ប៉ូលិសខណ្ឌទួលគោកឃាត់ខ្លួនចោរលួចម៉ូតូបាន២នាក់យកទៅផ្ដន្ទាទោស

កម្លាំងការិយាល័យសហការជាមួយសមត្ថកិច្ចអធិការដ្ឋាននគរបាលខណ្ឌទួលគោកកាលពីរសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣បានស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យ២នាក់ នៅចំណុចផ្លូវលំ ភូមិ១៤ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ និងចាប់យកម៉ូតូបាន១គ្រឿង និងមួកសុវត្ថិភាព ពណ៌ ស ជាមធ្យោបាយជិះធ្វើសកម្មភាពពាក់ព័ន្ធប្រព្រឹត្តបទល្មើសអំពើលួចនៅចំណុចការដ្ឋានសំណង់ ផ្លូវលេខ៣៣៩ ក្រុម១៥ ភូមិ៤ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៣ ដើម្បីបញ្ជូនមកការិយាល័យដើម្បីសាកសួរចាត់ការតាមនីតិវិធី។

ប្រភពព័ត៌មានបានឲ្យដឹងថា ជនសង្ស័យមាន២នាក់រួមមាន៖ ១-ឈ្មោះ ហេង ជា ភេទ ប្រុស អាយុ ២៧ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ រើសអេតចាយ មានទីលំនៅផ្ទះគ្មានលេខ ផ្លូវរថភ្លើង សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ និង២-ឈ្មោះ ហួន ដា ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ រើសអេតចាយ មានទីលំនៅផ្ទះគ្មានលេខ ផ្លូវរថភ្លើង សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ចំពោះវត្ថុតាងចាប់យកបានរួមមាន៖ ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ ស៊េរីឆ្នាំ២០១២ លេខតួ និងលេខម៉ាស៊ីន៨៧៨៨២៦២ ពាក់ផ្លាកលេខមណ្ឌលគីរី១A-៣១៦២ ចំនួន ០១ គ្រឿង,មួកសុវត្ថិភាព ពណ៌ ស ចំនួន១។

ជនរងគ្រោះ មាន ឈ្មោះ វ៉ាន់ ប៊ីឡុង ភេទ ប្រុស អាយុ ២១ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មករសំណង់ ទីលំនៅបច្ចុប្បន្នស្នាក់នៅក្នុងការដ្ឋានសំណង់ ផ្លូវលេខ៣៣៩ ក្រុម១៥ ភូមិ៤ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញដែលបានបាត់ម៉ូតូម៉ាកហុងដាសេ ១២៥ ពណ៌ ខ្មៅ សេរីឆ្នាំ២០២៣ លេខតួ លេខម៉ាស៊ីន០០៦៥១១២ ពាក់ផ្លាកលេខបាត់ដំបង១AT-០៧៧២។

បើតាមប្រភពព័ត៌មានបន្តថា កាលពីរសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៣ មានករណីលួចម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ ខ្មៅ សេរីឆ្នាំ២០២៣ លេខតួ លេខម៉ាស៊ីន០០៦៥១១២ ពាក់ផ្លាកលេខបាត់ដំបង១AT-០៧៧២ នៅចំណុចការដ្ឋានសំណង់ ផ្លូវលេខ៣៣៩ ក្រុម១៥ ភូមិ៤ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ បង្កឡើងដោយជនសង្ស័យ២នាក់ ជិះម៉ូតូចំនួន១ គ្រឿង មានឈ្មោះ ហួន ដា ភេទ ប្រុស អាយុ ៣៧ ឆ្នាំជនជាតិ ខ្មែរ ជិះម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ ស៊េរីឆ្នាំ២០១២ លេខតួ និងលេខម៉ាស៊ីន៨៧៨៨២៦២ ពាក់ផ្លាកលេខមណ្ឌលគីរី ១A-៣១៦២ និងពាក់មួកសុវត្ថិភាព ពណ៌ ស ឌុបឈ្មោះ ហេង ជា ភេទ
ប្រុស អាយុ ២៧ឆ្នាំ ជនជាតិ ខ្មែរ ចេញពីផ្ទះជួលរបស់ឈ្មោះ ហួន ដា ផ្លូវរថភ្លើង សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ធ្វើសកម្មភាពលួចម៉ូតូរបស់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ។ លុះដល់វេលាម៉ោងកើតហេតុខាងលើ ជនសង្ស័យជិះម៉ូតូមកដល់ចំណុចកើតហេតុក៏បានឃើញ ទ្វារការដ្ឋានសំណង់ចំហទ្វារមិនមានចាក់សោ និងខាងក្នុងមានម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ សេរីឆ្នាំ២០២៣ លេខតួ លេខម៉ាស៊ីន០០៦៥១១២ ពាក់ផ្លាកលេខបាត់ដំបង១AT-០៧៧២ ចតទុកនៅខាងក្នុងនិងមានកូនសោម៉ូតូជាប់នឹងម៉ូតូស្រាប់ ឃើញស្ងាត់ពុំមានមនុស្ស ជនសង្ស័យឈ្មោះ ហួន ដា ក៏ឈប់ម៉ូតូរង់ចាំនៅខាងក្រៅនិងជាអ្នកមើលផ្លូវ ហើយឈ្មោះ ហេង ជា ក៏ចុះពីលើម៉ូតូរបស់បក្ខពួក ដើរចូលទៅក្នុងការដ្ឋានសំណង់ធ្វើសកម្មភាពលួចយកម៉ូតូបានសម្រេច រួចហើយបណ្តើរចេញមកខាងក្រៅ ជិះម៉ូតូដែលលួចបានគេចខ្លួន ហើយឈ្មោះ ហួន ដា ជិះម៉ូតូតាមពីក្រោយនាំគ្នាគេចខ្លួនបាត់អស់។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងចាប់យកខាងលើ ការិយាល័យកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូង រាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង