សម្តេចតេជោ ហ៊ុន សែន៖ ក្នុងឋានៈជាឪពុកធំកូនពេជ្រ ខ្ញុំត្រូវតែចូលរួមរៀបចំឲ្យកូនទាំងពីរបានចូលរោងការតាមប្រពៃណី
ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រកាសផ្សំផ្គុំឱ្យលោក ឌី ពេជ្រ និងកញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន បានរៀបអាពាហ៍ពិពាហ៍ នៅខែធ្នូ ខាងមុខនេះ។
តាមរយះបណ្តាញសង្គមហ្វេសប៊ុក នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងដូច្នេះថា៖ «ដើម្បីចៀសវាងមាត់ចាបមាត់ព្រាប ដូចពាក្យចាស់លោកពោលថា មាត់វែងជាងផ្លូវជុំវិញកូនប្រុស ឌី ពេជ្រ និងកូនស្រី ហុិន ច័ន្ទនីរ័ត្ន។ ក្នុងឋានៈជាឪពុកធំកូនពេជ្រ ខ្ញុំត្រូវតែចូលរួមរៀបចំឲ្យកូនទាំងពីរ បានចូលរោងការតាមប្រពៃណី។
ថ្ងៃស្អែក ២៧ តុលា ២០២៣ ឪពុកម្តាយខាងប្រុសចូលស្តីដណ្តឹងកូនស្រី។ ថ្ងៃទី២២ ខែធ្នូ ២០២៣ កំណត់ជាថ្ងៃរៀបការដែល គ្រួសារទាំងសងខាង និងសាមីខ្លួនបានយល់ស្របតាមខ្ញុំ ដែលជាអាចារ្យធំរៀបចំពេលវេលាបែបនេះ។ ឈាមច្បាស់ជាខាប់ជាងទឹក និងសង្ឃឹមថា ពុំមានអ្នកធ្វើអត្ថាធិប្បាយណា យកទៅបកស្រាយផ្សេងពីនេះទៀតឡើយ»៕