ស្អែកនេះ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មីនឹងទទួលជើងហោះហើរពាណិជ្ជកម្មដំបូងគេបង្អស់ដោយនាំទាំងភ្ញៀវទេសចរណ៍ចិនប្រមាណ៣០០នាក់ទស្សនាប្រាសាទអង្គរ

 


អាកាសយានដ្ឋានអន្តរជាតិសៀមរាបចាស់នឹងត្រូវបិទទ្វារនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង១២:០០យប់តទៅ ហើយចាប់ពីព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ ២០២៣តទៅ ខេត្តសៀមរាបនឹងប្រើប្រាស់អាកាសយានដ្ឋានអន្តរជាតិថ្មីវិញ។

សូមជម្រាបថា៖ អាកាសយន្តហោះអន្តរជាតិចាស់បានបើកដំណើរការដំបូងក្នុងឆ្នាំ១៩៣២ ក្នុងសម័យអាណានិគមបារាំងមកម្ល៉េះ ហើយបើកដំណើរការទ្បើងវិញម្តងទៀតក្នុងឆ្នាំ ២០០៦។

ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣តទៅខេត្តសៀមរាបនឹងប្រើប្រាស់អាកាសយានដ្ឋានអន្តរជាតិថ្មីវិញដែលមានចម្ងាយពីប្រាសាទអង្គរវត្ត៤០ គីទ្បូម៉ែត្រ និង៥១គីទ្បូម៉ែត្រពីក្រុងសៀមរាប ទីតាំងស្ថិតនៅក្នុងឃុំតាយ៉ែក ស្រុកសូទ្រនិគម វិនិយោគដោយវិនិយោគគិនចិនក្នុងផ្ទៃដី៧០០ហិកតា ដែលចំណាយទឹកប្រាក់វិនិយោគប្រមាណជាង១០០០លានដុល្លារ ដែលជាការវិនិយោគBOT ក្នុងរយៈពេល៥៥ ឆ្នាំ។

នៅថ្ងៃទី១៦ ខែតុលា ស្អែកនេះ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ និងប្រារព្ធពិធីស្វាគមន៍ទទួលជើងហោះហើរពាណិជ្ជកម្មដំបូងគេបង្អស់ហោះនិងចុះចតមកកាន់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ជាពិសេសគឺយន្តហោះនេះបាននាំភ្ញៀវទេសចរណ៍ចិន ប្រមាណជាង៣០០នាក់ មកទស្សនាកម្ពុជាព្រះរាជាណាចក្រអច្ឆរិយ យើងផងដែរ។

សូមអបអរសាទរសមិទ្ធិផលប្រវត្តិសាស្រ្តថ្មី ក្រោមគំនិតផ្តួចផ្តើមឡើងសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការដ៏សំខាន់ រវាងកម្ពុជា និងចិន។ នេះជាសក្ខីភាពមួយដែរ បញ្ជាក់អំពីការខិតខំប្រឹងប្រែងយ៉ាងសកម្មនៃប្រទេសទាំងពីរ ជម្រុញកិច្ចដំណើរការគម្រោង ផ្លូវមួយខ្សែក្រវ៉ាត់មួយ ជាមួយ នឹងយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា និង ពន្លឿនសេដ្ឋកិច្ច ក្នុងយុទ្ធសាស្ត្របញ្ចកោណ នីតិកាលទី៧របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង