អគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជាស្នើឱ្យភាគីថៃបន្តផ្លាស់ប្តូរព័ត៌មានទាក់ទងនឹងបទល្មើសឆ្លងដែនឱ្យទាន់ពេលវេលា និងមានភាពច្បាស់លាស់ ដើម្បីឈានទៅបង្រ្កាបបទល្មើស

អគ្គស្នងការនគរបាលជាតិ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត បានអនុញ្ញាតឱ្យអនុប្រធាននាយកដ្ឋានកណ្តាលអន្តោប្រវេសន៍ថៃ ឯកឧត្តម ឧត្តមសេនីយ៍ទោ PHANTHANA NUTCHANART ចូលជួបសម្តែងការគួសម និងបន្តបង្កើនកិច្ចសហប្រតិបត្តិរវាងគ្នាឱ្យកាន់តែល្អប្រសើរ ដើម្បីទប់ស្កាត់បទល្មើសឆ្លងដែនគ្រប់ប្រភេទ។
កិច្ចជំនួបនេះ ធ្វើឡើងនៅទីស្តីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃទីព្រហស្បតិ៍ ១៣រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣។

ជាកិច្ចចាប់ផ្តើម អនុប្រធាននាយកដ្ឋានកណ្តាលអន្តោប្រវេសន៍ថៃ ឯកឧត្តម ឧត្តមសេនីយ៍ទោ PHANTHANA NUTCHANART បានអបអរសាទរចំពោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេតដែលបានត្រូវព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់តែងតាំងជាអគ្គស្នងការនគរបាលជាតិ និងស្នើសុំបន្តពង្រឹងកិច្ចសហប្រតិការរវាងភាគីទាំងពីរឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។

ឯកឧត្តម ឧត្តមសេនីយ៍ទោ PHANTHANA NUTCHANART បានបន្តទៀតថា ក្រោយកិច្ចសហប្រតិបត្តិយ៉ាងល្អរយៈពេល២ឆ្នាំកន្លងទៅនេះ បទល្មើសឆ្លងដែនជាច្រើន ដូចជាបទល្មើសអនឡាញ បទល្មើសជួញដូរមនុស្ស បទល្មើសគ្រឿងញៀន និងបទល្មើសផ្សេងៗ ត្រូវបានទប់ស្កាត់ និងបង្រ្កាបទាន់ពេលវេលា។

ជាការឆ្លើយតប ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ស្នើសុំឱ្យភាគីថៃបន្តផ្លាស់ប្តូរព័ត៌មានទាក់ទងនឹងបទល្មើសឆ្លងដែនឱ្យទាន់ពេលវេលា និងមានភាពច្បាស់លាស់ ដើម្បីឈានទៅបង្រ្កាបបទល្មើសដែលកើតមានឡើងរវាងប្រទេសទាំងពីរឱ្យទទួលបានជោគជ័យបន្ថែមទៀត។

ឯកឧត្តមអគ្គស្នងការនគរបាលជាតិ អរគុណភាគីថៃដែលបានសម្របសម្រួល និងផ្តល់កិច្ចសហការល្អ នៅពេលមានការស្នើសុំតាមចាប់ខ្លួនជនល្មើសដែលរត់ទៅលាក់ខ្លួននៅក្នុងប្រទេសថៃ ហើយបានចាប់បញ្ជូនមកកាត់ទោសនៅក្នុងព្រះរាជាណាចក្រកម្ពុជាវិញ។
លើសពីនេះ ភាគីកម្ពុជា ក៏ជំរុញឱ្យភាគីថៃបន្តយកចិត្តទុកដាក់ចំពោះពលករខ្មែរដែលធ្វើចំណាកស្រុកខុសច្បាប់ដែលបញ្ជូនត្រឡប់មកកម្ពុជាវិញ សូមបញ្ជូនមកវិញជាដំណាក់កាលៗដោយមានការយោគយល់ និងគោរពសិទ្ធិមនុស្ស។

អគ្គស្នងការដ្ឋាននគរបាលជាតិ និងនាយកដ្ឋានកណ្តាលអន្តោប្រវេសន៍ថៃ ក៏បានឯកភាពគ្នា ក្នុងការពិនិត្យឡើងវិញទៅលើខ្លឹមសារពាក់ព័ន្ធដូចមានចែងក្នុងកំណត់ហេតុធ្វើការងារនៃកិច្ចប្រជុំលើកទី៣រវាងកម្ពុជាថៃ ដើម្បីត្រៀមរៀបចំកិច្ចប្រជុំទ្វេរភាគីលើកទី៤៕

អត្ថបទដែលជាប់ទាក់ទង