ដើម្បីធានាប្រសិទ្ធភាព និងទទួលបានការជឿទុកចិត្តពីមជ្ឈដ្ឋានទូទៅ ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ស្នើឲ្យបណ្ដេញមន្ដ្រីនគរបាលចេញពីក្របខណ្ឌ បើសិនរកឃើញពាក់ព័ន្ធគ្រឿងញៀន

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី នេត សាវឿន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ស្នើចាត់វិធានការដកចេញពីក្របខណ្ឌ ចំពោះមន្រ្តីនគរបាលរូបណា ដែលប្រើប្រាស់ និងជាប់ពាក់ព័ន្ធគ្រឿងញៀន ដើម្បីធានាប្រសិទ្ធភាព នៃការអនុវត្តការងាររបស់មន្ត្រីនគរបាលប្រយុទ្ធប្រឆាំងគ្រឿងញៀនទូទាំងប្រទេស និងទទួលបានការជឿទុកចិត្តពីមជ្ឈដ្ឋានទូទៅ។

ការលើកឡើងរបស់ឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន នៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣នេះ ក្នុងឱកាសអញ្ជើញជាអធិបតីភាព ដឹកនាំកិច្ចប្រជុំប្រកាសសមាសភាពបន្ថែម របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។

ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានគូសបញ្ជាក់ថា ករណីប្រយុទ្ធប្រឆាំងគ្រឿងញៀននៅតាមបណ្ដាញស្ថាប័ន អង្គភាពនេះ កន្លងមកក្រសួងការពារជាតិ អនុវត្តបានយ៉ាងល្អ និងធ្វើការដកឈ្មោះចេញ ពីក្របខណ្ឌក្រោយមន្រ្តីយោធារបស់ខ្លួនប្រើប្រាស់គ្រឿងញៀន។

ឯកឧត្តមសន្តិបណ្ឌុតបានអះអាងថា យុទ្ធសាស្រ្តរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចាត់ទុកគ្រឿងញៀនជាមុំមួយ ឬជាស្នូលមួយ ក្នុងយុទ្ធសាស្រ្តបច្ចកោណរបស់រាជរដ្ឋាភិបាល។ សម្តេចចាត់ទុកគ្រឿងញៀននេះ ស្មើនឹងសន្តិសុខជាតិ សណ្តាប់ធ្នាប់សង្គម ដោយសារតែបញ្ហាគ្រឿងញៀននេះហើយ នាពេលអនាគតយុវជនយើង និងស្រុកយើងបាត់បង់សមត្ថភាព បាត់បង់ពលកម្ម បាត់បង់បញ្ញាញាណ និងបាត់បង់ធនធានមនុស្សជាដើម។

បន្ថែមពីលើនេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី នេត សាវឿន បានលើកឡើងថា ប្រទេសកម្ពុជា ថ្វីត្បិតតែជាប្រទេសមិនបានកែច្នៃ និងផលិតគ្រឿងញៀនក៏ពិតមែន ប៉ុន្តែកម្ពុជាត្រូវបានគេនាំចេញ និងនាំចូលឆ្លងកាត់ ខណៈបច្ចុប្បន្នមានការកើនឡើងគួរឲ្យព្រួយបារម្ភ ដូច្នេះហើយបានជាសម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្រេចបង្កើនសមាសភាពបន្ថែមរហូតដល់ ២៤ក្រសួង ស្ថាប័ន ដើម្បីរួមគ្នាទប់ស្កាត់ និងបង្រ្កាប ករណីនេះឲ្យបានក្នុងគោលបំណងថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ជាតិទាំងមូល៕

អត្ថបទដែលជាប់ទាក់ទង