ក្រសួងយុត្តិធម៌កម្ពុជានិងបែលហ្សិកបន្តកិច្ចសហប្រតិបត្តិការផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ឯកឧត្តម កើត រិទ្ធ នៅថ្ងៃពុធ ទី១១ ខែតុលា ឆ្នាំ២០២៣ បានអនុញ្ញាតឱ្យ លោកជំទាវ Sibille de Cartier d’Yves ឯកអគ្គរាជទូត នៃព្រះរាជាណាចក្របែលហ្សិក ប្រចាំកម្ពុជា មាននិវេសនដ្ឋាននៅទីក្រុងបាងកក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅទីស្តីការក្រសួងយុត្តិធម៌។
ក្នុងជំនួបនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ បានសម្តែងនូវការស្វាគមន៍ចំពោះវត្តមានរបស់ លោកជំទាវឯកអគ្គរាជទូត មកកាន់ក្រសួងយុត្តិធម៌ ហើយជាការឆ្លើយតប លោកជំទាវឯកអគ្គរាជទូត បានសម្តែងនូវការអបអរសាទរជូនចំពោះឯកឧត្ដម ក្នុងឱកាសដែលឯកឧត្តមត្រូវបានតែងតាំងជា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងអាណត្តិថ្មីនេះ។
ជាមួយនោះ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី និងលោកជំទាវឯកអគ្គរាជទូត បានផ្តោតការពិភាក្សាសំខាន់ទៅលើការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌរវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្របែលហ្សិក ជាពិសេស លើការរៀបចំសេចក្តីព្រាងអនុសញ្ញាស្តីពីការផ្ទេរទណ្ឌិតរវាងកម្ពុជា-បែលហ្សិក ព្រមទាំងការពិនិត្យលទ្ធភាពលើការពង្រីកកិច្ចសហប្រតិបត្តិការផ្នែកច្បាប់ដទៃទៀត ដែលក្នុងនោះរួមមានការលើកកម្ពស់សមត្ថភាពធនធានមនុស្សក្នុងវិស័យយុត្តិធម៌ផងដែរ៕