នៅខេត្តបន្ទាយមានជ័យចាប់ពីថ្ងៃទី១តុលា ដល់ទី១៦ តុលា មានអ្នករងគ្រោះដោយសារលង់ទឹក១៣នាក់ ក្នុងនោះស្លាប់ទាំងចាស់ទាំងក្មេង១០នាក់និងជួយសង្រ្គោះបាន៣នាក់
មនុស្ស២នាក់បានស្លាប់ដោយសារលង់ទឹកនៅ២ករណីដោយឡែកពីគ្នា៖ ករណីទី១-នៅស្រុកមង្គលបូរី និងករណីទី២-នៅស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
បើតាមនគរបាលស្រុកមង្គលបូរីបានឲ្យដឹងថា នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង៣៖៤០នាទីរសៀល មានករណីបាត់មនុស្សម្នាក់នៅចំណុចប្រឡាយព្រែកសឿ ខាងលិចភូមិបឹងតូច ឃុំសឿ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
ជនរងគ្រោះឈ្មោះ ឈឿន ពេជ្ជរ៉ា ភេទប្រុស អាយុ ២៤ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ បានជិះគោយន្តទៅលេងទឹកនៅប្រឡាយព្រែកសឿជាមួយបងប្អូនឪពុកម្តាយមុនពេលត្រឡប់មកផ្ទះវិញ ក៏មូលបងប្អូន ស្រាប់តែបាត់ឈ្មោះ ឈឿន ពេជ្ជរ៉ា មិនដឹងថាទៅណារកមិនឃើញ ហើយបាននាំគ្នាដើររករហូតដល់ម៉ោង១២យប់ នៅតែរកមិនឃើញ រហូតដល់ព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣ ម្តាយរបស់ជនរងគ្រោះ បានមករាយការណ៍ជូនសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលសឿ ឲ្យជួយស្រាវជ្រាវរកកូនរបស់គាត់ផង។
ក្រោយទទួលបានព័ត៌មានកម្លាំងប៉ុស្តិ៍ រួមនិងប្រជាការពារ ព្រមទាំងសាច់ញាតិបានចុះស្រាវជ្រាវតាមប្រឡាយទឹកហូររហូតដល់ម៉ោង២៖៤៧នាទី រសៀលថ្ងៃទី១៥ ខែតុលា ទើបប្រទះឃើញសព ឈ្មោះ ឈឿន ពេជ្ជរ៉ា លង់ទឹកស្លាប់នៅចំណុចវាលស្រែខាងកើតប្រឡាយព្រែកចំណោមចំងាយ ៥០ម៉ែត្រ ។មួយករណីទៀតនៅស្រុកអូរជ្រៅ៖ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង១២៖០០នាទី មានករណីក្មេងលង់ទឹកស្លាប់ក្នុងចំណោមក្មេង៤នាក់ បានកើតឡើងនៅចំណុចប្រឡាយកាយថ្មីខាងកើតជាប់ផ្លូវលំក្រាលកៅស៊ូចម្ងាយ២ម៉ែត្រ(ក្នុងប្រឡាយ) មានទទឹង៤ម៉ែត្រជំរៅ៤ម៉ែត្រ ជាប្រឡាយរដ្ឋ នៅភូមិកណ្តាល ឃុំសំរោង ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ក្មេងរងគ្រោះឈ្មោះ នី តា ភេទស្រី អាយុ៤ឆ្នាំនៅភូមិវត្តឃុំសំរោង ស្រុកអូរជ្រៅ។
នគរបាលស្រុកអូរជ្រៅបានឲ្យដឹងថា៖ ឆ្លងតាមការបំភ្លឺ របស់ឈ្មោះ ផាវ ផេង ភេទប្រុស អាយុ ៣២ឆ្នាំត្រូវជាឪពុកមានៅភូមិវត្ត ឃុំសំរោង ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បានរៀបរាប់ថា៖នៅមុនពេលកើតហេតុ គាត់(ត្រូវជាឪពុកមា)នាំក្មួយទៅលេងទឹក ចំនួន៤នាក់, ស្រី៣នាក់ ពេលទៅដល់កន្លែងទឹក គាត់កំពុងតែដាក់ជញ្ទុលម៉ូតូ ក៏ស្រាប់តែក្មេងទាំង៤នាក់នោះ រត់ចុះទឹកលង់ទាំង៤នាក់ ពេលនោះបានកម្លាំងនគរបាលការពារនៅទីនោះនឹងប្រជាពលរដ្ឋបានជួយសង្រ្គោះទាន់ចំនួន៣នាក់ ក្នុងនោះស្រី២នាក់ ។ដោយឡែក ក្មេងស្រីរងគ្រោះឈ្មោះ នី តា អាយុ ៤ឆ្នាំនៅពេលបានស្រង់ពីទឹកស្លាប់បាត់ទៅហើយ ។
គួរបញ្ជាក់ថា យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ចាប់ពីថ្ងៃទី០១ ខែតុលាឆ្នាំ២០២៣ មកទល់ថ្ងៃទី១៦ ខែតុលាឆ្នាំ២០២៣ មានអ្នករងគ្រោះដោយសារលង់ទឹកសរុបចំនួន១៣នាក់ ក្នុងនោះស្លាប់ទាំងចាស់ទាំងក្មេងសរុបចំនួន១០នាក់និងជួយសង្រ្គោះបាន០៣នាក់(ក្មេង)៕