រដ្ឋមន្ត្រី ហ៊ុន ម៉ានី និងឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េបង្ហាញការសាទរចំពោះទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការល្អ

តបតាមសំណើរបស់ស្ថានទូតសាធារណរដ្ឋកូរ៉េ ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានទទួលជួបសំណេះសំណាល និងពិភាក្សាការងារ ជាមួយឯកឧត្តម Park Jung Wook ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និងសហការី ដែលជាថ្នាក់ដឹកនាំទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ(KOICA) ប្រចាំកម្ពុជា នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងមុខងារសាធារណៈ។

ថា្នក់ដឹកនាំទាំងពីរ បានបង្ហាញការសាទរចំពោះទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងកូរ៉េខាងត្បូង ដោយប្រទេសទាំងពីរបានរក្សាទំនាក់ទំនងយ៉ាងល្អ តាមរយៈដំណើរទស្សនកិច្ចផ្លូវការរបស់ថ្នាក់ដឹកនាំជាបន្តបន្ទាប់ ក៏ដូចជាការសហការគាំទ្រក្នុងនាមជាដៃគូរអភិវឌ្ឍជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម ព្រមទាំងលើគម្រោងអភិវឌ្ឍន៍តាមវិស័យផ្សេងៗក្នុងនោះក៏មានវិស័យមុខងារសាធារណៈផងដែរ។

នាឱកាសនៃជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងរម្លឹកពីកិច្ចសហប្រតិបត្តិការកន្លងជាមួយភាគីកូរ៉េខាងត្បូង ជាពិសេសការចុះអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងមុខងារសាធារណៈ ជាមួយក្រសួងគ្រប់គ្រងបុគ្គលិកនៃសាធារណរដ្ឋកូរ៉េ ស្តីពី «ការគ្រប់គ្រងធនធានមនុស្សក្នុងវិស័យមុខងារសាធារណៈ» កាលពីឆ្នាំ២០២១ , កិច្ចសហការអនុវត្តគម្រោងអភិវឌ្ឍសមត្ថភាពមន្ត្រីសាលាភូមិន្ទរដ្ឋបាល និងក្រសួងមុខងារសាធារណៈ រយៈពេល៣ឆ្នាំ (២០១៩-២០២១) រវាងសាលាភូមិន្ទរដ្ឋបាល និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) , កិច្ចសហប្រតិបត្តិការរវាងក្រសួង និងវិទ្យាស្ថានអភិវឌ្ឍន៍កូរ៉េ (KDI) ព្រមទាំង ក្របខណ្ឌកិច្ចសហប្រតិបត្តិការអាស៊ានលើវិស័យមុខងារសាធារណៈ (ACCSM និង ACCSM+3)។

ជាមួយគ្នានេះ ឯកឧត្តមឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ក៏បានគូសបញ្ជាក់ពីជំហរក្នុងការបន្តគាំទ្រ និងសហការលើគម្រោងអភិវឌ្ឍក្នុងវិស័យមុខងារសាធារណៈ ខណៈឯកឧត្តមរដ្ឋមន្ត្រី បានបង្ហាញការស្វាគមន៍ចំពោះកិច្ចសហការនានា ដែលចូលរួមជាចំណែក និងបម្រើជាប្រយោជន៍ក្នុងការអនុវត្តនូវបេសកកម្មរបស់ក្រសួង ក៏ដូចជាឆ្ពោះទៅរកការសម្រេចនូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ លើកិច្ចការកំណែទម្រង់រដ្ឋបាលសាធារណៈនៅកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង