីដើមខែនេះ លោក Villavicencio ក៏បានត្អូញត្អែរដែរថា លោក និងក្រុមរបស់គាត់កំពុងទទួលរងការគំរាមកំហែង៕

អត្ថបទដែលជាប់ទាក់ទង