ប្រជាពលរដ្ឋក្រុងព្រះសីហនុសុខចិត្តកាត់ វ៉ៃផ្ទះចោល ដើម្បីបើកផ្លូវឲ្យធំទូលាយ ក្រោយមានការសម្របសម្រួលពន្យល់ពីអាជ្ញាធរក្រុង
ព្រះសីហនុ៖ ពិតជាបងប្អូនប្រជាពលរដ្ឋគំរូមែន ដែលហ៊ានកាត់និងវ៉ៃផ្ទះរបស់ខ្លួនចេញដើម្បីសហការជាមួយអាជ្ញាធរមូលដ្ឋានក្រុងព្រះសីហនុដោយធ្វើការបើកផ្លូវឲ្យបានធំទូលាយ ងាយស្រួលធ្វើដំណើរ និងងាយស្រួលដល់អាជ្ញាធរមានសមត្ថកិច្ចជួយអន្តរាគមន៍បានទាន់ពេលវេលាក្នុងករណីមានគ្រោះអគ្គិភ័យកើតឡើងដោយប្រការណាមួយ។ នេះបើតាមប្រភពដែលបណ្ដាញសារព័ត៌មាន The Mirror News ទទួលបាននៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៣។
ប្រភពបានបន្តថា មានបងប្អូនប្រជាពលរដ្ឋរស់នៅតាមបណ្តោយផ្លូវគឺម្តុំក្រោយសាលាសង្កាត់លេខ៤ ដែលស្ថិតនៅភូមិ៥ សង្កាត់លេខ៤ បានចូលរួមសហការ និងផ្តល់ភាពងាយស្រួលដល់អាជ្ញាធរក្រុងព្រះសីហនុ ដេីម្បីបេីកផ្លូវតាមប្លង់ជាលក្ខណៈប្រព័ន្ធ សម្រួលដល់ការធ្វេីដំណេីរទៅមក និងសង្គ្រោះបន្ទាន់ករណីមានអគ្គីភ័យ ឬឧបទ្ទវហេតុផ្សេងៗក្នុងតំបន់នោះ។
ជុំវិញព័ត៌មានខាងលើ បើតាមលោក ស កក្ដដា អភិបាលក្រុងព្រះសីហនុបានប្រាប់ឲ្យបណ្ដាញសារព័ត៌មាន The Mirror News ដឹងនៅរសៀលនេះតាមប្រព័ន្ធទូរស័ព្ទថា ដោយមានកិច្ចសហកាល្អរវាងបងប្អូនប្រជាពលរដ្ឋជាច្រើនគ្រួសារដែលបានរងផលប៉ះពាល់និងរដ្ឋបាលក្រុងព្រះសីហនុ ក្រោយពួកគាត់បានឈ្វេងយល់គ្រប់ៗគ្នាពីសារៈសំខាន់នៃការបើកផ្លូវដើម្បីធ្វើការអភិវឌ្ឍក្រុង ក្រោយពីមានការសម្របសម្រួលពន្យល់ពីរដ្ឋបាលក្រុង រហូតធ្វើឲ្យពួកគាត់យល់ព្រមបើកផ្លូវថ្មីមួយខ្សែនេះទាំងអស់គ្នា។
លោក ស កក្កដា បានបន្តឲ្យដឹងទៀតថា ចំពោះផ្លូវថ្មីមួយខ្សែខាងលើនេះ មានប្រវែង១៤០ម៉ែត្រ និងទទឹង៦ម៉ែត្រ ហើយរដ្ឋបាលក្រុងនឹងធ្វើការចាក់បេតុងជូនពួកគាត់ឲ្យបានល្អស្អាត។
ជាមួយគ្នានោះដែរ លោកអភិបាលក្រុងព្រះសីហនុក៏បានសូមធ្វើការកោតសរសើរដល់បងប្អូនប្រជាពលរដ្ឋដែលបានយោគយល់សហការដើម្បីធ្វើឲ្យក្រុងព្រះសីហនុកាន់តែមានភាពល្អប្រសើរព្រោះថា ក្រុងព្រះសីហនុជាក្រុងមួយដែលជាប់ចំណាត់ថ្នាក់លេខ១ ជាទីក្រុងស្អាតនាពេលបច្ចុប្បន្ននេះ។
ទន្ទឹមនោះ លោក ស កក្កដា ក៏សូមថ្លែងអំណរគុណ ដល់បងប្អូនប្រជាពលរដ្ឋ ដែលបានចូលរួមសហការបេីកផ្លូវតាមប្លង់លក្ខណៈប្រព័ន្ធ ក្នុងគោលដៅជំរុញការអភិវឌ្ឍទីក្រុងរបស់យេីង៕ ដោយ៖ ការីនិពន្ធ