ប៉ូលិសក្រុងភ្នំពេញបង្ក្រាបបានចោរជាជនជាតិចិន៣នាក់កាត់ចំរឹងបង្អួចលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋ
កម្លាំងសមត្ថកិច្ចនគរបាលខណ្ឌសែនសុខបានឃាត់ខ្លួនជនសង្ស័យជាជនជាតិចិនបានចំនួន០៣នាក់ពាក់ព័ន្ធករណីគាស់ផ្ទះលួចទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៣។
ប្រភពព័ត៌មានបានឱ្យដឹងថា កម្លាំងនគរបាលខណ្ឌសែនសុខ បានធ្វើការស្រាវជ្រាវរហូតឃាត់ជនជាតិចិន៣នាក់ ករណីគាស់ផ្ទះប្រជាពលរដ្ឋលួចយកទ្រព្យសម្បត្តិ(កាត់ចំរឹងបង្អួចយកសម្ភារះ)នៅចំណុចផ្ទះវីឡាលេខ១៨៤ផ្លូវ២០០៤ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីវេលាម៉ោងប្រមាណជា២៖៣០នាទីរំលងអាធ្រាត្រថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៣។
ប្រតិបត្តិការបង្ក្រាបខាងលើនេះ ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដឹកនាំពីលោកវរៈសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ និងលោកវរៈសេនីយ៍ទោ គួច សុភា អធិការរងព្រហ្មទណ្ឌបានសហការជាមួយកំលាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ។
បច្ចុប្បន្នជនសង្ស័យជនជាតិចិនទាំង៣នាក់ខាងលើ ត្រូវបានបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញដេីម្បីផ្តន្ទាទោសតាមផ្លូវច្បាប់៕