រដ្ឋមន្ដ្រី កើត រិទ្ធ៖ ដើម្បីកែទម្រង់ប្រព័ន្ធយុត្តិធម៌គឺត្រូវអនុវត្តតាមសសរស្តមពីរ
«ដើម្បីកែទម្រង់ប្រព័ន្ធយុត្តិធម៌ គឺត្រូវអនុវត្តតាមសសរស្តមពីរ៖ ទី១៖ គឺត្រូវខិតខំ កែទម្រង់ប្រព័ន្ធតុលាការឱ្យបានស៊ីជម្រៅ ធ្វើម៉េចឱ្យមានសេវាល្អ គុណភាពល្អ។ ទី២៖ គឺការកែទម្រង់ប្រព័ន្ធយុត្តិធម៌ គឺការដាក់ចេញ ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដែលនេះក្រសួងយុត្តិធម៌ចាត់ទុកថា ជាការកែទម្រង់ ដ៏សំខាន់នៅកម្ពុជា ហើយអាចហៅបានថា ការកែទម្រង់ដោះស្រាយវិវាទនៅកម្ពុជាតែម្តង»។ នេះបើតាមការអះអាងរបស់ឯកឧត្តមឧបនាយករដ្ឋមន្រ្ដី កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ក្នុងពិធីប្រកាសមុខតំណែង ឯកឧត្តម ហុក វ៉ាន់ធីណា ជាប្រធានសាលាដំបូងខេត្តសៀមរាប ជំនួស ឯកឧត្តម ជឺ សុខ ដែលត្រូវបានផ្ទេរទៅកាន់ជា ប្រធានសាលាដំបូងខេត្តកណ្តាល នៅរសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣នេះ។
ទន្ទឹមនេះ ដើម្បីធ្វើឱ្យការងារនេះមានភាពជោគជ័យ ឯកឧត្តមរដ្ឋមន្ត្រី កើត រិទ្ធ បានណែនាំឲ្យចាប់ផ្តើមវាយតម្លៃសភាពការនៃស្ថាប័នតុលាការ និងមន្រ្តីយុត្តិធម៌នៅកម្ពុជា ដែលបច្ចុប្បន្ននេះមានចៅក្រុម និងព្រះរាជអាជ្ញានៅទូទាំងប្រទេសកម្ពុជាមានប្រមាណជាង៧០០នាក់ ក្នុងនោះព្រះរាជអាជ្ញាមានប្រហែល៥០ភាគរយ ហើយតុលាការ គឺមាននៅតែក្នុងទីរួមខេត្តប៉ុណ្ណោះ។
ជាមួយនោះ ឯកឧត្តមឧបនាយករដ្ឋមន្រ្ដីបានគូសរំលេចថា ចំនួនប្រជាជនកម្ពុជាមាននៅក្នុងរង្វង់១៧លាននាក់ ដូចនេះចំនួនចៅក្រុម និងព្រះរាជអាជ្ញា មិនទាន់អាចឆ្លើយតបទៅនឹង ការដោះស្រាយវិវាទតម្រូវការរបស់ប្រជាពលរដ្ឋបាននោះទេ។
ក្នុងពិធីប្រកាសខាងលើ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌បានបន្ថែមថា បើផ្អែកតាមចក្ខុវិស័យនៃការកែទម្រង់ និងបទពិសោធន៍ដែលមានពីសង្គម និងពិភពលោកទៅថ្ងៃអនាគតអាច ក្នុងរង្វង់២០ឆ្នាំទៀត កម្ពុជាប្រហែលត្រូវមានតុលាការថ្នាក់ស្រុក ដែលជាប្រភេទតុលាការ លហុមានតួនាទីសមត្ថកិច្ចដោះស្រាយ បទល្មើស លហុ ឬបទល្មើសតូចតាច ដើម្បីឱ្យប្រជាពលរដ្ឋអាចទទួលបានសេវាយុត្តិធម៌ និងដោះស្រាយវិវាទជូនពួកគាត់បានលឿន និងទាន់ ពេលវេលា។
នាឱកាសនោះ ឯកឧត្តម កើត រិទ្ធ ក៏បានលើកឡើងដែរថា ការកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ គឺជាកិច្ចការ អាទិភាពជាប់ជាប្រចាំ ព្រោះកិច្ចការនេះមានសារៈសំខាន់ ដើម្បីលើកស្ទួយសង្គមនីតិរដ្ឋនៅកម្ពុជា ដែលជាមូលដ្ឋានគ្រឹះ នៃការថែរក្សា សន្តិសុខ ស្ថេរភាព សណ្ដាប់ធ្នាប់សាធារណៈ ភាពសុខសាន្តរបស់ប្រជាជន ហើយនិងការអភិវឌ្ឍប្រទេសជាតិប្រកបដោយចីរភាព។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តីបន្តថា ការងារកែទម្រង់វិស័យយុត្តិធម៌របស់រាជរដ្ឋាភិបាលនីតិកាលទី៧នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបន្តចាត់ទុក “ការកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌” ជាការងារអាទិភាព និងបានរៀបចំការងារកែទម្រង់នេះជាមុំមួយដ៏សំខាន់ក្នុងចំណោមមុំទាំង ៥ ដែលបង្កើតបានជាស្នូលនៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ហើយសម្តេចប្រមុខរាជរដ្ឋាភិបាល បានសម្រេចប្រគល់ភារកិច្ចនេះជូនក្រសួងយុត្តិធម៌ ក្នុងការរៀបចំ ផែនការ សកម្មភាពជាក់ស្តែង សំដៅធ្វើយ៉ាងណាសម្រេចឱ្យបាននូវកិច្ចការអាទិភាពសំខាន់ៗចំនួន ៣ ដែលក្នុងនោះរួមមាន៖ ទី១៖ ការបង្កើត យន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បន្ថែមលើយន្តការដែលមានស្រាប់ ដើម្បីជួយសម្រុះសម្រួល ដោះស្រាយវិវាទឱ្យបាន ឆាប់រហ័ស ជាពិសេស វិវាទរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។ ទី២៖ ការជំរុញ និងពន្លឿនការដោះស្រាយសំណុំរឿងក្តីនៅតាម តុលាការឱ្យបានឆាប់រហ័ស និង ទី៣៖ ការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ សំដៅជួយដោះស្រាយ រកយុត្តិធម៌ជូនប្រជាពលរដ្ឋ ក៏ដូចជា លើកកម្ពស់តម្លាភាព សុចរិតភាព និងភាពត្រឹមត្រូវ ក្នុងការអនុវត្តច្បាប់ និងចំណាត់ការរឿង ក្តីដោយតុលាការ៕