លោកស្នងការ សិទ្ធិ ឡោះ ជម្រុញឲ្យកងកម្លាំងទូទាំងខេត្តបន្ទាយមានជ័យត្រូវក្តាប់មុខសញ្ញាភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែន និងការវិវត្តន៍ថ្មីៗឲ្យបាន
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានជម្រុញដល់កងកម្លាំងទូទាំងខេត្ត ពិសេសកម្លាំងជំនាញសន្តិសុខ ត្រូវក្តាប់ឲ្យបានរាល់ការវិវត្តន៍ថ្មីៗក្នុងខេត្ត មុខសញ្ញាភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែន។ ការជម្រុញរបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃចន្ទ ទី១៦ ខែតុលា ឆ្នាំ២០២៣នេះ ក្នុងការដឹកនាំកងកម្លាំងក្នុងស្នងការដ្ឋានខេត្តគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងពិធីខាងលើ លោកស្នងការបន្តជម្រុញដល់កម្លាំងទាំងអស់ត្រូវគោរពច្បាប់ គោរពវិន័យ គោរពបទបញ្ជា និងត្រូវធ្វើអនាម័យឲ្យស្អាតជាប្រចាំនៅទីកន្លែងធ្វើការ ដើម្បីសុខមាលភាពទាំងអស់គ្នា។
ជាមួយគ្នានោះលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ក៏បានកោតសរសើរចំពោះ អស់លោក លោកស្រី ថ្នាក់ដឹកនាំ និងពលនគរបាលចំណុះស្នងការដ្ឋានទាំងអស់ ដែលបានយកចិត្តទុកដាក់បំពេញការងារប្រចាំការ យាមល្បាត ការពារសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិបានយ៉ាងល្អគួរជាទីមោទន៕