នាយករដ្ឋមន្ដ្រី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលនៅតែបន្តទិសដៅសំខាន់បំផុតគឺយកប្រជាជនជាធំ
ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល នៅតែបន្តទិសដៅសំខាន់បំផុតគឺយកប្រជាជនជាធំ ក្នុងការបម្រើ និងបំពេញភារកិច្ច ហើយគោលនយោយមិនត្រូវធ្វើការធ្វើការផ្លាស់ប្តូរភ្លាមៗ ឬកាច់ចង្កូតចុះឡើងនោះទេ បើធ្វើបែបនេះ នឹងធ្លាក់ជង្ហុកឥឡូវហើយ។
ការគូសបញ្ជាក់របស់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជាក្នុងឱកាសអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ និយោជិត ចំនួន ១៨ ២៨៩ នាក់ មកពីតាមបណ្តារោងចក្រ សហគ្រាស នៅក្រុងតាខ្មៅ ខេត្តកណ្តាលនាព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣នេះ។
នាឱកាសនោះ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិតបានបន្ដថា ការអនុវត្ដនេះគឺត្រូវមានបន្ទាត់នយោបាយមួយដែលត្រូវធ្វើ និងផ្តល់ប្រយោជន៍ជូនប្រជាជនឱ្យមានជីវភាពរស់នៅល្អប្រសើរឡើងព្រោះថា ឥឡូវ ប្រទេសមានទំនើបកម្ម និងធ្វើសមាហរណកម្មលើពិភពលោក ហើយធ្វើការប្រកួតប្រជែងជា មួយប្រទេសផ្សេងៗ។
ជាមួយគ្នានោះ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត បានថ្លែងថា កម្មវិធីស្វែងរកការងារធ្វើ និងបង្កើនជីវភាពរស់នៅឱ្យកាន់តែប្រសើរជូនប្រជាពលរដ្ឋរបស់រាជរដ្ឋាភិបាលគឺនៅតែធ្វើជារៀងរហូត ហើយសូមឱ្យជឿទុកចិត្តលើរាជរដ្ឋាភិបាល។
ឯកឧត្តមនាយករដ្ឋមន្ត្រីបានថ្លែងបញ្ជាក់ថា៖ «អីចឹងយើងត្រូវធ្វើការធ្វើការធានានូវសមត្ថភាពចំពោះការប្រកួតប្រជែង ហើយសមត្ថភាពនេះអាស្រ័យលើប្រជាពលរដ្ឋដែលមានសមត្ថភាពក្នុងការប្រកួតប្រជែង ដែលចំណុចនេះ យើងគឺច្រើនដូចជាសុខភាព ការរៀនសូត្រជាដើម»។
ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិតបានបញ្ជាក់ទៀតថា អ្វីដែលរាជរដ្ឋាភិបានខិតខំធ្វើមកដល់ពេលនេះសុទ្ធតែធ្វើដើម្បីប្រយោជន៍ប្រជាពលរដ្ឋ ហើយក៏នឹងធ្វើបន្តបន្ទាប់ទៀត។ ឯកឧត្តមនាយករដ្ឋមន្រ្ដីគូសបញ្ជាក់បន្ថែមថា៖ «សូមបងប្អូនជឿចុះដរាបណាបងប្អូននៅបន្តជឿលើគណបក្សប្រជាជនឱ្យនៅដឹកនាំប្រជាពលរដ្ឋ គឺគោលនយោបាយបម្រើប្រជាពលរដ្ឋ គឺបង្កើតការងារ គុណភាព ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋនឹងត្រូវបន្តជាជានិច្ច»។
ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិតក៏បានឱ្យដឹងទៀតថា នេះគឺជាការប្តេជ្ញាចិត្ត និងជាការធ្វើរួចមកហើយរបស់រាជរដ្ឋាភិបាល និងបន្តធ្វើទៀត។ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ក៏បានស្នើឱ្យបណ្តាក្រសួង ស្ថាប័នទាំងអស់ ត្រូវតែធ្វើការបម្រើប្រជាពលរដ្ឋជាធំក្នុងការបំពេញការងាររបស់ខ្លួន៕