ក្រសួងសាធារណការសូមបដិសេធទាំងស្រុងចំពោះការចុះផ្សាយថា «មានទទួលរៀបចំឯកសារប្រឡងយកបណ្ណបើកបរយានយន្ត សេវាធ្វើបណ្ណបើកបរស្របច្បាប់ សេវាធ្វើកាតគ្រីថ្មីចំពោះរថយន្តដែលបាត់កាតគ្រី ឡានបញ្ចាំឯកសារ ឡានរំលោះ និងចង់បានឆៀក ដោយមិនបាច់យកឡានមកឆៀក»
បន្ទាប់ពីមានការបង្ហោះសារលើបណ្ដាញសង្គមហ្វេសប៊ុកថា៖ «មានទទួលរៀបចំឯកសារប្រឡងយកបណ្ណបើកបរយានយន្ត សេវាធ្វើបណ្ណបើកបរស្របច្បាប់ សេវាធ្វើកាតគ្រីថ្មីចំពោះរថយន្តដែលបាត់កាតគ្រី ឡានបញ្ចាំឯកសារ ឡានរំលោះ និងចង់បានឆៀក ដោយមិនបាច់យកឡានមកឆៀក ដែលបង្កឱ្យមានការភ័ន្តច្រឡំដល់សាធារណជន»។
នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៣នេះ ក្រសួងសាធារណការនិងដឹកជញ្ជូនចេញមកបញ្ជាក់ជូនសាធារណជនឱ្យបានជ្រាបថា៖ ចំពោះព័ត៌មានដែលបានចុះផ្សាយលើទំព័រហ្វេសប៊ុក និងគណនីហ្វេសប៊ុកទាំងឡាយខាងលើនេះជាព័ត៌មានមិនពិត មានចរិតបង្កការភ័ន្តច្រឡំដល់សាធារណជន ធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ថ្នាក់ដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជូន ក៏ដូចជារាជរដ្ឋាភិបាលផងដែរ។
ទន្ទឹមនោះ ក្រសួងសូមជំរុញលើកទឹកចិត្ត ក៏ដូចជាសូមអំពាវនាវដល់សាធារណជន និងបងប្អូនប្រជាពលរដ្ឋមេត្តាចៀសវាងការប្រើប្រាស់សេវាសាធារណៈក្រៅផ្លូវការ ដែលងាយធ្លាក់ចូលក្នុងអំពើបោកប្រាស់របស់ជនខិលខូច នាំឱ្យខាតបង់ថវិកា និងងាកមកប្រើប្រាស់មណ្ឌលផ្តល់សេវាសាធារណៈ ទាំងឡាយនៅតាមទីតាំងនានា ដែលទទួលស្គាល់ដោយក្រសួងសាធារណការ និងដឹកជញ្ជូនវិញ៕