នាយករដ្ឋមន្ដ្រី ហ៊ុន ម៉ាណែត៖ «បក្ខពួកខ្ញុំ មាន១៧លាននាក់ ហើយអ្នកមានអំណាចពិតប្រាកដ គឺប្រជាពលរដ្ឋតែម្តង»

នាយករដ្ឋមន្រ្តីនៃកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានឆ្លើយតបចំពោះការចោទប្រកាន់ថា សម្តេចអភិវឌ្ឍប្រទេសតែសម្រាប់បក្ខពួក និងអ្នកមានអំណាចប៉ុណ្ណោះ។ ចំពោះការចោទប្រកាន់នេះ សម្តេចបកស្រាយថា បក្ខពួករបស់សម្តេច គឺប្រជាជនកម្ពុជា១៧លាននាក់ ហើយអ្នកដែលមានអំណាចនៅក្នុងចិត្តរបស់សម្តេច នោះគឺប្រជាពលរដ្ឋខ្មែរតែម្តង។

សម្តេចធិបតីបានលើកឡើងបែបនេះ នៅក្នុងពិធីចុះជួបសំណេះសំណាលជាមួយ កម្មករនិយោជិតប្រមាណជិត២ម៉ឺននាក់ មកពីរោងចក្រសហគ្រាស៣២ ក្នុងខណ្ឌមានជ័យ និងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣នេះ។

មុនមានការបកស្រាយបែបនេះ ក្រុមប្រឆាំងបានវាយប្រហារចំពោះប្រជាប្រិយភាពរបស់សម្តេចតាមបណ្តាញវិទ្យុរបស់ពួកគេ ដោយចោទថា ធ្វើការអភិវឌ្ឍប្រទេសសម្រាប់តែបក្ខពួកសម្តេច និងអ្នកមានអំណាច។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបកស្រាយដូច្នេះថា៖ «សម្រាប់ខ្ញុំ គឺខ្ញុំផ្តល់សម្រាប់បក្ខពួកខ្ញុំ ១៧លាននាក់​ ហើយអ្នកមានអំណាច គឺប្រជាពលរដ្ឋហ្នឹងឯង ដែលជាអ្នកមានអំណាចផ្តល់សិទ្ធិ ផ្តល់ឱកាសឱ្យគណបក្សប្រជាជនកម្ពុជា ដឹកនាំប្រទេស»។

សម្តេចនាយករដ្ឋមន្ដ្រីកម្ពុជា បានចាត់ទុកក្រុមប្រឆាំងទាំងនោះថា មើលការដឹកនាំរបស់សម្តេចក្នុងទស្សនៈចង្អៀតចង្អល់ ហើយការមើលដោយចង្អៀតចង្អល់នេះហើយ ទើបគណបក្សរបស់ពួកគេមិនដែលទទួលជ័យជំនះ។

សម្តេចធិបតីបានបន្ថែមថា បើសិនជាប្រជាពលរដ្ឋមិនផ្តល់ការគាំទ្រគណបក្សប្រជាជនកម្ពុជា ម្តេចក៏ការបោះឆ្នោតកន្លងទៅនេះ មានប្រជាពលរដ្ឋជាង៨២ភាគរយ ក្នុងចំណោមអ្នកបោះឆ្នោត បានផ្តល់ការគាំទ្រដល់គណបក្សប្រជាជនកម្ពុជា ដើម្បីបន្តបម្រើពួកគាត់៕

អត្ថបទដែលជាប់ទាក់ទង