រាជរដ្ឋាភិបាលកម្ពុជាបដិសេធព័ត៌មានមិនពិតដែលផ្សាយដោយសកម្មជនបក្សប្រឆាំងក្រៅស្រុកមួយចំនួនដែលថា មាននិស្សិតខ្មែរ២នាក់ទៀតបានស្លាប់
អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា សូមបញ្ជាក់ថា និស្សិតខ្មែរជាង៤៥០នាក់ដែលកំពុងសិក្សានិងហាត់ការនៅក្នុងប្រទេសអ៊ីស្រាអែលមានសុវត្ថិភាពជាធម្មតា និងកំពុងបំពេញកម្មសិក្សានៅតាមកសិដ្ឋានរៀងៗខ្លួន។
អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមបដិសេធព័ត៌មានមិនពិតដែលផ្សាយដោយសកម្មជនបក្សប្រឆាំងក្រៅស្រុកមួយចំនួនដែលថា មាននិស្សិតខ្មែរពីរនាក់ទៀតស្លាប់។
អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមបញ្ជាក់ជូនជាថ្មីថា រាជរដ្ឋាភិបាលដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី យកចិត្តទុកដាក់ជានិច្ចចំពោះសុខទុក្ខនិស្សិតខ្មែរទាំងអស់នៅក្នុងប្រទេសអ៊ីស្រាអែល ដោយចាត់ទុកសុវត្ថិភាពរបស់ពួកគេជាអាទិភាពចម្បងបំផុត។
ក្រុមការងាររបស់រាជរដ្ឋាភិបាល ដែលមានក្រសួងការរទេសនិងសហប្របត្តិការអន្តរជាតិ ក្រសួងអប់រំ ក្រសួងកសិកម្ម ព្រមទាំងស្ថាប័នមានសមត្ថកិច្ចមួយចំនួនទៀតធ្វើការទាក់ទងជាប្រចាំជាមួយនិស្សិត និងម្ចាស់កសិដ្ឋានដែលពួកគេស្នាក់នៅក៏ដូចជាអាជ្ញាធរអ៊ីស្រាអែលដើម្បីការពារសុវត្ថិភាពជូននិស្សិតខ្មែរទាំងអស់ ក៏ដូចជាអន្តរាគមន៍ដោះស្រាយបញ្ហាជូនពួកគេជាបន្ទាន់ប្រសិនបើពួកគេត្រូវការ៕