រាល់បញ្ហាអាទិភាពរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ត្រូវបានពិនិត្យ ដោះស្រាយ និងឆ្លើយតបប្រកបដោយហេតុផលច្បាស់លាស់
«រាល់បញ្ហាអាទិភាពរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ត្រូវបានពិនិត្យ ដោះស្រាយ និងឆ្លើយតប (បាន ឬ មិនបាន) ប្រកបដោយហេតុផលច្បាស់លាស់។ គ្រប់អ្នកពាក់ព័ន្ធទាំងអស់ក្នុងមូលដ្ឋាន ត្រូវបានរួមបញ្ចូលក្នុងដំណើរការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ ទន្ទឹមនឹងនេះ ក្រុមប្រឹក្សាខេត្តនឹងបង្កើតបាននូវវប្បធម៌នៃការពិភាក្សា និងលើកកម្ពស់គណនេយ្យភាពសង្គមតាមបែបប្រជាធិបតេយ្យ ក្នុងការផ្ដល់ព័ត៌មានជូនប្រជាពលរដ្ឋ អំពីសមិទ្ធផលដែលក្រុមប្រឹក្សាសម្រេចបានកន្លងមក និងបញ្ហាប្រឈមនានាក្នុងការអនុវត្ត។ ផ្ដល់ឱកាសជូនប្រជាពលរដ្ឋលើកឡើងអំពីបញ្ហាសំណើ សំណូមពរ ដែលជួបប្រទះក្នុង ជីវភាពរស់នៅ និងការអនុវត្តតួនាទី ភារកិច្ចរបស់មូលដ្ឋាន ទទួលយកអនុសាសន៍ និងសំណូមពររបស់ប្រជាពលរដ្ឋ ដើម្បីពិភាក្សា និងឆ្លើយតប»។
ខាងលើនេះ ជាការគូសបញ្ជាក់របស់ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាលនាព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ ក្នុង «វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តកណ្ដាលលើកទី៥ អាណត្តិទី៣ ឆ្នាំ២០២៣» ស្ថិតក្នុងបរិវេណវត្តទន្លេអ៊ុំ ភូមិត្រពាំងត្នោត ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល។
ជាមួយនោះ ឯកឧត្តម គង់ សោភ័ណ្ឌ បានបន្តថា ការរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ គឺជាការផ្ដល់ឱកាសជូនប្រជាពលរដ្ឋ បានប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមករវាងរដ្ឋបាលខេត្ត ជាមួយរដ្ឋបាលក្រុង ស្រុក រដ្ឋបាលឃុំ សង្កាត់ ប្រជាពលរដ្ឋ តំណាងអង្គការសង្គមស៊ីវិល វិស័យឯកជន និងក្រុមប្រឹក្សាប្រភេទផ្សេងៗគ្នា ដើម្បីផ្លាស់ប្ដូរ នូវបទពិសោធន៍ និងផ្តល់ប្រឹក្សាអំពីអាទិភាពនៃការអភិវឌ្ឍខេត្តប្រកបដោយចីរភាព និងប្រសិទ្ធភាព។
គួរជម្រាបជូនថា វេទិកាផ្សព្វផ្សាយខាងលើនេះ មានការចូលរួមពីឯកឧត្ដមប្រធានក្រុមប្រឹក្សាខេត្ត សមាជិកក្រុមប្រឹក្សា ស្រុក ខេត្ត អភិបាលរងខេត្ត ប្រធានមន្ទីរពាក់ព័ន្ធ កងកម្លាំងសមត្ថកិច្ចទាំងបី គណៈអភិបាលស្រុក មន្ត្រីរាជការក្រោមឱវាទ និងប្រជាពលរដ្ឋក្នុងមូលដ្ឋានជាច្រើននាក់ផងដែរ៕