គណៈប្រតិភូក្រសួងមហាផ្ទៃចូលរួមកិច្ចប្រជុំសប្ដាហ៍បច្ចេកវិទ្យាអន្តរជាតិសិង្ហបុរី និង​សន្និសីទថ្នាក់រដ្ឋមន្ត្រីអាស៊ាន និងកិច្ចប្រជុំតុមូលឧត្តមមន្ត្រីអាស៊ាន នៅប្រទេសសិង្ហបុរី

រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ នារសៀលថ្ងៃពុធ ទី១៦ ខែតុលា ឆ្នាំ២០២៣នេះ បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃចូលរួមកិច្ចប្រជុំសប្ដាហ៍បច្ចេកវិទ្យាអន្តរជាតិសិង្ហបុរី Singapore International Cyber Week (SICW) លើកទី៨ និង​សន្និសីទថ្នាក់រដ្ឋមន្ត្រីអាស៊ានស្ដីពី «សន្តិសុខបច្ចេក​វិទ្យាព័ត៌មាន លើកទី៨» និងកិច្ចប្រជុំតុមូលឧត្តមមន្ត្រីអាស៊ានលើកទី៩ នៅប្រទេសសិង្ហបុរី។

នៅក្នុងកិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម ឧត្តមសេនីយ៍ឯក ហោ សំអាត អគ្គនាយក និងថ្នាក់ដឹកនាំ នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ និងមន្ត្រីពាក់ព័ន្ធមួយចំនួនផងដែរ។

គួរបញ្ជាក់ថា កិច្ចប្រជុំសប្ដាហ៍បច្ចេកវិទ្យាអន្តរជាតិសិង្ហបុរី Singapore International Cyber Week (SICW) ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ ក្រោមប្រធានបទ «ការកសាងទំនុកចិត្ត និងសុវត្ថិភាពនៅក្នុងវិស័យឌីជីថលដែលកំពុងតែរីកចម្រើន» ក្នុងគោលបំណងស្វែងយល់អំពីផលប៉ះពាល់នៃការអភិវឌ្ឍឌីជីថលក្នុងក្របខណ្ឌពហុភាគីជាសកល និងអំពីវិធីសាស្ត្រការពារសុវត្ថិភាពសំដៅកសាងទំនុកចិត្តក្នុងប្រព័ន្ធឌីជីថល។

សម្រាប់កិច្ចប្រជុំតុមូលឧត្តមមន្ត្រីអាស៊ានលើកទី៩ ស្ដីពី បទល្មើសបច្ចេកវិទ្យា ដែលនឹងប្រព្រឹត្តឡើងនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ គឺជាកិច្ចប្រជុំជាន់ខ្ពស់រវាងថ្នាក់ដឹកនាំក្រុមការងារទទួលបន្ទុកឧក្រិដ្ឋកម្មឆ្លងដែនមកពីប្រទេសសមាជិកអាស៊ាន និងអាស៊ានបូកបី និងអ្នកជំនាញពាក់ព័ន្ធ ដើម្បីពិភាក្សាលើការគំរាមកំហែង ការវិវត្តន៍នានា និងដំណោះស្រាយលើបញ្ហាបទល្មើសបច្ចេកវិទ្យា៕

អត្ថបទដែលជាប់ទាក់ទង