អគ្គនាយកដ្ឋានពន្ធនាគារចេញសេចក្ដីបំភ្លឺពាក់ព័ន្ធពិរុទ្ធជនឈ្មោះ សុខ សុវណ្ណវឌ្ឍនាសាប៊ុង អតីតប្រធានគណបក្សខ្មែរក្រោក
នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣នេះ អគ្គនាយកដ្ឋានពន្ធនាគារបានចេញសេចក្ដីបំភ្លឺមួយពាក់ព័ន្ធករណីពិរុទ្ធជនឈ្មោះ សុខ សុវណ្ណវឌ្ឍនាសាប៊ុង ហៅ William Guang អតីតប្រធានគណបក្សខ្មែរក្រោក បន្ទាប់ពីពិរុទ្ធជននេះ បានលួចប្រើប្រាស់ទូរស័ព្ទ និងបញ្ចេញសារនយោបាយពីក្នុងពន្ធនាគារ។
តាមរយៈសេចក្ដីបំភ្លឺ អគ្គនាយកដ្ឋានពន្ធនាគារ បានសម្រេចដាក់ពិន័យពិរុទ្ធជន សុខ សុវណ្ណវឌ្ឍនាសាប៊ុង ហៅ William Guang ឲ្យនៅក្នុងបន្ទប់ដាក់វិន័យ ហាមប្រើប្រាស់ទូរស័ព្ទអចល័ត និងមិនអនុញ្ញាតឲ្យជួបសួរសុខទុក្ខជាមួយញាតិមិត្តខាងក្រៅ រយៈពេល២សប្ដាហ៍ ចុះកំណត់ហេតុល្មើសបញ្ជាផ្ទៃក្នុង និងបង្កើនចំណាត់ការថ្នាក់សន្ដិសុខ។
អគ្គនាយកដ្ឋានពន្ធនាគារ បានអះអាងថា សារនយោបាយដែលត្រូវបានផ្សព្វផ្សាយតាមបណ្ដាញសង្គមនោះ តាមការស្រាវជ្រាវពីមន្ត្រីជំនាញទូរគមនាគមន៍ សារសម្លេងទាំងស្រុងខាងលើត្រូវបានបញ្ចេញតាម ប្រព័ន្ធទូរស័ព្ទអចល័ត (ជាប់ជញ្ជាំង) សម្រាប់ជនជាប់ឃុំប្រើប្រាស់ស្របច្បាប់ កាលពីវេលាម៉ោង១៥៖៤៧នាទីរសៀល ថៃ្ងព្រហស្បតិ៍ ទី១២ ខែតុលា ឆ្នាំ២០២៣ ពីអគារ «ក» នៃមណ្ឌលអប់រំកែប្រែ ទី១ ទៅកាន់ឈ្មោះ មាស សុភ័ក្រ្ត ដែលជាប្រធានស្តីទី គណបក្សខ្មែរក្រោក ទូរស័ព្ទលេខ ០៨៧ ៣៣៣ ៣៦២ និងត្រូវបានឈ្មោះនេះថតទុកក្នុងពេលសន្ទនា និងយកទៅបង្ហោះចែកចាយលើ គណនីបណ្តាញសង្គម TikTok កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣៕