ឯកឧត្តម ហាក់ សុខមករា បញ្ជាឱ្យកាយបើកមុខលូបង្ហូរទឹកកាត់ទទឹងផ្លូវជាតិលេខ៣មួយកន្លែងទៀតដើម្បីបង្ហូរចូលទៅប្រឡាយអូរអាបទៅទន្លេបាទី
ឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្តកណ្តាលនៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣នេះ បានដឹកនាំក្រុមការងាររួមមាន៖ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត មន្ទីរធនធានទឹក និងឧតុនិយម អាជ្ញាធរស្រុកកណ្តាលស្ទឹង និងស្រុកគងពិសី ចុះពិនិត្យជំនន់លិចទឹកភ្លៀងលើផ្លូវជាតិលេខ៣ នៅចំណុចព្រំប្រទល់ខេត្តកំពង់ស្ពឺ ស្ថិតនៅភូមិភានសារ ឃុំព្រះនិពាន ស្រុកគងពិសី និងខេត្តកណ្តាល ស្ថិតនៅភូមិព្រៃទទឹង ឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹង នៅត្រង់ចំណុចគីឡូម៉ែត្រលេខ៣០ លើផ្លូវជាតិលេខ៣។
ជាមួយនោះ ឯកឧត្តម ហាក់ សុខមករា បានបញ្ជាឱ្យយកគ្រឿងចក្រអេស្កាកាយបើកមុខលូបង្ហូរទឹកកាត់ទទឹងផ្លូវជាតិលេខ៣ បន្ថែម ១កន្លែងទៀត និងមុខលូបង្ហូរទឹកដែលមានស្រាប់ចំនួន១កន្លែងផ្សេងទៀតដើម្បីបង្ហូរចូលទៅប្រឡាយអូរអាប ហូររំដោះទៅទន្លេបាទី ដើម្បីធ្វើឱ្យស្ថានភាពទឹកបន្តស្រកចុះ។
ទន្ទឹមនោះ ឯកឧត្តម ហាក់ សុខមករា បានណែនាំដល់ក្រុមការងារត្រូវបន្តកាយមុខលូរំដោះទឹកកាត់ទទឹងផ្លូវជាតិលេខ៣ បង្ហូរចូលទៅតាមប្រឡាយអូរអាប និងកាយតាមបណ្តោយប្រឡាយអូរអាបបើកមុខទឹកឲ្យបានធំ សំដៅធ្វើឱ្យចរន្តទឹកហូរបានលឿន ដើម្បីរំដោះជំនន់ទឹកភ្លៀងពីខេត្តកំពង់ស្ពឺឱ្យបានលឿនផងដែរ៕