ដំរីទេសចរណ៍ឈ្មោះ សំបូរ ហៅថា «ដំរីវត្តភ្នំ» បានស្លាប់កាលពីយប់មិញហើយនៅខេត្តមណ្ឌលគិរី
ដំរីទេសចរណ៍ឈ្មោះ សំបូរ ដែលយើងស្គាល់ជាទូទៅថា «ដំរីវត្តភ្នំ» នោះបានស្លាប់កាលពីយប់មិញហើយនៅខេត្តមណ្ឌលគិរីដែលជាកន្លែងចូលនិវត្តន៍ចុងក្រោយរបស់វា។ នេះបើតាមប្រភពដែលបណ្ដាញសារព័ត៌មាន The Mirror News ទទួលបាននៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣។
ប្រភពព័ត៌មានបានឲ្យដឹងទៀតថា មូលហេតុនៃការស្លាប់ គឺដោយសារវាឆ្លងជំងឺធ្មេញ បណ្តាលឲ្យសុខភាពចុះទ្រុឌទ្រោមខ្លាំងរយៈពេលមួយខែចុងក្រោយនេះ។
ប្រភពព័ត៌មានបន្ថែមថា យើងជឿថា ប្រជាជនកម្ពុជានិងភ្ញៀវទេសចរបរទេសជាច្រើនសុទ្ធតែមានអនុស្សាវរីយ៍ជាមួយដំរីនេះ ព្រោះវាបម្រើវិស័យទេសចរណ៍ក្នុងស្រុកជាយូរឆ្នាំរហូតដល់វ័យចូលនិវត្តន៍ក្នុងឆ្នាំ២០១៤ ហើយវាក៏ជាដំរីដ៏ចំណាស់នៃកម្ពុជា (អាយុ៦៣ឆ្នាំ) ដែលបានរស់រួចផុតពីរបបខ្មែរក្រហមផងដែរ៕