ក្រសួងសង្គមកិច្ចចេញសេចក្ដីប្រកាសព័ត៌មានករណីលោក ស៊ិន សែ នៅខេត្តកំពង់ចាម

អ្នកនាំពាក្យក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឯកឧត្តម ឯម ច័ន្ទមករា បានបញ្ជាក់ថា មន្ទីរសង្គមកិច្ចខេត្តកំពង់ចាមនឹងធ្វើការសហការជាមួយមន្ទីរផែនការខេត្តកំពង់ចាម និងរដ្ឋបាលឃុំផ្ទះកណ្ដាល ដើម្បីណាត់ជួបគ្រួសារជនមានពិការភាព លោក ស៊ិន សែ ដើម្បីកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រជួន ក៏ដូចជានឹងសម្របសម្រួលដើម្បីចេញប័ណ្ណមូលនិធិសមធម៌សុខាភិបាលជូនគាត់ផងដែរ។

គួរជម្រាបថា កាលពីព្រឹកថ្ងៃទី០២ ខែកញ្ញានេះ ឯកឧត្តម ខៀវ កាញារឹទ្ឋ សមាជិករដ្ឋសភាមណ្ឌលខេត្តកំពង់ចាម បានបង្ហោះនូវសារពីពលរដ្ឋមួយទាក់ទងនឹងជនមានពិការភាពម្នាក់នៅក្នុងស្រុកស្រីសន្ធរឈ្មោះ ស៊ិន សែ ដែលថាមិនត្រូវបានស្ថាប័នពាក់ព័ន្ធផ្ដល់ប័ណ្ណក្រីក្រ និងមូលនិធីសមធម៌សង្គមជូនដែលធ្វើឱ្យរូបគេជួបការពិបាកជាខ្លាំង។

ជាការឆ្លើយតបក្នុងសេចក្ដីប្រកាសព័ត៌មានចុះថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៣នេះ អ្នកនាំពាក្យក្រសួងសង្គមកិច្ច ឯកឧត្ដម ឯម ច័ន្ទមករា បានបញ្ជាក់ថា តាមការចុះសម្ភាសន៍របស់រដ្ឋបាលផ្ទះកណ្ដាលស្រុកស្រីសន្ធរកាលពីឆ្នាំ២០២១ បានពិនិត្យឃើញថា ស្ថានភាពជាក់ស្ដែងរបស់លោក ស៊ិន សែន និងគ្រួសារ គឺមិនស្របតាមនីតិវិធីក្នុងការកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រ «ទើបគ្រួសារគាត់មិនអាចទទួលបាន បណ្ណសមធម៌និងការចុះឈ្មោះក្នុងប្រព័ន្ធជំនួយសង្គមដើម្បីទទួលបានការឧបត្ថម្ភសាច់ប្រាក់ស្របតាមគោលនយោបាយរបស់រដ្ឋនិងសេវាថែទាំសុខភាពដែលជាបន្ទុករបស់រដ្ឋ»។

ជាមួយគ្នានេះ ក្រសួងបានពិនិត្យឃើញថា លោក ស៊ិន សែ មានឈ្មោះក្នុងប្រព័ន្ធព័ត៌មានវិទ្យាសម្រាប់គ្រប់គ្រងពិការភាព (DMIS) ប៉ុន្តែដោយសារព័ត៌មានផ្ទាល់ខ្លួនរបស់គាត់មិនពេញលេញ ទើបនាយកដ្ឋានសុខុមាលភាពជនពិការស្នើឱ្យរដ្ឋបាលឃុំចុះសម្ភាសន៍លោក ស៊ិន សែ ម្តងទៀតមុនចេញបណ្ណសម្គាល់ពិការភាពជូន។

ទោះជាយ៉ាងណានៅថ្ងៃអាទិត្យ ទី០៣ ខែកញ្ញា ឆ្នាំ២០២៣ ស្អែកនេះ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកំពង់ចាមនឹងធ្វើការសហការជាមួយមន្ទីរផែនការខេត្តកំពង់ចាម និងរដ្ឋបាលឃុំផ្ទះកណ្ដាល ដើម្បីណាត់ជួបគ្រួសាររបស់លោក ស៊ិន សែ ម្តងទៀតដើម្បីជួបសម្ភាសកំណត់អត្តសញ្ញាកម្មគ្រួសារក្រីក្រជូនគ្រួសារ លោក ស៊ិន សែ ឱ្យស្របតាមនីតិវិធីនិងតម្លាភាព។

ជាមួយគ្នានេះ ក្រសួងនឹងខិតខំសម្របសម្រួលជាមួយរដ្ឋបាល ខេត្តដើម្បីស្នើសុំទៅមូលដ្ឋានសុខាភិបាលសាធារណៈចេញប័ណ្ណមូលនិធិសមធម៌សុខាភិបាលជូនគាត់ផងដែរ។

អ្នកនាំពាក្យឯកឧត្ដម ឯម ច័ន្ទមករា បានបញ្ជាក់ថា៖ «នាយកដ្ឋានសុខុមាលភាពជនពិការនៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នឹងចេញលិខិតបញ្ជាក់អត្តសញ្ញាណកម្មពិការភាពជូនលោក ស៊ិន សែ ជាបណ្ដោះអាសន្នដើម្បីលោកអាចយក ទៅប្រើប្រាស់តាមលទ្ធភាពដែលអាចធ្វើទៅបាន»៕

អត្ថបទដែលជាប់ទាក់ទង