ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពគម្រោងអភិវឌ្ឍន៍កំពង់ផែពហុបំណង និងមណ្ឌលភ័ស្តុភារកម្មកំពង់ឆ្នាំង 

ភ្នំពេញ៖ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ស៊ុន ចាន់ថុល នាព្រឹកថ្ងៃព្រហ្បតិ៍ ទី០២ ខែមីនា ឆ្នាំ២០២៣នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាជាមួយក្រុមហ៊ុន KLP.T TRANSPORTATION Co.,Ltd ដោយមានការអញ្ជើញចូលរួមផងដែរពីសំណាក់ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពាក់ព័ន្ធ ដែលជាសមាជិកនៃក្រុមការងារបច្ចេកទេសជាច្រើនរូប។

នាឱកាសនេះ ឯកឧត្តម ស៊ុន ចាន់ថុល បានថ្លែងថា កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងដើម្បីពិនិត្យពិភាក្សាលើវឌ្ឍនភាពការងារ ត្រួតពិនិត្យវាយតម្លៃការខូចខាត និងផលប៉ះពាល់នានា ជុំវិញគម្រោងអភិវឌ្ឍន៍កំពង់ផែពហុបំណង និងមណ្ឌលភ័ស្តុភារកម្មកំពង់ឆ្នាំង របស់ក្រុមហ៊ុន KLP.T TRANSPORTATION Co.,Ltd ។ ការរៀបចំឱ្យមានជាកំពង់ផែ និងមណ្ឌលភ័ស្តុភារកម្មនេះ គឺក្នុងគោលបំណងជំរុញការដឹកជញ្ជូនតាមផ្លូវគោក និងផ្លូវទឹកក្នុងប្រទេស ព្រមទាំងដឹកជញ្ជូន និងនាំចេញកសិផលពីខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប និងខេត្តកំពង់ធំ ទៅក្រៅប្រទេស។ ម្យ៉ាងវិញទៀតការសាងសង់កំពង់ផែ និងមជ្ឈមណ្ឌលភ័ស្តុភារកម្មនេះ ក៏បានផ្ដល់ការងារដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តកំពង់ឆ្នាំងបានមួយចំនួន។

បន្ទាប់ពីបានចុះត្រួតពិនិត្យ វាយតម្លៃលើផលប៉ះពាល់ពាក់ព័ន្ធនឹងគម្រោង ក្រុមការងារគម្រោងក៏បានស្ថាបនាផ្លូវភ្ជាប់ពីផ្លូវ 50C ទៅកាន់មណ្ឌលភ័ស្តុភារកម្ម និងភ្ជាប់ទៅកាន់កំពង់ផែពហុបំណងកំពង់ឆ្នាំង។

ឯកឧត្តម ស៊ុន ចាន់ថុល បន្តទៀតថា ដើម្បីចូលរួមក្នុងការធានាការដឹកជញ្ជូនពីគ្រប់ច្រកល្ហក ទៅកាន់មណ្ឌលភ័ស្តុភារកម្ម និងកំពង់ផែ បានត្រឹមត្រូវតាមច្បាប់កំណត់ គម្រោងនេះក៏កំពុងត្រូវបានបំពាក់ប្រព័ន្ធបច្ចេកវិទ្យា STM (Smart Truck Monitoring System) សម្រាប់គ្រប់គ្រងការដឹកជញ្ជូនចេញចូល ដែលរួមមានការបំពាក់កាមេរ៉ាត្រួតពិនិត្យរថយន្ដដោយស្វ័យប្រវត្តិ និងស្ថានីយជញ្ជីងថ្លឹងរថយន្តដឹកជញ្ជូន។ ប្រព័ន្ធ STM នេះ នឹងជួយជំរុញការតាមដាន គ្រប់គ្រងប្រតិបត្តិការ និងការគ្រប់គ្រងសកម្មភាពដឹកជញ្ជូនយ៉ាងមានប្រសិទ្ធភាពផងដែរ។

ទន្ទឹមនោះ ឯកឧត្តម ស៊ុន ចាន់ថុល បានផ្តល់អនុសាសន៍ដល់គ្រប់ភាគីពាក់ព័ន្ធ សូមជួយគាំទ្រ និងជំរុញគម្រោងអភិវឌ្ឍន៍កំពង់ផែពហុបំណង និងមណ្ឌលភ័ស្តុភារកម្មកំពង់ឆ្នាំង ឱ្យស្របតាមបទដ្ឋានច្បាប់ និងជំរុញឱ្យគម្រោងនេះអាចដំណើរការបានឆាប់រហ័ស ដើម្បីផលប្រយោជន៍សេដ្ឋកិច្ចជាតិ៕

អត្ថបទដែលជាប់ទាក់ទង