ឯកឧត្តម ឈៀង ពេជ្រ អញ្ជើញចូលរួមសិក្ខាសាលាបណ្ដុះបណ្ដាល និងការផ្លាស់ប្ដូរទស្សនកិច្ចសិក្សា ស្ដីពីការប្រមូលទិន្នន័យ និងរៀបចំក្របខណ្ឌត្រួតពិនិត្យ និងវាយតម្លៃភស្តុភារកម្មថ្នាក់ជាតិ នៅប្រទេសឡាវ
ឯកឧត្តម ឈៀង ពេជ្រ អគ្គនាយក នៃអគ្គនាយកដ្ឋានភស្ដុភារកម្មនៅថ្ងៃពុធ ទី១៨ ខែតុលា ឆ្នាំ២០២៣បានដឹកនាំមន្ត្រីបច្ចេកទេស និងថ្នាក់ដឹកនាំនៃនាយកដ្ឋានផ្លូវដែកចូលរួមសិក្ខាសាលាបណ្ដុះបណ្ដាល និងការផ្លាស់ប្ដូរទស្សនកិច្ចសិក្សា ដែលប្រព្រឹត្តទៅនៅថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ នៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ ដោយមានការចូលរួមពីតំណាងក្រសួងសាធារណការ និងដឹកជញ្ជូន នៃប្រទេសឡាវ តំណាងក្រសួងផែនការ និងវិនិយោគ នៃប្រទេសឡាវ និងតំណាងវិទ្យាស្ថានអភិវឌ្ឍន៍ និងយុទ្ធសាស្ត្រដឹកជញ្ជូន (TDSI)។
សិក្ខាសាលានេះមានគោលបំណងសំខាន់ៗដូចជា៖១៖ ពង្រឹងសមត្ថភាពភាគីពាក់ព័ន្ធមកពីប្រទេសកម្ពុជា ឡាវ វៀតណាម (CLV Countries) ក្នុងការអភិវឌ្ឍប្រព័ន្ធត្រួតពិនិត្យ និងវាយតម្លៃភស្ដុភារកម្ម និងឧបករណ៍នៃការប្រមូលទិន្នន័យ។ ២៖ ចែករំលែកចំណេះដឹង និងការអនុវត្តនៅក្នុងប្រទេស CLV Countries។ ៣៖ ផ្លាស់ប្ដូរបទពិសោធន៍នៃវិស័យភស្ដុភារកម្មនៅក្នុងប្រទេសឡាវ។
គួរបញ្ជាក់ថា ក្រសួងសាធារណការ និងដឹកជញ្ជូនបាននិងកំពុងអនុវត្តគម្រោងបច្ចេកទេសស្ដីពីការកសាងសមត្ថភាព និងពង្រឹងស្ថាប័ន ដើម្បីរៀបចំក្របខណ្ឌត្រួតពិនិត្យ និងវាយតម្លៃវិស័យភស្តុភារកម្ម និងទិន្នន័យភស្តុភារកម្មនៅកម្ពុជា និងកិច្ចសហការរវាងប្រទេសកម្ពុជា-ឡាវ-វៀតណាម ដែលទទួលបានការគាំទ្រផ្នែកហិរញ្ញវត្តុដោយមូលនិធិសហប្រតិបត្តិការមេគង្គ-កូរ៉េ តាមរយៈវិទ្យាស្ថានមេគង្គ ក្នុងគោលបំណងពង្រឹងសមត្ថភាព និងកិច្ចសហប្រតិបត្តិការលើប្រព័ន្ធព័ត៌មាន និងភស្ដុភារកម្ម ក្នុងប្រទេស CLV Countries៕