រដ្ឋមន្ត្រី ឈាង រ៉ា ៖ បន្ទាប់ពីមានទំនាក់ទំនងការទូតពីឆ្នាំ១៩៥៨ ចំណងមិត្តភាពរវាងកម្ពុជា-ចិនមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ជាពិសេសក្នុងវិស័យសុខាភិបាល
«បន្ទាប់ពីមានទំនាក់ទំនងការទូតពីឆ្នាំ១៩៥៨ចំណងមិត្តភាពរវាងកម្ពុជា-ចិនមានការរីកចម្រើនគួរឱ្យកត់សម្គាល់ និងបានថ្លែងអំណរគុណចំពោះប្រជាជន និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានជួយគាំទ្រដល់ប្រជាជនកម្ពុជាយ៉ាងខ្លាំងក្លា ជាពិសេសក្នុងវិស័យសុខាភិបាល តាមរយៈគម្រោងជំនួយរបស់មិត្តចិនជាច្រើនត្រូវបានផ្តល់ជូនកម្ពុជា ដូចជាមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ខេត្តត្បូងឃ្មុំ ការផ្តល់រថយន្តសង្គ្រោះគិលានសង្គ្រោះ ការផ្តល់គ្លីនិកចល័ត និងឧបករណ៍បរិក្ខារវេជ្ជសាស្ត្រជាច្រើន ជាពិសេសបានបញ្ជូនអ្នកជំនាញឯកទេសក្នុងការជួយលើផ្នែកបច្ចេកទេស ក្នុងអំឡុងពេលដែលពិភពលោកទាំងមូលរងនូវការរីករាលដាលជំងឺកូវីដ-១៩នៅកម្ពុជា»។
ការគូសបញ្ជាក់របស់ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលក្នុងជំនួបពិភាក្សាការងារជាមួយ ឯកឧត្តមសាស្ត្រាចារ្យ Xuetao CAO រដ្ឋមន្ត្រីស្ដីទីនៃគណៈកម្មាធិការសុខាភិបាលជាតិ នៃសាធារណរដ្ឋប្រជាមានិតចិន នៅទីស្តីការគណៈកម្មាធិការសុខាភិបាលជាតិ កាលពីព្រឹកថ្ងៃអង្គារ ទី១៧ ខែតុលា ឆ្នាំ២០២៣ ទីក្រុងប៉េងកាំង សាធារណរដ្ឋប្រជាមានិតចិន។
នាឱកាសនោះ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះប្រជាជន និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានជួយគាំទ្រដល់ប្រជាជនកម្ពុជា ជាពិសេសលើវិស័យសុខាភិបាល និងបានគូសបញ្ជាក់ថា ក្រសួងសុខាភិបាលកម្ពុជា និងគណៈកម្មាធិការសុខាភិបាលជាតិ នៃសាធារណរដ្ឋប្រជាមានិតចិនបានពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការកាន់តែរឹងមាំតាមរយៈគម្រោងជាច្រើនមានដូចជា៖ ១៖ កិច្ចសហប្រតិបត្តិការទ្វេភាគី ២៖ កិច្ចសហប្រតិបត្តិការក្រោមជំនួយហិរញ្ញប្បទានឥតសំណងពិសេស និង៣៖ កិច្ចសហប្រតិបត្តិការ មេគង្គ-ឡានឆាង។
ជាមួយគ្នានេះ ឯកឧត្តមសាស្ត្រាចារ្យ Xuetao CAO បានគូសបញ្ជាក់ថា ភាគីមិត្តចិនសូមកោតសរសើរក្រសួងសុខាភិបាលកម្ពុជា ចំពោះកិច្ចសហការល្អ ជាពិសេសតាមរយៈកិច្ចសហប្រតិបត្តិការសុខាភិបាល អាស៊ាន-ចិន ដែលក្នុងនោះភាគីមិត្តចិន បានស្នើគម្រោងបង្កើតមជ្ឈមណ្ឌលសុខភាពមាតា និងទារក អាស៊ាន-ចិន ដែលកម្ពុជាបានធ្វើការគាំទ្រយ៉ាងពេញទំហឹងចំពោះសំណើរនេះ។ ភាគីមិត្តចិនសង្ឃឹមយ៉ាងមុតមាំថា កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងវិស័យសុខាភិបាលនឹងឈានឡើងទៅដល់កម្រិតខ្ពស់។
ទន្ទឹមនឹងនេះ ឯកឧត្តមសាស្ត្រាចារ្យ បានបញ្ជាក់បន្ថែមទៀតថា ភាគីមិត្តចិននឹងពិនិត្យលើគម្រោងដែលក្រសួងសុខាភិបាលកម្ពុជាបានលើកសំណើឱ្យបានឆាប់រហ័ស ព្រមទាំងសន្យាថានឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រសួងសុខាភិបាលឱ្យកាន់តែរឹងមាំបន្ថែមទៀត។
គួរបញ្ជាក់ថា ក្នុងជំនួបពិភាក្សាការងារ ក្រសួងសុខាភិបាលកម្ពុជា បានស្នើភាគីមិត្តចិនជួយពិនិត្យ និងជំរុញគម្រោងដែលក្រសួងសុខាភិបាលកម្ពុជា បានលើកសំណើដែលកំពុងពិចារណា រួមមាន៖
១៖ កិច្ចសហប្រតិបត្តិការទ្វេភាគី (គម្រោងផ្គត់ផ្គង់សម្ភារបរិក្ខារវេជ្ជសាស្ត្រ ដើម្បីបង្កើតបន្ទប់វះកាត់ជំងឺបេះដូង និងសរសៃរឈាមនៃមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ គម្រោងកែប្រែមន្ទីរពេទ្យហ្លួងម៉ែទៅជាមន្ទីរពេទ្យឯកទេសព្យាបាលជំងឺមហារីក គម្រោងធ្វើឱ្យប្រសើរឡើងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ គម្រោងអភិវឌ្ឍន៍មណ្ឌលសុខភាពនៅតាមបណ្តាខេត្ត)។
២៖ ហិរញ្ញប្បទានឥតសំណងពិសេស (ការសាងសង់ និងជួសជុលមណ្ឌលសុខភាព ជាគម្រោងអាទិភាពក្នុងគ្រាអាសន្ន គម្រោងសាងសង់អគារពិនិត្យព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តតាកែវ)។
៣៖ កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង (បង្កើនសមត្ថភាពសហគមន៏ និងមន្ត្រីសុខាភិបាលប្រយុទ្ធនឹងជំងឺគ្រុនឈាមក្នុងខេត្តមួយចំនួន គម្រោងកាត់បន្ថយការចំលងជំងឺគ្រុនឈាម តាមរយៈការអប់រំសុខភាព និងការចូលរួមរបស់សហគមន៍ក្នុងខេត្តដាច់ស្រយាល)៕