រដ្ឋមន្ត្រី ឌិត ទីណា៖ គោលនយោបាយវិស័យកសិកម្មថ្មី ផ្តោតអាទិភាពលើការដាក់ពង្រាយមន្ត្រីផ្សព្វផ្សាយកសិកម្មឃុំ ដើម្បីជួយគាំទ្រដល់កសិករក្នុងខ្សែច្រវាក់ផលិតកម្ម និងការអន្តរាគមន៍ផ្សេងៗឲ្យបានទាន់ពេលវេលា
រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម ឌិត ទីណា បានគូសបញ្ជាក់ថា « គោលនយោបាយវិស័យកសិកម្មថ្មី ផ្តោតអាទិភាពលើការដាក់ពង្រាយមន្ត្រីផ្សព្វផ្សាយកសិកម្មឃុំ ដើម្បីជួយគាំទ្រដល់កសិករក្នុងខ្សែច្រវាក់ផលិតកម្ម និងអន្តរាគមន៍ផ្សេងៗបានទាន់ពេលវេលា»។ ការបញ្ជាក់របស់ឯកឧត្តមបានធ្វើឡើងនៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយកញ្ញា Moonjung CHOI នាយកទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣នេះ។
នាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីបានបន្តថា ការជំរុញសហគមន៍កសិកម្មគំរូថ្មី ដែលមានទុននិងធនធានគ្រប់គ្រាន់ ក្នុងការធ្វើផលិតកម្មកសិកម្មក្នុងទ្រង់ទ្រាយធំ នឹងអាចធ្វើកិច្ចសន្យាជាមួយអ្នកវិនិយោគបានប្រកបដោយទំនុកចិត្ត។ លើសពីនេះទៀត កម្ពុជាមានមន្ទីរពិសោធន៍ជាតិ ដែលមានសមត្ថភាពត្រួតពិនិត្យគុណភាពផលិតកសិកម្ម ដើម្បីធានាសុវត្ថិភាពផលិតផលសម្រាប់អ្នកប្រើប្រាស់។
បើតាមឯកឧត្តមរដ្ឋមន្ត្រី ជាគោលនយោបាយគឺត្រូវធ្វើយ៉ាងណាត្រូវកាត់បន្ថយថ្លៃដើមផលិតដើម្បីឱ្យកសិករទទួលបានផលចំណេញច្រើន ដោយក្នុងនោះមានកិច្ចការមួយចំនួនដែលត្រូវការសហការចូលរួមដោះស្រាយដោយយកចិត្តទុកដាក់ ដូចជា ផ្នែកថាមពលនិងប្រព័ន្ធស្រោចស្រព តាមរបៀបឆ្លាតវៃ ព្រមទាំងការគ្រប់គ្រងគុណភាពដីកសិកម្ម។
ទាក់ទងនឹងកសិកម្មឆ្លាតវៃទំនើបនេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំឱ្យភាគីកូរ៉េ ពិនិត្យលទ្ធភាពសហការជាមួយសាកលវិទ្យាល័យកសិកម្មលើការសិក្សាស្រាវជ្រាវបន្ត។
គួរបញ្ជាក់ថា ភាគីទាំងពីរបានលើកឡើងអំពីការបន្តកិច្ចសហការបន្ថែមទៀត ធ្វើការពិនិត្យតាមដានជាមួយគ្នាក្នុងការអនុវត្តគម្រោងឱ្យមានប្រសិទ្ធភាព និងមាននិរន្តរភាពពិតប្រាកដ ដែលនឹងជួយនិងផ្តល់ប្រយោជន៍ដល់កសិករ៕