រដ្ឋមន្ត្រី ប៉េង ពោធិ៍នា ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងដើម្បីពិនិត្យពិភាក្សាបន្ថែម លើសេចក្តីព្រាងអនុក្រឹត្យស្តីពីការកំណត់ល្បឿនសម្រាប់យានយន្ត

រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ប៉េង ពោធិ៍នា នាព្រឹកថ្ងៃអង្គារ ទី១៧ ខែតុលា ឆ្នាំ២០២៣នេះ បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុងដើម្បីពិនិត្យពិភាក្សាបន្ថែម លើសេចក្តីព្រាងអនុក្រឹត្យស្តីពីការកំណត់ល្បឿនសម្រាប់យានយន្ត ដែលអនុក្រឹត្យនេះ មានគោលបំណងកំណត់ល្បឿនបើកបរយានយន្តគ្រប់ប្រភេទដែលធ្វើចរាចរណ៍នៅលើផ្លូវថ្នល់ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក និងការប្រើប្រាស់ពេលវេលាឱ្យបានសមស្រប។

ក្នុងកិច្ចប្រជុំខាងលើ បានធ្វើការពិនិត្យពិភាក្សា ផ្លាស់ប្តូរយោបល់យ៉ាងផុសផុល ក្នុងគោលបំណងធ្វើឱ្យសេចក្តីព្រាងអនុក្រឹត្យនេះ មានអត្ថន័យគ្រប់ជ្រុងជ្រោយធានាដល់ការអនុវត្តច្បាប់ស្តីពីការកំណត់ល្បឿនបើកបរ សំដៅលើកកម្ពស់សុវត្ថិភាព និងសណ្តាប់ធ្នាប់ក្នុងការប្រើប្រាស់ផ្លូវថ្នល់ ឱ្យកាន់តែប្រសើរឡើង។

ទន្ទឹមនោះ អង្គប្រជុំក៏បានពិនិត្យផ្ទៀងផ្ទាត់ និងកែសម្រួលឡើងវិញនូវ ពាក្យពេចន៍ ឃ្លាឃ្លោង និងការកំណត់និយមន័យ វាក្យស័ព្ទមួយចំនួន ដើម្បីឱ្យស្របនឹងបរិបទសង្គមបច្ចុប្បន្នផងដែរ៕

អត្ថបទដែលជាប់ទាក់ទង