នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត និងនាយករដ្ឋមន្ត្រីវៀតណាមបានជួបគ្នានៅក្រុងរីយ៉ាដ
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក ផាម មីញជីញ (Pham Minh Chính ) នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃសុក្រ ទី២០ ខែតុលា ឆ្នា២០២៣នេះ បានឆ្លៀតជួបគ្នាសម្តែងការគួរសម និងពិភាក្សាលើការងារមួយចំនួន ដើម្បីពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។
ជំនួបធ្វើឡើងនៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត ទីដែលនាយករដ្ឋមន្ត្រីកម្ពុជា និងវៀតណាម អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ (ASEAN-GCC Summit)។
សូមបញ្ជាក់ថា ជំនួបព្រឹកនេះ គឺជាជំនួបពិភាក្សាការងារលើកទី២រវាងសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកនាយករដ្ឋមន្ត្រីវៀតណាម។ ជំនួបលើកទី១ បានធ្វើឡើងកាលពីខែកញ្ញា នៅក្នុងប្រទេសឥណ្ឌូនេស៊ី តែជំនួបពេលនោះ ជាជំនួបត្រីភាគី ដោយមានការចូលរួមពីនាយករដ្ឋមន្ត្រីឡាវផងដែរ៕