រដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ ខ្ញុំតែងតែចងចាំ សារដាស់តឿនរបស់សម្តេចតេជោមួយឃ្លាថា «ជាតិជាមន្ត្រីល្អដាក់ខ្លួនឱ្យទាប ឬកពារឱ្យសុភាព មារយាទឱ្យខ្ពស់ កុំបាត់ម្ចាស់ការ»
ខ្ញុំតែងតែចងចាំ សារដាស់តឿនរបស់សម្តេចតេជោមួយឃ្លាថា «ជាតិជាមន្ត្រីល្អដាក់ខ្លួនឱ្យទាប ឬកពារឱ្យសុភាព មារយាទឱ្យខ្ពស់ កុំបាត់ម្ចាស់ការ» ។ ថ្ងៃនេះ ខ្ញុំបានចែករំលែកសារនេះជាមួយសិក្ខាកាមនៃសាលាភូមិន្ទរដ្ឋបាល ដែលជាមន្ត្រីជាន់ខ្ពស់ និងមន្ត្រីគ្រប់គ្រងរដ្ឋបាល ក្របខ័ណ្ឌថ្មី ឆ្នាំ២០២៣។ នេះជាការលើកឡើងរបស់ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ដែលបណ្ដាញសារព័ត៌មាន The Mirror News ទទួលបាននៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣។
ឯកឧត្តមរដ្ឋមន្ត្រី ហ៊ុន ម៉ានី បានបន្តថា ជាការពិត ការបណ្តុះបណ្តាលអភិវឌ្ឍសមត្ថភាពវិជ្ជាជីវៈមានសារៈសំខាន់ តែមន្ត្រីដែលមានឥរិយាបទការងារល្អ ការបំពេញការងារប្រកបដោយក្រមសីលធម៌ វិន័យ គុណភាព និងគុណធម៌ នឹងធានាបាននូវការឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់ប្រជាជនទាំងក្នុងពេលបច្ចុប្បន្ន និងទៅអនាគត។ មិនខុសពីអ្វី ដែលខ្ញុំតែងតែបានលើកឡើងជារឿយៗនោះទេ អ្នកដឹកនាំត្រូវការកត្តាចំនួនបី ដើម្បីជំរុញគុណភាពនៃភាពជាអ្នកដឹកនាំល្អ ក្នុងនោះរួមមាន៖ ចក្ខុវិស័យ (Vision) ជំនាញ (Expertise) និងអត្តចរិតល្អ (Character)។
ឯកឧត្តម ហ៊ុន ម៉ានី បានគូសបញ្ជាក់ថា បុគ្គលគ្រប់រូបសុទ្ធតែមានចក្ខុវិស័យផ្ទាល់ខ្លួន ដើម្បីការរីកចម្រើនទៅថ្ងៃអនាគត។ ហើយសម្រាប់ព្រះរាជាណាចក្រកម្ពុជា យើងមានចក្ខុវិស័យសម្រាប់ប្រទេសជាតិរបស់យើង នោះគឺ ចក្ខុវិស័យឆ្នាំ២០៣០ និង២០៥០។ ដើម្បីសម្រេចបានចក្ខុវិស័យទៅថ្ងៃអនាគត បុគ្គលគ្រប់រូបចាំបាច់ត្រូវមានសមត្ថភាពបច្ចេកទេសរៀងៗខ្លួន ហើយត្រូវដុសខាត់សម្រួច ចំណេះ ជំនាញរបស់ខ្លួនជាប្រចាំ។ ដោយឡែក ទោះបីជាបុគ្គលម្នាក់មានចក្ខុវិស័យ មានជំនាញតែមិនមានអត្តចរិតល្អ ក៏បុគ្គលម្នាក់នោះ មិនទាន់មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការដឹកនាំកិច្ចការនានា មានគុណភាព និងប្រសិទ្ធភាពនោះឡើយ៕