ស្នងការខេត្តព្រៃវែងមានមហិច្ឆតាលុបបំបាត់ក្មេងទំនើង និងអំពើលួចឱ្យអស់ពីទឹកដីខេត្តព្រៃវែង ទោះដឹងថាវាជារឿងមហាសែនពិបាក
«ខ្ញុំមានមហិច្ឆតាលុបបំបាត់ក្មេងទំនើង និងអំពើលួចឱ្យអស់ពីទឹកដីខេត្តព្រៃវែង ទោះដឹងថាវាជារឿងមហាសែនពិបាក ប៉ុន្តែមិនមានន័យថា មិនអាចធ្វើបាននោះទេ! តាមរយៈទំនើបកម្មកន្លែងធ្វើការងារ និងបំពាក់បំប៉នចំណេះដឹងបន្ថែមដល់មន្ត្រី នោះរឿងល្អៗនឹងកើតមានឆាប់សម្រាប់ប្រជាជនខេត្តព្រៃវែង ភាពស្មោះត្រង់នឹងបង្កើតរឿងអច្ឆរិយៈ»។ នេះជាការអះអាងរបស់លោកឧត្ដមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែងនៅលើបណ្ដាញសង្គមហ្វេសប៊ុកដែលបណ្ដាញសារព័ត៌មាន The Mirror News ទទួលបាននៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣។
នៅលើហ្វេសប៊ុក លោកឧត្ដមសេនីយ៍ទោ ឈឿន ប៊ុនឆន បានលើកឡើងទៀតថា លទ្ធផលថ្មីមួយទៀតកើតចេញការប្រឹងប្រែងរួមគ្នារវាងលោក និងមន្ត្រីក្រោមឱវាទ វាមិនមែនជាសមិទ្ធិផលចុងក្រោយនោះទេ។
គួររំលឹកថា លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ត្រូវបានប្រកាសឲ្យចូលកាន់តំណែង ជាស្នងការនគរបាល ខេត្តព្រៃវែង ជំនួសលោកឧត្តមសេនីយ៍ទោ ព្រំ សន្ធរ ដែលត្រូវបានតែងតាំងជាអគ្គស្នងការរងនគរបាលជាតិ កាលពីព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ នៅក្នុងសាលប្រជុំសាលាខេត្តព្រៃវែង ក្រោមអធិបតីភាពលោកនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ៕