បង្ក្រាបបាននិងកម្ទេចចោលពងមាន់ខូចគុណភាពជាង៣០០០០គ្រាប់នៅខេត្តត្បូងឃ្មុំ

ពងមាន់ខូចគុណភាពជាង៣០០០០គ្រាប់ត្រូវបានមន្ត្រីសាខា ក.ប.ប. ខេត្តត្បូងឃ្មុំបង្ក្រាបបាននិងធ្វើការកម្ទេចចោលនៅទីតាំងដីឡូតិ៍មួយកន្លែងក្នុងខេត្តត្បូងឃ្មុំ។

មន្ត្រីសាខា ក.ប.ប. ខេត្តត្បូងឃ្មុំបានចូលរួមសហការជាមួយសាខាគយ និងរដ្ឋាករខេត្តធ្វើការកម្ទេចចោលពងមាន់ខូចគុណភាព ប្រមាណ៣២០០០គ្រាប់ នៅទីតាំងដីឡូតិ៍មួយកន្លែង ស្ថិតនៅភូមិស្រះទឹក ឃុំកោងកាង ស្រុកពណ្ញាក្រែក ខេត្តត្បូងឃ្មុំ នាថ្ងៃពុធ ទី១៨ ខែតុលា ឆ្នាំ២០២៣។

ពងមាន់ខូចគុណភាពទាំងនោះ ត្រូវបានការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់គេចពន្ធប្រចាំតំបន់៦ នៃសាខាគយ និងរដ្ឋាករខេត្ត ស្ទាក់ចាប់បានដែលឈ្មួញទុច្ចរិតបានលួចនាំចូលដោយខុសច្បាប់ពីប្រទេសជិតខាង។

មន្ត្រីជំនាញ ក.ប.ប. បញ្ជាក់ថា ដើម្បីចៀសវាងកុំឱ្យមានការចរាចរចូលទីផ្សារជាយថាហេតុដែលនាំឱ្យប៉ះពាល់ដល់សុខភាព មន្ត្រីជំនាញបានឯកភាពចាត់វិធានការកម្ទេចចោលតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង