ក្រសួងសុខាភិបាលស្នើដល់អាជ្ញាធររាជធានី-ខេត្ត ជួយលុបបំបាត់ការផ្តល់សេវាសុខាភិបាល គ្មានការអនុញ្ញាត

ក្រសួងសុខាភិបាលបានស្នើដល់អាជ្ញាធររាជធានី-ខេត្ត ជួយលុបបំបាត់ការផ្តល់សេវាសុខាភិបាល ដែលគ្មានការអនុញ្ញាតពីក្រសួង។

ជាមួយនោះ ក្រសួងសុខាភិបាលក៏បានណែនាំឱ្យអ្នកប្រកបវិជ្ជាជីវៈសុខាភិបាលឯកជនទាំងអស់ ត្រូវគោរពឱ្យបានហ្មត់ចត់ នូវក្រមសីលធម៌វិជ្ជាជីវៈ និងច្បាប់ស្តីពី ការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈវិស័យសុខាភិបាលឲ្យបានត្រឹមត្រូវ ព្រមទាំងជៀសវាងការផ្សព្វផ្សាយហួសពីការពិត ឬបំភ្លៃការពិត។

បើតាមសេចក្តីប្រកាសព័ត៌មានដែលបណ្តាញព័ត៌មាន The Mirror News ទទួលបាននៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣នេះ បញ្ជាក់ថា ក្រសួងសុខាភិបាល បានកត់សម្គាល់ឃើញមានការផ្សព្វផ្សាយ ក្នុងក្របខណ្ឌវិជ្ជាជីវៈសុខាភិបាលរបស់បុគ្គលមួយចំនួន ដែលពុំមានមូលដ្ឋានវិទ្យាសាស្ត្រវេជ្ជសាស្ត្រ និងការទទួលស្គាល់ពីក្រសួងសុខាភិបាល ឬគណៈវិជ្ជាជីវៈសុខាភិបាល បាននិងកំពុងធ្វើឱ្យមានការប៉ះពាល់ដល់ក្រមសីលធម៌វិជ្ជាជីវៈ សេចក្តីថ្លៃថ្នូរបស់អ្នកប្រកបវិជ្ជាជីវៈសុខាភិបាល និងប៉ះពាល់ដល់សុខភាពសាធារណៈ។

ដើម្បីឈានទៅលុបបំបាត់នូវសេវាសុខាភិបាលខុសច្បាប់ ក្រសួងសុខាភិបាលសូមអំពាវនាវដូចខាងក្រោម៖

* អ្នកប្រកបវិជ្ជាជីវៈសុខាភិបាលឯកជនទាំងឡាយ ដែលបើកបន្ទប់ពិគ្រោះព្យាបាល គ្លីនិក មន្ទីរពហុព្យាបាល ត្រូវគោរពឱ្យបានហ្មត់ចត់ នូវក្រមសីលធម៌វិជ្ជាជីវៈ និងច្បាប់ស្តីពី ការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈវិស័យសុខាភិបាលឲ្យបានត្រឹមត្រូវ ព្រមទាំងជៀសវាងការផ្សព្វផ្សាយហួសពីការពិត ឬ បំភ្លៃការពិត។

* គណៈវិជ្ជាជីវៈសុខាភិបាលនីមួយៗ ត្រូវពង្រឹងការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈសុខាភិបាលពាក់ព័ន្ធ ស្របតាមសមត្ថកិច្ចរបស់ខ្លួន ដែលមានចែងក្នុងច្បាប់ ស្តីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈវិស័យសុខាភិបាល និងពង្រឹងក្រមសីលធម៌វិជ្ជាជីវៈសុខាភិបាលឱ្យបានច្បាស់លាស់ ដើម្បីកិត្តិយស និងសេចក្តីថ្លៃថ្នូរបស់អ្នកប្រកបវិជ្ជាជីវៈសុខាភិបាល។

អាជ្ញាធរមូលដ្ឋានគ្រប់រាជធានី-ខេត្តចូលរួមណែនាំទប់ស្កាត់រាល់ការផ្តល់សេវាសុខាភិបាលដែលគ្មានការអនុញ្ញាតពីក្រសួងសុខាភិបាល និងការផ្សព្វផ្សាយជាលក្ខណៈពាណិជ្ជកម្ម ក្នុងក្របខណ្ឌវិជ្ជាជីវៈសុខាភិបាល ដែលពុំមានមូលដ្ឋានវិទ្យាសាស្ត្រច្បាស់លាស់បំផ្លើសខុស ពីការពិតធ្វើឱ្យមានការយល់ ច្រឡំដល់បងប្អូនប្រជាពលរដ្ឋ។

ក្រសួងសុខាភិបាលសង្ឃឹម និងជឿជាក់យ៉ាងមុតមាំ ចំពោះការចូលរួមយ៉ាងយកចិត្តទុកដាក់របស់បងប្អូនអ្នកប្រកបវិជ្ជាជីវៈសុខាភិបាលឯកជន និងអាជ្ញាធរពាក់ព័ន្ធ ក្នុងការទប់ស្កាត់នូវរាល់ភាពអសកម្មទាំងនេះ ដើម្បីចៀសវាងឱ្យបាននូវការប៉ះពាល់ដល់សុខភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋកម្ពុជា ប្រកបដោយការទទួលខុសត្រូវខ្ពស់៕

អត្ថបទដែលជាប់ទាក់ទង