រដ្ឋបាលខេត្តព្រះវិហារបើកវេទិការផ្សព្វផ្សាយនិងពិគ្រោះយោបល់ដើម្បីផ្ដល់ឱកាសជូនប្រជាពលរដ្ឋបានព្ចោញមតិពាក់ព័ន្ធនឹងក្ដីកង្វល់និងតំរូវការជាក់ស្ដែងក្នុងមូលដ្ឋាន
នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ រដ្ឋបាលខេត្តព្រះវិហារ បានរៀបចំវេទិការផ្សព្វផ្សាយ និងពិគ្រោះ យោបល់របស់ក្រុមប្រឹក្សាខេត្តអាណត្តិទី៣ ប្រព្រឹត្តិទៅក្នុងបរិវេណវត្តប្រាសាទប្រលាន (ហៅវត្តក្រាំងដូង) ស្ថិតនៅក្នុងភូមិក្រាំងដូង ឃុំព្រះឃ្លាំង ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ។
ពិធីនេះ ធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម ប្រាក់ សុ វណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្ត និងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ជាសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត កងកម្លាំងទាំងបី ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំ វិញខេត្ត អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋជាច្រើនរូប ។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ប្រាក់ សុវណ្ណ បានលើកឡើងថា វេទិការនាពេលនេះធ្វើឡើងក្នុងគោលបំណង ដើម្បីផ្ដល់ឱកាសជូនប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់ បានព្ចោញមតិរបស់ខ្លួន ដែលពាក់ព័ន្ធនឹងក្ដីកង្វល់សំណូមពរ និងតំរូវការជាក់ស្ដែងក្នុងមូលដ្ឋាន ដើម្បីឲ្យអាជ្ញាធរមានសម្ថតកិច្ចដោះស្រាយ និងឆ្លើយតបរាល់តំរូវការ សំណូមពរ ដែលបានលើកឡើងចំគោលដៅទាន់ពេលវេលា ក្នុងការកែលំអរក្នុងសហគមន៍ របស់ ពួកគាត់ឱ្យកាន់តែល្អប្រសើរ ជាពិសេសពង្រឹងការចូលរូមរបស់ប្រជាពលរដ្ឋ លើការអភិវឌ្ឍន៍នៅតាមមូលដ្ឋាន ឲ្យកាន់តែល្អប្រសើរឡើង ដើម្បីឆ្លើយតបទៅនឹងគោលការណ៍នៃការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់ ក្រោមជាតិ។
ឯកឧត្តមបានបន្ថែមថា វេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់នាថ្ងៃនេះ គឺពិភាក្សាទៅលើ ប្រធានបទមួយចំនួនដូចជា៖ សន្តិសុខសណ្តាប់ធ្នាប់សង្គម គោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ការគ្រប់គ្រងធនធានធម្មជាតិ ការប្រើប្រាស់ដីធ្លី ព្រៃឈើ កសិកម្ម និងជលផល ការងារអប់រំ យុវជន និងកីឡា និងបណ្តុះបណ្តាលវិជ្ជាជីវៈ សុខភាពអនាម័យ សុខភាពមាតា និងទារកកិច្ចគាំពាសង្គម ការទប់ស្កាត់ជំងឺឆ្លងកាចសាហាវ និងបញ្ហាផ្សេងៗ។
ក្នុងឱកាសនោះដែរ ឯកឧត្តម គីម រិទ្ធី បានជម្រាបជូនអំពីរបាយការណ៍សង្ខេប ស្តីពីសមិទ្ធផលសំខាន់ៗ ដែលរដ្ឋបាលខេត្តព្រះវិហារសម្រេចបាននាពេលកន្លងមក ដែលមានដូចជា៖ ការងារសន្តិសុខ សណ្តាប់ធ្នាប់សា ធារណៈ និងវិស័យជាអាទិភាពនានា។ បន្ថែមពីនេះ ឯកឧត្តមបានឲ្យដឹងថា ក្នុងរយៈពេល ៩ខែ ឆ្នាំ២០២៣ នេះ គ្រប់លទ្ធផលសកម្មភាពទាំងអស់ មានការវិវត្តន៍ និងរីកចម្រើនគួរឲ្យកត់សម្គាល់ ទាំងវិស័យសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ វិស័យសេដ្ឋកិច្ច សង្គមកិច្ច និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗដោយមានការចូលរួមពីគ្រប់ មជ្ឈដ្ឋានពាក់ព័ន្ធ អាជ្ញាធរក្រុង-ស្រុក និងមន្ទីរអង្គភាពជំនាញពាក់ព័ន្ធ។
ចូលរួមមតិក្នុងអង្គវេទិការផ្សព្វផ្សាយនាពេលនោះ អាជ្ញាធរភូមិ និងប្រជាពលរដ្ឋ បានលើកឡើងអំពី បញ្ហាមួយចំនួនដូចជា៖ បញ្ហាបណ្តាញអគ្គីសនី ស្ពាន ផ្លូវថ្នល់ ដែលរងការខូចខាត ដោយសារជំនន់ទឹកភ្លៀង ការប្រើប្រាស់ដីធ្លី ព្រៃឈើ ការផ្តល់ សេវាសុខភាព អនាម័យនៅក្នុងមូលដ្ឋានជាដើម។
បញ្ហាទាំងអស់ ដែលបងប្អូនប្រជាពលរដ្ឋ បានលើកឡើងត្រូវបានស្រាយបំភ្លឺ និងសម្របសម្រួលពីមន្ត្រី ជំនាញពាក់ព័ន្ធ ដើម្បីលើកកម្ពស់ការអភិវឌ្ឍមូលដ្ឋានឲ្យកាន់តែល្អប្រសើរឡើង បង្កើនប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាពជាមួយប្រជាពលរដ្ឋ៕