លោកជំទាវ មិថុនា ភូថង ប្រកាសជូន៤លានរៀលដល់អ្នកដែលបានផ្តល់អត្តសញ្ញាណជនដែលបានយកដំបងជ្រុងវាយសំពងក្បាលកូនឈ្លូសកំពុងហែលទឹកទៅរកដីគោកបណ្តាលឱ្យស្លាប់

សូមគោរពជ្រាបជូនដំណឹងដល់សាធារណជនទាំងអស់មេត្តាជ្រាបថា៖ ពាក់ព័ន្ធករណីជនដែលបានប្រព្រឹត្តអំពើមិនគប្បី ខ្វះសីលធម៌ អគតិធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សង្គមគួរឱ្យស្អប់ខ្ពើមបំផុត បានយកដំបងជ្រុងវាយសំពងក្បាលកូនឈ្លូសដែលកំពុងហែលទឹកទៅរកដីគោកបណ្តាលឱ្យស្លាប់បាត់បង់ជីវិតនៅហ្នឹងកន្លែង។ នេះជាការលើកឡើងរបស់លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុងនៅលើបណ្ដាញសង្គមហ្វេសប៊ុកដែលបណ្ដាញសារព័ត៌មាន The Mirror News ទទួលបាននៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣។

លោកជំទាវអភិបាលខេត្តបន្តថា ពាក់ព័ន្ធករណីខាងលើ លោកជំទាវសូមលើកទឹកចិត្តជាថវិកាចំនួន៤,០០០,០០០រៀលដល់អ្នកដែលបានផ្តល់ព័ត៌មានអត្តសញ្ញាណរបស់ជនដែលបានប្រព្រឹត្តអំពើអមនុស្សធម៌នូវភិនភាគរូបរាងដូចដែលមាននៅក្នុងវីដេអូនេះ។ ចំពោះអ្នកដែលបានផ្តល់ព័ត៌មាននេះ លោកជំទាវនឹងរក្សាទុកជាការសម្ងាត់។

ជាមួយនោះ លោកជំទាវ មិថុនា ភូថង បានបន្តទៀតថា អាស្រ័យហេតុនេះ សូមសាធារណជន ជាពិសេសអ្នកដែលបាននៅក្នុងហេតុការណ៍នោះ មេត្តាចូលរួមជាមួយអាជ្ញាធរមានសម្ថកិច្ច ដើម្បីឈានទៅរកការចាប់ខ្លួនជននោះ យកមកផ្តន្ទាទោសតាមច្បាប់ ដោយគ្មានការលើកលែងឡើយ៕

អត្ថបទដែលជាប់ទាក់ទង