នាយករដ្ឋមន្ដ្រី សម្តេចធិបតី ហ៊ុន ម៉ាណែត៖ និស្សិតខ្មែរ៤៥២នាក់ នៅប្រទេសអ៊ីស្រាអែល មានសុវត្តិភាពទាំងអស់គ្នា
នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៣នេះ ផ្ញើសារសំឡេងពិសេសជូនជនរួមជាតិ ពាក់ព័ន្ធស្ថានភាពនិស្សិតខ្មែរចំនួន៤៥២នាក់ កំពុងមានវត្តមាននៅប្រទេសអ៊ីស្រាអែល។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សុខសុវត្ថិភាពរបស់ប្អូនៗនិស្សិតខ្មែរនៅអ៊ីស្រាអែល គឺជាអាទិភាពខ្ពស់បំផុតរបស់រាជរដ្ឋាភិបាល។
សម្តេចធិបតីបន្តថា បច្ចុប្បន្ននេះ មាននិស្សិតខ្មែរដែលមានវត្តមាននៅក្នុងប្រទេសអ៊ីស្រាអែលចំនួន ៤៥២នាក់ ហើយមកទល់នឹងពេលនេះ ប្អូនៗមានសុវត្តិភាពទាំងអស់គ្នា ដោយមានការការពារ យ៉ាងតឹងរឹង ពីសំណាក់អាជ្ញាធរពាក់ព័ន្ធ និងកងកម្លាំងរបស់អ៊ីស្រាអែលនៅក្នុងតំបន់ដែលពួកគាត់រស់នៅ ក៏ដូចជាពីសំណាក់កសិដ្ឋានដែលពួកគាត់កំពុងស្នាក់នៅនិងហាត់ការ។
ក្រុមការងាររបស់រាជរដ្ឋាភិបាលកម្ពុជាដែលមានក្រសួងការបរទេសនិងកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្រសួងកសិកម្ម ក្រសួងអប់រំយុវជននិងកីឡា អគ្គនាយកដ្ឋានចារកិច្ចក្រសួងការពារជាតិ ព្រមទាំងស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត បានតាមដានយ៉ាងយកចិត្តទុកដាក់នូវរាល់ការវិវឌ្ឍន៍នៃសភាពការណ៍នៅក្នុងប្រទេសអ៊ីស្រាអែល ក៏ដូចជាទាក់ទងផ្ទាល់ជាមួយប្អូនៗនិស្សិតជាប់ជាប្រចាំ ដើម្បីក្តាប់បាននូវសុខទុក្ខ ជាពិសេសសុវត្ថិភាពរបស់ប្អូនៗទាំងយប់ទាំងថ្ងៃ ចាប់តាំងពីស្ថានការណ៍បានផ្ទុះឡើកាលពីថ្ងៃទី៧ ខែតុលា គឺមួយសប្តាហ៍មុននេះ។
សម្តេចធិបតីបន្ថែមថា ដោយសារស្ថានភាពវិវត្តន៍ប្រែប្រួលនៅក្នុងប្រទេសអ៊ីស្រាអែលជាពិសេសនៅតំបន់ហ្កាសា នៅមិនទាន់មានភាពច្បាស់លាស់នៅឡើយ និងដើម្បីត្រៀមជាយថាហេតុ សម្តេចបានប្រគល់ភារកិច្ចឲ្យក្រុមការងាររបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីរៀបចំនូវទីកន្លែងសុវត្ថិភាពបណ្ដោះអាសន្នមួយ ស្ថិតនៅភាគខាងត្បូងនៃប្រទេសអ៊ីស្រាអែល ជាប់ព្រំប្រទល់ជាមួយប្រទេសអេស៊ីបនិងប្រទេសចរដិន ដែលមានចំងាយជិត ៣០០គីឡូម៉ែត្រពីតំបន់ហ្កាសា។
ចំពោះប្អូនៗនិស្សិតដែលមានបំណងចាកចេញពីតំបន់ដែលខ្លួនកំពុងស្នាក់នៅនិងហាត់ការមួយរយៈទៅកាន់ទីសុវត្ថិភាពនោះ គឺរាជរដ្ឋាភិបាលបានត្រៀមមធ្យោបាយដឹកជញ្ជូន ក៏ដូចជាទទួលខុសត្រូវលើការស្នាក់នៅ និងហូបចុករបស់ប្អូនៗនិស្សិតទាំងអស់នៅទីនោះ។
ក្រុមការងាររបស់រាជរដ្ឋាភិបាលបានជូនដំណឹងទៅឲ្យប្អូនៗនិស្សិតទាំងអស់ដែលកំពុងមានវត្តមាននៅក្នុងប្រទេសអ៊ីស្រាអែល។ ចំពោះប្អូនៗនិស្សិតដែលមានបំណងចង់ធ្វើការផ្លាស់ទីកន្លែងទៅកាន់កន្លែងសុវត្ថិភាពបណ្ដោះអាសន្ននោះ គឺសូមអោយពួកគាត់ចុះឈ្មោះតាមប្រព័ន្ធអនឡាញ និងបញ្ជាក់អំពីការស្ម័គ្រចិត្តរបស់ពួកគាត់។
ជាលទ្ធផល៖ គិតត្រឹមម៉ោង១០ ព្រឹកថ្ងៃទី ១៤ តុលា ២០២៣ ម៉ោងនៅប្រទេសកម្ពុជា (ដែលត្រូវជាម៉ោង ៧ ព្រឹកនៅប្រទេសអ៊ីស្រាអែល) មានប្អូនៗនិស្សិតចំនួន ៤២២នាក់ បានចុះឈ្មោះតាមប្រព័ន្ធអនឡាញ ដោយប្អូនៗទាំង ៤២២នាក់នោះ បានសម្រេចចិត្តបន្តស្នាក់នៅក្នុងតំបន់ដែលខ្លួនកំពុងរស់នៅនិងធ្វើការជាធម្មតា និងគិតថាមិនទាន់មានការចាំបាច់សម្រាប់ពួកគេក្នុងការប្ដូរទីតាំងទៅកាន់ទីកន្លែងសុវត្ថិភាពដែលរាជរដ្ឋាភិបាលបានរៀបចំជូននោះទេ។
ក្រុមការងាររបស់រាជរដ្ឋាភិបាល នឹងនៅបន្តតាមដានសភាពការណ៍វិវត្តន៍នៅក្នុងប្រទេសអ៊ីស្រាអែល ក៏ដូចជាទាក់ទងផ្ទាល់ជាមួយប្អូនៗនិស្សិតជាប់ជាប្រចាំ ហើយនិងត្រៀមលក្ខណៈដើម្បីជួយដល់ប្អូនៗ ដើម្បីធានានូវសុខសុវត្ថិភាពរបស់ប្អូនៗទាំងអស់គ្នា រួមទាំងការចល័តចេញពីតំបន់មានហានិភ័យទៅកាន់តំបន់សុវត្ថិភាពតាមការចាំបាច់។
សម្តេចធិបតី សូមអំពាវនាវសារជាថ្មី ចំពោះប្រជាពលរដ្ឋខ្មែរទាំងអស់នៅក្នុងប្រទេសអ៊ីស្រាអែល ជាពិសេសប្អូនៗនិស្សិត សូមគោរពឱ្យបានខ្ជាប់ខ្ជួនតាមការណែនាំរបស់អាជ្ញាធរមានសមត្ថកិច្ចនៅហ្នឹងកន្លែង ដើម្បីធានាសុវត្ថិភាពផ្ទាល់ខ្លួនរបស់ប្អូនៗ។
សូមប្អូនៗមានលំនឹងក្នុងចិត្តថារាជរដ្ឋាភិបាលកម្ពុជាមិនទុកប្អូនៗចោលនោះទេ តែផ្ទុយទៅវិញរាជរដ្ឋាភិបាលបានខិតខំយកចិត្តទុកដាក់ជាប់ជាប្រចាំចំពោះសុខទុក្ខរបស់ប្អូនៗ ដោយចាត់វិធានការចាំបាច់ទៅតាមអ្វីដែលយើងអាចធ្វើបាន និងដោយសហការណ៍យ៉ាងល្អជាមួយអជ្ញាធរអ៊ីស្រាអែល។
ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិនេះ សូមជូនពរដល់បងប្អូនជនរួមជាតិទាំងអស់ ជាពិសេសប្អូនៗនិស្សិតដែលមានវត្តមាននៅក្នុងប្រទេសអ៊ីស្រាអែល និងក្រុមគ្រួសារ សូមប្រកបទៅដោយសេចក្ដីសុខ សុវត្ថិភាព និងទទួលបានជោគជ័យក្នុងគ្រប់កិច្ចការទាំងអស់៕