ឯកឧត្តម ណុប រ័ត្ននិមល៖ ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជន និងរាជរដ្ឋាភិបាល ដែលមានសម្ដេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃកម្ពុជា នាអាណត្តិទី៧នេះ បានធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ
ឯកឧត្តម ណុប រ័ត្ននិមល បានគូសបញ្ជាក់ថា «ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជន និងរាជរដ្ឋាភិបាល ដែលមានសម្ដេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃកម្ពុជា នាអាណត្តិទី៧នេះ បានធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ក្នុងនោះប្រជាពលរដ្ឋរស់នៅយ៉ាងសុខសាន្តប្រកបមុខរបរចិញ្ចឹមជីវិតដោយសេរី មានការសាមគ្គីគ្នាជាធ្លុងមួយឯកភាពជាតិ ខ្មែរជួយខ្មែរយ៉ាងសុខដុមរមនាផ្ដល់តែភាពញញឹមមានសុភមង្គលគ្រប់ក្រុមគ្រួសារក្រោមម្លប់សន្តិភាពសម្ដេចតេជោសែន»។
ការគូសបញ្ជាក់របស់ឯកឧត្តម ណុប រ័ត្ននិមល ជំនួយការសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានក្រុមការងារយុវជនគណបក្សចុះមូលដា្ននស្រុកកណ្ដាលស្ទឹងក្នុងឱកាសអញ្ជើញជាតំណាងឯកឧត្ដមកិត្តបណ្ឌិត ហ៊ីង ប៊ុនហៀង និងលោកជំទាវ ប៉ែន ចន្នី បានថ្លែងដូចនេះក្នុងខណៈអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ រងគ្រោះជំនន់ទឹកភៀង មកពី៤ភូម នៅក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ និងស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល នាព្រឹកថ្ងៃទី២២ តុលា ២០២៣។
នាឱកាសនោះ ឯកឧត្តម ណុប រ័ត្ននិមល បានថ្លែងថា ក្រោមម្លប់ដ៏ត្រជាក់ នៃសន្តិភាព ទើបបានធ្វើយើងមានលទ្ធភាពក្នុងកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ ឱ្យមានការរីកចម្រើនលើគ្រប់វិស័យ នៅទូទាំងប្រទេស នៅសព្វថ្ងៃនេះ។
ឯកឧត្តមបានរំលឹកថា ទីណាមានការលំបាក ទីនោះមានវត្តមានថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ជាក់ស្ដែងក្នុងកំឡុងពេលការរាលដាលជំងឺកូវីដ១៩ ប្រមុខរាជរដ្ឋាភិបាលបានស្វែងរកជំនួយ និងទិញថ្នាំវ៉ាក់សាំងពីបណ្ដាលប្រទេសជាមិត្ត ដើម្បីយកមកចាក់ជូនប្រជាពលរដ្ឋខ្មែរដោយឥតគិតថ្លៃ និងបានចុះចែកស្បៀងអាហារជូនប្រជាពលរដ្ឋនៅតំបន់បិតខ្ទប់ រាប់ពាន់គ្រួសារនៅតំបន់ទីក្រុងភ្នំពេញ និងខេត្តកណ្ដាល។
ជាមួយនោះ ឯកឧត្តមបានអំពាវនាវដល់ប្រជាពលរដ្ឋ និងមន្រ្តីបក្សទាំងអស់ ក្នុងស្រុកគងពិសី និងស្រុកកណ្ដាលស្ទឹង បន្តថែរក្សាការពារសន្តិភាព និងសមិទ្ធផលនានារបស់ជាតិ ឱ្យបានគង់វង្សស្តិតស្ថេរគង់វង្សជានិរន្ត និងបន្តការគាំទ្រ ចំពោះគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តការអភិវឌ្ឍប្រទេសតទៅទៀត។ សូមអាជ្ញាធរដែនដី និងកងកម្លាំងគ្រប់ប្រភេទ ប្រជាការពារជួយថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ តាមតំបន់កម្សាន្ត ទីវត្តអាវត្តអារាម នានាដើម្បីបង្កលក្ខណងាយស្រួលឱ្យប្រជាពលរដ្ឋធ្វើដំណើរបានគ្រប់ទីកន្លែង។
ទន្ទឹមនោះ ឯកឧត្តម ណុប រ័ត្ននិមល បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ឧបត្ថម្ភដល់ប្រជាពលរដ្ឋ ៥៦៦គ្រសារ ដែលមកពី៤ភូមិ ក្នុងឃុំព្រះនិព្វាន ស្រុកគងពិសីខេត្តកំពង់ស្ពឺ និងឃុំដើមឬស ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ក្នុង១គ្រួសាៗរ ទទួលបានអង្ករ ២២គីឡូក្រាម, មី២កេស, ត្រីខ ២យួរ និងថវិកា ២ម៉ឺនរៀល ព្រមទាំងបានឧបត្ថមដល់សាលាស្រុកកណ្តាលស្ទឹង ថវិកាចំនួន ១លានរៀល, សាលាស្រុកគងពិសី ថវិកាចំនួន ១លានរៀល និងឧបត្ថម្ភដល់មន្ត្រីក្រុមប្រឹក្សាឃុំ កងកម្លាំងមានសមត្ថកិច្ចជាច្រើនទៀត៕