រដ្ឋមន្ត្រី កើត រិទ្ធ ៖ ក្រសួងយុត្តិធម៌បាននិងកំពុងរៀបចំផែនការសកម្មភាពសម្រាប់អនុវត្តវិធានការគន្លឹះទី៥ សំដៅពង្រឹង និងលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃប្រព័ន្ធយុត្តិធម៌

 

ផ្អែកតាមការប្រគល់ភារកិច្ចរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាល, ក្រសួងយុត្តិធម៌បាននិងកំពុងរៀបចំផែនការសកម្មភាពសម្រាប់អនុវត្តវិធានការគន្លឹះទី៥ សំដៅពង្រឹង និងលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃប្រព័ន្ធយុត្តិធម៌ ដើម្បីសម្រេចឱ្យបានចេញជាលទ្ធផលនៅក្នុងនីតិកាលទី ៧ នៃរដ្ឋសភា។

នេះជាការគូសបញ្ជាក់របស់ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាសមាជិកទី១ នៃឧត្តម-ក្រុមប្រឹក្សានៃអង្គចៅក្រមក្នុងពិធីប្រកាសផ្ទេរ និងចូលកាន់មុខតំណែងរបស់ ឯកឧត្តម ស៊ិន វិរៈ ជាព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ ជំនួសលោកជំទាវ ចាតសូ រស្មី ដែលត្រូវបានផ្ទេរភារកិច្ចទៅជាព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកោះកុង នាថ្ងៃសុក្រទី២០ ខែតុលា ឆ្នាំ២០២៣នេះ។

ឯកឧត្តម កើត រិទ្ធ បានបញ្ជាក់ទៀតថា កិច្ចការអាទិភាពគឺ ទី១៖ការបង្កើតយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដើម្បីជួយសម្រុះសម្រួលដោះស្រាយវិវាទឱ្យបានឆាប់រហ័ស ជាពិសេស វិវាទរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន, ទី២៖ ការជំរុញ និងពន្លឿនការដោះស្រាយសំណុំរឿងក្តីនៅតាមតុលាការឱ្យបានឆាប់រហ័ស និង ទី៣៖ ការត្រួតពិនិត្យ និងការដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ សំដៅជួយដោះស្រាយរកយុត្តិធម៌ជូនប្រជាពលរដ្ឋ ក៏ដូចជា ការលើកកម្ពស់តម្លាភាព សុចរិតភាព និងភាពត្រឹមត្រូវ ក្នុងការអនុវត្តច្បាប់ និងចំណាត់ការរឿងក្តីដោយតុលាការ។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តីបានបន្តថា ដើម្បីឆ្លើយតបនឹងការផ្តល់ទំនុកចិត្តដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតីនាយករដ្ឋមន្ត្រី, ក្រសួងយុត្តិធម៌បានរៀបចំផែនការសកម្មភាពសម្រាប់យុទ្ធនាការសំខាន់ៗចំនួន៣ដែលត្រូវបានចាត់ទុកជាបទបញ្ជា និងទិសដៅការងារដ៏មុតស្រួចដែលត្រូវអនុវត្តគឺ៖ ទី១៖ យុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ, ទី២៖ យុទ្ធនាការសម្រុះសម្រួលដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងទី៣៖ យុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ។

ជារួមយុទ្ធនាការដ៏មានសារៈសំខាន់ទាំង៣នេះ មានសសរស្តម្ភចំនួន ២គឺ សសរស្តម្ភទី១៖ ការកែទម្រង់លើការដោះស្រាយវិវាទក្នុងប្រព័ន្ធតុលាការ និងសសរស្តម្ភទី២៖ ការកែទម្រង់លើការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដែលសសរស្តមទាំងពីរនេះមាននៅក្នុងច្បាប់ ហើយស្របច្បាប់។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីក៏បានគូសបញ្ជាក់ជូនអង្គពិធីអំពីគោលបំណង និងភាពចាំបាច់នានាក្នុងការដាក់ចេញនូវយុទ្ធនាការទាំង៣នេះ ដែលមានខ្លឹមសារសង្ខេបដូចខាងក្រោម៖

*ទី១៖ យុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ គឺជាយុទ្ធនាការដែលមានទិសដៅធ្វើឱ្យប្រសើរឡើងនូវការផ្តល់សេវាយុត្តិធម៌ជូនដល់ប្រជាពលរដ្ឋឱ្យបានលឿន និងឆាប់រហ័ស ដែលគ្របដណ្តប់ទាំងលើរឿងក្តីរដ្ឋប្បវេណី ទាំងលើរឿងក្តីព្រហ្មទណ្ឌ និង សម្រាប់តុលាការគ្រប់ជាន់ថ្នាក់ ដោយរួមទាំងអង្គការអយ្យការផងដែរ ។

*ទី២៖ យុទ្ធនាការសម្រុះសម្រួលដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ គឺជាយុទ្ធនាការដែលមានលក្ខណៈស្របទៅនឹងស្ថានភាពជាក់ស្តែងនៅក្នុងសង្គម និងស្របតាមប្រពៃណីរបស់អ្នកស្រុកនៅកម្ពុជា និងមានមូលដ្ឋានគ្រឹះមួយដ៏ធំ គឺនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ដែលបានពន្លត់ភ្លើងសង្គ្រាមដ៏រ៉ាំរៃ និងការបែកបាក់ជាតិ ដែលកម្ពុជាទទួលបាននូវសុខសន្តិភាពពេញបរិបូរណ៍ ឯកភាពជាតិ និងការបង្រួបបង្រួមអធិបតេយ្យភាព និងបូរណភាពទឹកដី។ ជាមួយនោះ ឯកឧត្តម កើត រិទ្ធ បន្ថែមថា យុទ្ធនាការនេះមានគោលបំណងសំខាន់ៗចំនួន៤គឺ៖ ទី១៖ ជួយកាត់បន្ថយចំនួនសំណុំរឿង និងការកកស្ទះសំណុំរឿងនៅតាមសាលាជម្រះ, ទី២៖ បង្ខិតសេវាដោះស្រាយវិវាទឱ្យកាន់តែកៀកនឹងប្រជាពលរដ្ឋនៅមូលដ្ឋាន, ទី៣៖ ធានាបាននូវភាពសុខដុមរមនាក្នុងសហគមន៍ និងសង្គមជាតិ តាមរយៈការព្យាយាមសម្រុះសម្រួលផ្សះផ្សាបញ្ចប់វិវាទនៅក្រៅប្រព័ន្ធតុលាការ និងទី៤៖ ដំណោះស្រាយវិវាទតាមរយៈការសម្រុះសម្រួលផ្សះផ្សាមានភាពងាយស្រួលក្នុងការអនុវត្តដោយអាជ្ញាធរមានសមត្ថកិច្ច។ សេចក្តីព្រាងព្រះរាជក្រឹត្យស្តីពីការបង្កើត ការរៀបចំ និងកិច្ចដំណើរការរបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដែលជាយន្តការថ្នាក់ជាតិក្នុងការដឹកនាំ និង អនុវត្តយុទ្ធនាការនេះ នឹងត្រូវដាក់បញ្ចូលជារបៀបវារៈមួយ នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាពេលដ៏ខ្លីខាងមុខនេះ។ ការបង្កើតអាជ្ញាធរជាតិនេះ គឺដើម្បីបំពេញបន្ថែមលើយន្តការដែលមានស្រាប់ និងអាចឆ្លើយតបនឹងតម្រូវការរបស់ប្រជាជននៅមូលដ្ឋាន ដែលចង់បាននូវដំណោះស្រាយវិវាទមួយ និងជាដំណោះស្រាយវិវាទដែលគូភាគីវិវាទទាំងអស់អាចទទួលយកបាន ហើយអាជ្ញាធរជាតិនឹងរៀបចំឱ្យមានក្រុមចល័តចុះធ្វើការសម្រុះសម្រួលផ្សះផ្សាវិវាទរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានតែម្តង។ ទន្ទឹមនេះ, ដើម្បីធានាប្រសិទ្ធភាពខ្ពស់ក្នុងការសម្រុះសម្រួលផ្សះផ្សាវិវាទរបស់អាជ្ញាធរជាតិ ក្របខណ្ឌគតិយុត្តមួយច្បាស់លាស់ សម្រាប់កិច្ចដំណើរការនៃការសម្រុះសម្រួលផ្សះផ្សាវិវាទត្រូវបានកំណត់ ជាពិសេស កំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទ នឹងទទួលបានតម្លៃគតិយុត្តជាភស្តុតាងរឹងមាំ និងមានអានុភាពជាលិខិតអនុវត្តដូចសាលក្រម ឬសាលដីកាស្ថាពររបស់តុលាការ។

*ទី៣-យុទ្ធនាការត្រួតពិនិត្យ និង ដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ មានគោលបំណងសំខាន់ៗចំនួន ៣ គឺ៖ (១)-ការបង្កើតច្រក និងយន្តការសម្រាប់ទទួលបណ្តឹងអំពីភាពមិនប្រក្រតីនៅតាមតុលាការ ដើម្បីជួយត្រួតពិនិត្យ និង ជួយដោះស្រាយរកយុត្តិធម៌ជូនប្រជាពលរដ្ឋ ពិសេស ប្រជាពលរដ្ឋក្រីក្រ និង ជនងាយរងគ្រោះក្នុងសង្គម, (២)-ការចូលរួមដោះស្រាយភាពអយុត្តិធម៌ និង ភាពមិនប្រក្រតីក្នុងប្រព័ន្ធតុលាការ សំដៅលើកកម្ពស់ភាពយុត្តិធម៌ នៅក្នុងចំណាត់ការរឿងក្តីដោយតុលាការ និង (៣)-ការលើកកម្ពស់តម្លាភាព សុចរិតភាព ភាពស្អាតស្អំ និងភាពត្រឹមត្រូវ នៅក្នុងប្រព័ន្ធតុលាការ ។ ជារួម, យុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ ផ្តោតការយកចិត្តទុកដាក់លើការត្រួតពិនិត្យលើគុណភាពនៃសេចក្តីសម្រេចរបស់តុលាការ និងប្រសិទិ្ធភាពនៃចំណាត់ការរឿងក្តីរបស់តុលាការ។

ក្នុងពិធីផ្ទេរខាងលើ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានណែនាំ និងផ្តាំផ្ញើដល់ ឯកឧត្តម ស៊ិន វិរៈ ព្រះរាជអាជ្ញាថ្មីនៃអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ ចៅក្រម ព្រះរាជអាជ្ញារង ក្រឡាបញ្ជី អាជ្ញាសាលា និងមន្រ្តីក្នុងវិស័យយុត្តិធម៌ទាំងអស់រួមមាន៖

១៖ ត្រូវពង្រឹងប្រសិទ្ធភាពចំណាត់ការសំណុំរឿង ឱ្យបានម៉ឺងម៉ាត់ តឹងរឹង ត្រឹមត្រូវ និងតម្លាភាព ជាអាទិ៍ បទល្មើសគ្រឿងញៀន, សម្អាតប្រាក់, ជួញដូរមនុស្សនិងអាជីវកម្មផ្លូវភេទ, បទល្មើសឆក់ ប្លន់ ដើម្បីរួមចំណែកអនុវត្ត “គោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” និងត្រូវអនុវត្តទោសបន្ថែមដែលជាការបណ្តេញចេញពីកម្ពុជាចំពោះជនល្មើសជាជនបរទេស ក្រោយបញ្ចប់ការអនុវត្តទោសពន្ធនាគារ។

២៖ នៅពេលជំនុំជម្រះក្តី ត្រូវវៀរចាកអគតិទាំង ៤ ប្រការគឺ ឆន្ទាគតិ ទោសាគតិ ភយាគតិ និងមោហាគតិ និងត្រូវប្រកាន់យកសុគតិធម៌ទាំង ៥ គឺ វិរិយសម្បយុត្តិ សុចរិតយុត្តិធម៌ បញ្ញត្តិគារវោ សមទណ្ឌោ និង បញ្ញាវុធវិនិច្ឆ័យ។

៣៖ ត្រូវបន្តពង្រឹងសមត្ថភាពមន្ត្រីក្រោមឱវាទ និងមន្ត្រីអនុវត្តច្បាប់ពាក់ព័ន្ធ តាមគ្រប់មធ្យោបាយ, រៀបចំសមាសភាពមន្ត្រីដើម្បីទទួលការបណ្តុះបណ្តាលបន្ត ហើយមន្ត្រីគ្រប់រូបក្នុងវិស័យយុត្តិធម៌ ក៏ត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនជាប់ជាប្រចាំ។

៤៖ ត្រូវពង្រឹងគុណភាពនៃការតាក់តែងសាលក្រម/សាលដីកាឱ្យបានត្រឹមត្រូវតាមក្បួនខ្នាត, ងាយយល់ និងត្រូវមានសំអាងហេតុ និងសំអាងច្បាប់ជាមូលដ្ឋានរឹងមាំ ច្បាស់លាស់ គ្រប់គ្រាន់ ត្រឹមត្រូវ និងយុត្តិធម៌ ជាសាលក្រម/សាលដីកាគំរូ ស្របតាមច្បាប់ និងនីតិវិធីជាធរមាន ហើយ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏ស្នើសុំឱ្យមន្រ្តីអនុវត្តច្បាប់ដែលមានការពាក់ព័ន្ធ និងអាជ្ញាធរមានសមត្ថកិច្ច សូមមេត្តាផ្តល់កិច្ចសហការពេញលេញ ធានាឱ្យសេចក្តីសម្រេចរបស់តុលាការត្រូវបានអនុវត្តពេញលេញ និងប្រកបដោយប្រសិទ្ធភាព ដើម្បីរួមចំណែកក្នុងការពង្រឹងគោលការណ៍នីតិរដ្ឋនៅកម្ពុជា។

៥៖ ត្រូវប្រកាន់ភ្ជាប់នូវអភិក្រមដ៏ថ្លៃថ្លាទាំង ៥ របស់ សម្តេចតេជោ ហ៊ុន សែន គឺ“ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និង វះកាត់” និងអភិក្រមទាក់ទងនឹងការកែទម្រង់ទាំង ៤ របស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី គឺ “ចក្ខុវិស័យច្បាស់លាស់ ប្តេជ្ញាចិត្តខ្ពស់ ចូលរួមដោយស្មោះត្រង់ និងលះបង់” ក្នុងការអនុវត្តមុខងារ និងភារកិច្ចរបស់ខ្លួន ជាពិសេស ការត្រៀមលក្ខណៈគ្រប់បែបយ៉ាង និងការបង្ហាញនូវភាពជាអ្នកដឹកនាំ ដើម្បីចូលរួមអនុវត្តយុទ្ធនាការសំខាន់ៗទាំង៣ដែលនឹងដាក់ចេញដោយក្រសួងយុត្តិធម៌នាពេលខាងមុខ៕

អត្ថបទដែលជាប់ទាក់ទង